មេធាវី៖ មិនអនុញ្ញាតឲ្យសួរសុខទុក្ខលោក កឹម សុខា គឺជាការរឹតត្បិតសិទ្ធិជនត្រូវចោទ

មេធាវី​ការពារ​ក្ដី​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ បាន​លើក​ថា កា​រមិន​អនុញ្ញាត​ឲ្យ​ក្រុម​តំណាង​រាស្ត្រ​ចូល​ជួប​សួរ​សុខទុក្ខ​កូន​ក្ដី​របស់​លោក គឺ​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ជន​ត្រូវ​ចោទ​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។

នៅ​ក្នុងលិខិត​ផ្ញើ​ទៅ​លោក គី ឬទ្ធី ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​នោះ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​ខេត្ត​កំពង់ចាម លោក ម៉ៅ មុនីវណ្ណ និង​តំណាងរាស្ត្រ​ ១១​រូប​ផ្សេង​ទៀត បាន​ស្នើ​ចូល​ជួប និង​សួរ​សុខ​ទុក្ខ​លោក កឹម សុខា នៅ​​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​សប្ដាហ៍​ក្រោយ​នេះ។

ប៉ុន្តែ នៅ​ក្នុង​លិខិត​ឆ្លើយ​តប​ទៅ​នឹង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចុះ​​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​ដដែល​នោះ ចៅក្រម លោក គី ឬទ្ធី បាន​​បដិសេធ​ទៅ​នឹង​សំណើ​នេះ ដោយ​លើក​ហេតុ​ផល​ថា សំណុំ​រឿង​លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​សួរ និង​ស្រាវ​ជ្រាវ​ប្រមូល​ភស្តុតាង។

មេធាវីការពារក្ដី​មេ​បក្ស​ប្រឆាំង​រូប​នេះ គឺ​លោក សំ សុគង់ បាន​លើកឡើងថា ការមិនអនុញ្ញាតិឲ្យក្រុម​តំណាង​រាស្ត្រ​ចូល​ជួប​​លោក កឹម សុខា គឺជាការរឹតត្បិតសិទ្ធិរបស់ជនត្រូវចោទ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ​ស្តី​ពី​ការ​អនុញ្ញាត​ឲ្យ​ជួប​សាច់​​ញាតិ បងប្អូន ឬ មិត្តភក្តិក្រោយឃុំខ្លួនរយៈពេល ២៤ម៉ោង ទាក់ទងនឹងបទល្មើសជាក់ស្ដែង។

លោក សំ សុគង់ បន្តថា ទោះបីជនត្រូវចោទស្ថិតក្នុងដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្ន​រយៈពេល ៦​ខែ ដើម្បី​ស៊ើបសួរ និងប្រមូលភស្តុតាង​ ដូចការលើកឡើងរបស់តុលាការ​ក្ដី ក៏ជនត្រូវចោទ​មានសិទ្ធិអាចជួបប្រាស្រ័យ​ទាក់ទង​និង​សួរសុខទុក្ខពីសាច់ញាតិ ឬសមាជិក​បក្សបានដែរ។

លោក សំ សុគង់ លើកឡើងបន្ថែមថា ក្នុងរដ្ឋធម្មនុញ្ញស្តីពីសិទ្ធិនយោបាយ និង​សិទ្ធិពលរដ្ឋ ក្នុង​ដំណាក់កាល​នៃការ​ស៊ើបសួរនេះ កូនក្ដីលោកគឺ លោក កឹម សុខា ក៏នៅមានសិទ្ធិដូច​ប្រជាពលរដ្ឋ វាលែងតែសិទ្ធិនៃការដើរហើរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិលោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​កន្លងម​ក​នេះ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ជាប់​ព្រំដែន​វៀតណាម ដោយ​ត្រូវ​បាន​រដ្ឋាភិបាលចោទ​ថា «ក្បត់ជាតិ» ពាក់​ព័ន្ធ​នឹង​សម្ដី​មេ​បក្ស​ប្រឆាំង​រូប​នេះ ដែល​បាន​ថ្លែង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី អំពី​ការ​គាំ​ទ្រ​ខាង​ប្រជាធិបតេយ្យ​ពី​សំណាក់​ប្រទេស​អាមេរិក។

បន្ទាប់​ពី​មេដឹកនាំ​របស់​ពួកគេ​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​រួច​មក ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​ដាក់​ពាក្យ​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ម្ដង​រួច​មក​ហើយ​កាល​ពី​​ថ្ងៃ​ទី​០៦ ខែ​កញ្ញា​កន្លង​មក​នេះ ដើម្បី​ចូល​សួរ​សុខ​ទុក្ខ​លោក កឹម សុខា។

នៅ​ពេល​ធ្វើ​ដំណើរ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​លោក កឹម សុខា នៅ​ឯ​ពន្ធនាគារ​ត្រពាំង​ផ្លុង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​មេដឹកនាំ​របស់​ពួកគេ​នោះ​ឡើយ ខណៈ​ដែល​កម្លាំង​សន្តិសុខ​ចម្រុះ​រាប់​រយនាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំ​វិញ​បរិវេណ​ពន្ធនាគារ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ