គ.ជ.ប ផ្អាកការចុះឈ្មោះបោះឆ្នោតនៅថ្ងៃបុណ្យភ្ជុំ ខណៈកម្មករសម្រុកទៅស្រុកកំណើត

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងផ្អាកដំណើរការចុះឈ្មោះបោះឆ្នោតចំនួន៣ថ្ងៃ ដោយថា ដើម្បីអនុញ្ញាតឲ្យមន្ដ្រីចុះឈ្មោះ ឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ករណីនេះ អ្នកឃ្លាំមើល យល់ថា កម្មករ នឹងបាត់បង់ឱកាស ដើម្បីចុះឈ្មោះបោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យ VOD ដឹងនៅថ្ងៃចន្ទទី១៨កញ្ញា នេះ ថា មន្ដ្រីចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់នានាទូទាំងប្រទេស នឹងឈប់សម្រាក ដើម្បីជួបជុំគ្រួសារ ក្នុងពេលបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២កញ្ញាឆ្នាំ២០១៧។

លោក ហង្ស ពុទ្ធា អះអាងបន្តថា ការអនុញ្ញាតឲ្យមន្ត្រី គ.ជ.ប ឈប់សម្រាកនេះ មិនប៉ះពាល់ដល់ដំណើរការចុះឈ្មោះបោះឆ្នោតនោះទេ ដោយថា ពលរដ្ឋ ដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ក្នុងឆ្នាំ២០១៧ មានតែជាង១.៦លាននាក់ ពោលគឺតិចជាងឆ្នាំ២០១៦ ដែលមានដល់ទៅជាង ៩លាននាក់។

លោកថា៖ «ការចុះឈ្មោះលើកមុន ជាការរៀបចំបញ្ជីបោះឆ្នោតថ្មី ប៉ាន់ប្រមាណថាមនុស្ស៩លាននាក់ ប៉ុន្ដែលើកនេះ គឺមានតែ១លាននាក់ជាងទេ អត់ទេ អត់មានបន្ថែមថ្ងៃទេ បាទ គ្រាន់តែជាការបញ្ចេញមតិ ហើយអ្វីដែល គ.ជ.ប ធ្វើ មិនមែនជារឿងអាថ៌កំបាំងទេ អញ្ចឹងពលករ គាត់អញ្ជើញមកមុនហ្នឹងតិច ទៅវិញក្រោយតិច គាត់អាចប្រើប្រាស់ពេលវេលា ដើម្បីចុះឈ្មោះបានហើយ។​ ហើយម្យ៉ាង ច្បាប់ថ្មី គាត់អាចចុះឈ្មោះ នៅក្បែរកន្លែងការងារគាត់ក៏បានដែរ»។

មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា​​ លោក មានការសោកស្ដាយ ដែល គ.ជ.ប អនុញ្ញាតឲ្យមន្ដ្រីចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ ឈប់សម្រាកនៅអំឡុងបុណ្យភ្ជុំបិណ្ឌ។ លោកយល់ថា នេះជាឱកាសមួយ ដែលក្រុមកម្មករ កម្មាការិនី អាចទៅលេងស្រុកកំណើត និងចុះឈ្មោះបោះឆ្នោត។

លោកស្នើថា គ.ជ.ប គួរណែនាំឲ្យមន្ដ្រីចុះឈ្មោះធ្វើការ ១ ឬ ២ថ្ងៃ ក្នុងឪកាសបុណ្យភ្ជុំនេះ ដោយថា ដើម្បីឲ្យកម្មករ ឆ្លៀតពេលទៅចុះឈ្មោះបោះឆ្នោត ខណៈលោកសង្កេតឃើញថា ចំនួនអ្នកបានទៅចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០១៧នេះ មានចំនួនតិចនៅឡើយ។

លោកថា៖ «ចំណុចនេះ យើងអាចសុំ គ.ជ.ប គួរតែបន្ថែម បើមិនបានច្រើនទេ ក៏បាន១ថ្ងៃ ក៏ល្អដែរ ដើម្បីបង្កើន ព្រោះយើងឃើញថា សន្ទុះនៃការចុះឈ្មោះបោះឆ្នោតហ្នឹង នៅក្នុងឆ្នាំ២០១៧ហ្នឹង គឺយឺតមែនទែន អញ្ចឹង ១លាននាក់ជាងហ្នឹង គឺមិនអាចគ្រប់ទេ អញ្ចឹងហើយឱកាសនៃការចុះឈ្មោះច្រើន គឺមានតែថ្ងៃភ្ជុំមួយហ្នឹងទេ…ជាសំណូមពរ គឺថា គ.ជ.ប គួរតែពិចារណាអាចបន្ថែម១ថ្ងៃ នៅថ្ងៃភ្ជុំនេះ ក៏បានដែរ បើថាមិនបានពី២ ទៅ៣ថ្ងៃទេ»។

ករណីនេះ លោក ហង្ស ពុទ្ធា អះអាងថា គ.ជ.ប ប្រាប់ឲ្យមន្ដ្រីរបស់ខ្លួន ធ្វើការមួយថ្ងៃ នៅក្នុងឱកាស ឈប់សម្រាករយៈពេល៣ថ្ងៃ នៅថ្ងៃបុណ្យភ្ជុំនោះ។

ចំពោះ ប្រធាន​សហព័ន្ធ​សហជីព​ចលនាកម្ម​ករ​ លោក ប៉ាវ ស៊ីណា យល់ថា កម្មករ កម្មការិនី រោងចក្រភាគច្រើន មិនសូវគិតគូពីការចុះឈ្មោះឆ្នោត នៅថ្ងៃបុណ្យភ្ជុំនេះទេ។ ប៉ុន្ដែលោកសង្ឃឹម ថា គ.ជ.ប នឹងផ្ដល់រយៈពេលឈប់សម្រាកបន្ថែម ដូចកាលពីអាណត្តិមុន ដើម្បីឲ្យពួកគេអាចមកចុះឈ្មោះ និងមកបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំ ដែលពួកគេពេញចិត្ត។

លោកថា៖ «បើសិនជាអញ្ចឹងមែន ខ្ញុំគិតថា វាអត់មានទេ ពីព្រោះថា ទៅធ្វើការរបៀបម៉េច បើសិន គជប ប្រកាសឲ្យមន្ដ្រីគាត់ឈប់សម្រាកហើយ គាត់ចង់ចុះឈ្មោះ ក៏មិនដឹងទៅចុះជាមួយខាងណាដែរ។ ខ្ញុំគិតថា មិនទាន់ទេ ប៉ុន្ដែខ្ញុំសង្ឃឹមថា គ.ជ.ប នឹងអនុវត្តដូចអ្វី ពីមុនៗ ដែលធ្លាប់បានធ្វើ អាណត្តិមុនៗ ដែរ ដែលលោកបានចេញលិខិត ឲ្យកម្មករនិយោជិតបានឈប់សម្រាក ដើម្បីឲ្យគាត់បានមានឱកាសបានទៅចុះឈ្មោះបោះឆ្នោត»។

ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៧។

របាយការណ៍ ឲ្យដឹងថា រយៈពេល១៨ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១កញ្ញា គ.ជ.ប អះអាងថា បានចុះឈ្មោះបោះឆ្នោតដល់ពលរដ្ឋចំនួនជាង១សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ