វិភាគ៖ តើកម្ពុជាគួរដើរផ្លូវណា កុំឲ្យរបបកាប់សម្លាប់វិលមកវិញ?

(FB: លោក ហ៊ុន សែន)

កម្តៅនយោបាយនៅកម្ពុជានៅពេលនេះ ត្រូវបានអ្នកតាមដានដាក់ការព្រួយបារម្ភថា បាន​ដើ​រដ​ល់ផ្លូវបំបែកមួយ ដោយចោទជាសំនួរថា តើអាចបន្តជំរុញយន្តការប្រជាធិបតេយ្យ ឬអាចវិលទៅ​រករបប​ដឹកនាំ​បែ​​ប​កុ​ម្មុ​​​យនិស្ត ដូចពីអតីតកាល។

ការព្រួយបារម្ភរបស់អ្នកតាមដាននេះ ដោយសារតែកម្តៅការទូតរវាងសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិមួយចំនួនទៀតជាមួយរដ្ឋាភិបាលកម្ពុជា កំពុងតែតានតឹងឡើង។

កម្តៅការទូតរវាងកម្ពុជានិងសហគមន៍អន្តរជាតិ ដែលមិនធ្លាប់មានជាង២០ឆ្នាំមកនេះ បាន​កើតឡើងក្រោយពីមជ្ឈដ្ឋានទូទៅមើលឃើញថា រដ្ឋាភិបាលកម្ពុជាហាក់បានបញ្ជាឲ្យបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បិទកា​សែ​តមិ​នចំណុះនឹងរដ្ឋាភិបាល គំរាមក្រុមអង្គការឃ្លាំមើលការបោះឆ្នោត និងចា​ប់ខ្លួនមេដឹ​កនាំ​បក្សប្រឆាំងលោក កឹម សុខា ជាដើម។

បើទោះបីជាពេលនេះ មានប្រទេសលោកសេរី មិនតិចជាង៤០ទេ បានរិះគន់និងខ្លះទៀ​តថ្កោល​​ទោស ពីចំណាច់ការនេះក៏ដោយ និងជំរុញឲ្យរដ្ឋាភិបាល ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងត្រូ​វបើក​ចំហលំហូប្រជាធិបតេយ្យឡើងវិញក៏ដោយ ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅ​តែ​​​អះអាងថា ចំណាត់ការផ្សេងៗ រួមទាំងចាប់ខ្លួនលោក កឹម សុខា ផងថាជា​វិធានកា​​រតាមច្បាប់។

ការអះអាងផ្ទុយគ្នារវាងរដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិនេះ ហាក់បង្កឲ្យកម្តៅ​ន​យោ​​បាយ និងកម្តៅការទូត បានបង្កភាពតានតឹងជាបន្តបន្ទាប់។

ជាការកត់សម្ភាល់ ក្រោយ​ពីសហរដ្ឋអាមេរិក ​ប្រកាសដាក់​ទណ្ឌកម្មឈប់ផ្តល់ទិ​ដ្ឋា​​​កា​​​រដ​ល់​មន្ត្រី​ក​​​ម្ពុ​​​​​​ជា​​​​​នៅ​ក្រសួងការបរទេស ចាប់ពីថ្នាក់អគ្គនាយករហូតដល់មន្ត្រីជាន់ខ្ពស់ និងក្រុមគ្រួ​សា​ររួច​​ម​ក​​​​​នោះ​ លោក ហ៊ុន សែន ក៏ប្រកាសតបវិញថា កម្ពុជានឹ​ងផ្អាកកិច្ច​​ស​ហ​​​​​​កា​ប​ណ្តោះ​អា​ស​ន្នជាមួយអាមេរិក ពីការបន្តរុករក​ឆ្អឹងទា​​​​ហាន​​អាមេរិ​ក ​​ដែ​លស្លាប់នៅកម្ពុជា ក្នុង​សម័​យស​ង្គ្រា​ម​​​​​វៀត​​​ណាម។

បើគេក្រលេកមើលអតីតកាលរបស់កម្ពុជាវិញ គេនឹងដឹងថាកម្តៅការទូតជាមួយប្រ​ទេស​លោ​ក​​សេ​រី រួមទាំងសហរដ្ឋអាមេរិកផងនោះ មិនមែនជារឿងថ្មីរបស់របស់​កម្ពុជាទេ។

នៅ​​ទស​វត្សរ៍៧០ កម្ពុជាបានផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ហើយហក់​ទៅគាំទ្រមហា​អំ​ណា​​​​​ចចិនតែមួយ។ ការ ដែលកម្ពុជាហក់ចេញពីប្រទេ​សលោក​សេរី ទៅគាំទ្រតែមហាអំណាចិតតែមួយ ពេលនោះកម្ពុ​ជា​​បា​ន​​រ​​អិ​​​លធ្លា​ក់ក្នុងវិនាសកម្មនៃសង្គ្រាមហែកហួរ កាប់សម្លាប់គ្នា ដើម្បី​ដណ្តើម​អំ​​ណាច។

​ប៉ុន្តែសង្គ្រាមហែកហួរនោះ ​បានបញ្ចប់ទៅវិញ ក្រោមឥទ្ធិពលនៃកិ​ច្ចព្រមព្រៀងស​ន្តិភាពទីក្រុ​ង​​​ប៉ារី​ស១៩៩១ ដែលមានប្រទេស១៨ រួមទាំងមហាអំណាចលោកសេរីផងចុះហត្ថលេខាគាំទ្រ។ កិ​ច្ច​ព្រ​​​​​មព្រៀ​ង​នោះហើយ បាន​បើកផ្លូវឲ្យសហគ​មន៍អន្តរជាតិ ហក់ចូលកម្ពុជាម្តងទៀត ដើម្បី​​ជួ​​​​​យ​កសាងប្រទេសក្រីក្រមួយនេះឡើងវិញ និងបានជំរុញឲ្យប្រទេសនេះ ដើរលើ​គន្លងប្រ​​ជាធិប​តេ​​​យ្យ​។

កម្តៅការទូតនៅពេលនេះមានសំនួរជាច្រើនសួរថា តើកម្ពុជាត្រូវដើរលើ​ផ្លូវណា ដើម្បីកុំ​ឲ្យ​រប​​​បកា​ប់​​​​សម្លាប់វិលមកវិញ?

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថារបត់ដឹកនាំបច្ចុប្បន្ននេះ ហាក់កំពុងឆ្នៃពីប្រជាធិបតេយ្យ ទៅរបៀបដឹកនាំបែបកុម្មុយនីស្តនិយម។

លោកថា៖ «ខ្ញុំឃើញមានការវិវឌ្ឍមួយ ផែនការយុទ្ធសាស្ត្រនេះ គឺកែប្រែប្រព័ន្ធគ្រប់គ្រងរដ្ឋ ដែល​មានចែងក្នុងរដ្ឋធម្មនុញ្ញ ឲ្យទៅជាប្រព័ន្ធមួយ ដូចប្រព័ន្ធប្រទេសកុម្មុយនិស្តវៀតណាមនិងចិ​ន ហើយទុកឲ្យមានលំនាំពហុបក្ស ឲ្យមានគណបក្សតូចៗ ខ្សោយ គឺទុកឲ្យបក្ស​មួយដឹ​កនាំ​​រហូតអញ្ចឹងទៅ»។

ប៉ុន្តែ លោក ឡៅ ម៉ុងហៃ វិភាគថា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានបើ​កផ្លូ​វ​ឲ្យ​មហាអំណាចគ្រប់និន្នាការ ឧបត្ថម្ភជួយដល់កម្ពុជា ក្នុងការស្ថា​បនាជាតិឡើងវិញ លោក​ថាដូចនេះ កម្ពុជាគួរតែដើរលើគន្លងប្រជាធិបតេយ្យ។

លោកថា៖ «យកល្អ វិលមករកប្រក្រតីឡើងវិញ ដូចដែលមា​នចែងក្នុង​កិច្ចព្រ​មព្រៀ​ងទីក្រុងប៉ារីស និង​រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា គឺមានការគោរព​អនុវត្តលទ្ធិប្រជាធិ​បតេយ្យ កា​រគោរពសិទ្ធិមនុស្ស និ​ងកា​រគោ​រពអនុវត្តនីតិរដ្ឋ»។

អ្នកវិភាគនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា វិភាគថា បើទោះបីជាពេលនេះ រ​ដ្ឋា​​​ភិ​បាលមានខ្នងបង្អែក ពីមហាអំណាចកុម្មុយនិស្តចិន ប៉ុន្តែលោកថា កម្ពុជាក៏អា​ចងាកចេ​ញ​ពី​​ម​ហាអំណាចលោកសេរីដែរ ដោយថា ដង្ហើមសេដ្ឋ​កិច្ចរបស់កម្ពុជាពេលនេះ ​នៅពឹងផ្អែ​កទៅ​លើ​​​​​​ប្រ​​ទេ​​សលលោកសេរីនៅឡើយនោះ។

លោកថា៖ «គេអាចដាក់ទណ្ឌកម្មតាមរយៈផ្តាច់ជំនួយ តាមរយៈបិទទីផ្សារ មិនឲ្យកម្ពុជា នាំទំនិញ​អីចូលទីផ្សារគេ។ ​អាហ្នឹង ជាយន្តការដែលកម្ពុជាយើងជួបឧបសគ្គទាំងអស់។ ពីព្រោះ​កម្ពុជាយើង យើងត្រូវការជំនួយ ដើម្បីចាយប្រចាំឆ្នាំ ឬការអភិវឌ្ឍប្រទេស ហើយកម្ពុ​ជាត្រូ​​វកា​រទីផ្សា​រនាំ​ចេញផ​លិតផលវាយនភ័ណ្ឌកាត់ដេរ។ អញ្ចឹងបើយើងអត់មាន​ស្អីនាំចេ​ញ​ កម្ពុ​ជានឹងជួ​បការ​លំបា​ក​ កម្មករ៧០ម៉ឺននាក់ទៅណា? នេះជាបញ្ហាដែលកម្ពុជាត្រូ​វប្រឈ​ម​​មុខដោះ​​ស្រាយ​ដែរ»។

របាយការណ៍សកល ផ្នែកសេដ្ឋកិច្ចចេញផ្សាយដោយចក្រភពអង់គ្លេស OEC បានបង្ហាញថា ប្រទេស​បី​ដែល​កម្ពុជានាំ​​ចេញ​ផលិផលធំ​បំផុតនោះគឺ ​សហរដ្ឋអាមេរិក​ ​អង់គ្លេស​ និងអាល្លឺម៉ង់​ ដោ​​​យមានទឹកប្រាក់​៦,៥ ​ពាន់លាន​ដុល្លារ​ ប៉ុន្តែប្រទេស​បី ​ដែល​កម្ពុជានាំចូល​មកវិញ​ ធំ​បំផុតគឺ ចិន ថៃ​​ និង​វៀតណាម​ ដែលមានទឹកប្រាក់​ ៩,៩១​ពាន់លាន​ដុល្លារ​។

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី លើកឡើងថា បើគេសម្លឹងមើលពីអតីតកាល ក​ម្ពុ​ជាមានការរីកចម្រើនខ្លាំង តាំងពីផ្នែកសេដ្ឋកិច្ច និង​ការអភិវឌ្ឍ នៅ​ពេលដែលកម្ពុ​ជាមានទំ​នាក់​ទំណងការទូតល្អឡើងវិញជាមួយបណ្តាប្រទេសនា​នាលើពិភពលោក ដូចជាចុងទ​សវត្សរ៍​៥០ ​ពេ​​​លកម្ពុជាទទួលបានឯករាជ្យពីបារាំង និង​ក្រោ​​យពីមានកិច្ច​ព្រមព្រៀងទី​ក្រុងប៉ារីស​១៩៩​១​។

ប៉ុន្តែលោកថា អំឡុងទសត្សរ៍៧០ កម្ពុជាបានធ្លាក់ក្នុងភាពវិនាសកម្មនៃភ្លើងសង្គ្រាម ពេលដែល​ក​​ម្ពុ​​ជា​ចា​​ប់យកមហាអំណាចចិនតែមួយ ដូចជាសម័យប៉ុលពតជាដើម ដែលលោកថា ​សម័​យនោះ របបប៉ុលពល សម្លាប់ទាំងពលរដ្ឋស្លូតត្រង់ សម្លាប់មេដឹកនាំគ្នាឯង សម្លាប់ទាំ​ង​​ទាហាន​ខ្លួនឯង ទាំងកងពលទៀតផង។

លោក មាស នី វិភាគថា ដើម្បីបញ្ចៀសកុំឲ្យកម្ពុជាជា​ន់ដានប្រវត្តិសាស្ត្រ​ កាប់សម្លា​ប់គ្នា ដូច​​ពីអ​តី​តកាល លោកថា មា​នតែព​ង្រឹ​ង​​យន្តការប្រជាធិបតេយ្យទេ។

លោកថា៖ «មានតែរក្សាទំនាក់ទំនងល្អ ជាមួយមហាអំណាចទាំងអស់ទេ ទោះបីចិន បាន​ផ្តល់ជំ​នួ​យ​​​យ៉ាងសន្ធឹកសន្ធាប់ មកស្រុកខ្មែរក៏ដោយ។ ក៏ប៉ុន្តែ សម្រាប់អ្នកជំនួញចិន បើប្រទេសខ្មែរយើង គ្មានទំ​នាក់ទំនងនឹ​ងពិភ​ពលោ​កខាង​ក្រៅ​ច្រើនទេ ពួកក្រុមហ៊ុនចិន ក៏មិនដឹ​ង មករកស៊ីជាមួយអ្ន​កណា​ដែ​រ បើរបស់រប​រនៅ​ស្រុកយើ​ង មិនមែនផលិតយកទៅលក់នៅចិនឯណា ចិនគេលក់រប​ស់គេមិនអស់ផងហ្នឹង រឿង​អីយក​របស់ពីយើង។ អ្នកខ្លះ គេគិតថា បើសិនជាមានទណ្ឌ​កម្មពីបរទេស អ្នករងគ្រោះ គឺពលរដ្ឋក្រីក្រទេ រដ្ឋាភិ​បាល​គាត់មិនរងគ្រោះទេ ប៉ុន្តែសម្រា​ប់ខ្ញុំ ខ្ញុំមើ​លឃើញថា​ អ្នក​ប៉ះពាល់​មុនគេ គឺអ្ន​កវិនិយោ​គចិ​ន​ហ្នឹងឯង»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក​ សូ ចន្ថា វិភាគប្រហាក់ប្រហែលដែរថា ដើម្បី​រក្សា​មុ​​ខ​មា​ត់ពីពេលនេះ រហូតដល់ក្រោយបោះឆ្នោត២០១៨ លោកថា គណ​បក្សប្រ​ជា​ជនកម្ពុជា ដែ​ល​​​កំ​​ពុងគ្រប់គ្រងអំណាច គួរតែ​រៀបឲ្យមានកា​របោះឆ្នោ​តមួយ​ដោយសេ​រី​ ត្រឹមត្រូ​វនិងយុ​ត្តិ​ធម៌ តា​ម​ស្មារតីរដ្ឋធម្មនុញ្ញ។

លោកថា៖ «កម្ពុជាយើង យើងមានក្របខណ្ឌរ​ដ្ឋធម្មនុញ្ញ ដែលចែងថា ​យើងត្រូវដើរលើគន្លងប្រ​ជាធិបតេ​យ្យ ដើម្បី​ឲ្យកម្ពុជាយើង ​ឈានទៅដល់ដំណាក់​កាលមួយ ដែលមានកា​របោះឆ្នោ​តមួ​​យ ដោ​យសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយនឹងការផ្ទេរអំណា​ចមួយដោយសន្តិ​វិធីនោះ។ ហើ​​យចំពោះនយោបាយអន្តរជាតិ យើ​ង​ក៏​មានដែរ ក្របខណ្ឌធ្វើទំនាក់ទំនងជាមួយ នឹងបណ្តា​​ប្រ​​ទេ​​ស​នានា​ ដោយមិនចូលប​ក្ខសម្ព័​ន្ធ​ណា​​​​​មួយ ជារួម​យើងហៅថា ​អព្យាក្រឹ​ត្យ ដែ​ល​មានចែ​ងក្នុ​ងរដ្ឋធម្មនុញ្ញ»។

លោក សូ ចន្ថា បញ្ជាក់បន្ថែមថា៖ «ជាទស្សនៈខ្ញុំ។ ខ្ញុំគិតថា ពេ​លនេះ ក​​ម្ពុជាយើ​ងគួរកំ​ណ​​ត់គោលដៅថា យើងត្រូវឆ្ពោះទៅរកការបោះឆ្នោត ហើយត្រូវផ្តល់នូវសេរីភាពនៃការចូលរួម ពីសំណាក់គ្រប់ភា​គី ដែលចង់ប្រកួ​តប្រជែង នៅ​ក្នុងនយោបាយ។ ចំពោះន​យោ​បាយ​អន្ត​រជា​តិ ខ្ញុំគិតថា កម្ពុជាមិន​គួរលេងនយោ​បាយ​ណា ​​ដែ​លនាំឲ្យខាតបង់ដ​ល់ប្រយោ​ជន៍ក​ម្ពុជាទេ។ ការបង្កើតមិត្តជាមួយបរទេស គ្រប់ប្រទេ​សទាំងអស់ជាកត្តាសំខាន់ នៅក្នុ​ងសតវ​ត្សរ៍ទី២១ នៅពេល ដែលយើ​ងបង្កើ​ត​ស​ត្រូវ​ជា​មួយបរទេស កម្ពុជាយើងនឹងខាតបង់ ហើយប្រ​វត្តិសា​​ស្ត្រ​នឹ​ង​តាមលងយើងជានិច្ច»។

ទោះជា​យ៉ាងនេះក្តី លោក ឯម សុវណ្ណរ៉ា ថា អ្នកនយោបាយខ្មែរ ឲ្យតែពួក​គេមា​នឧកាស​អាចការ​ពារ​ប្រយោជន៍បក្ខពួក និងក្រុមគ្រួសារបាន ពួកគេនឹងហ៊ា​នធ្វើ​អ្វី​​​ៗ​គ្រ​​​ប់​យ៉ាង ដោ​យមិនខ្វល់​ពី​​ប្រ​​​​​​​​​យោ​​​ជន៍ជាតិទេ។

ប៉ុ​​ន្តែ​​​សម្រាប់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថថា វិញវិភាគថា ​បើអ្នក​នយោ​បាយខ្មែរ ពេលនេះ ហ៊ានប្រថុយ​ជ្រើសរើសយកម​ហា​​​​​​​​​អំ​​​​ណាចចិ​នតែ​មួយ​ ដូចពីអ​តី​តកា​ល​មែ​​ន​ លោកថា ការធ្វើនយោបាយបែបនោះ ជាការធ្វើអត្តឃាតខ្លួនឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ