សាលាដំបូងរាជធានីភ្នំពេញបានកោះហៅគណៈកម្មការរៀបចំបុណ្យលោក កែម ឡី ចំនួន៣រូបឲ្យចូលបំភ្លឺនៅខែ ក្រោយជុំវិញ បច្ច័យចូលបុណ្យសព ដែលការកោះហៅឲ្យចូលបំភ្លឺនេះធ្វើឡើងតាមបណ្តឹងរបស់ គណបក្សយុវជន កម្ពុជា។
ក្នុងដីកាកោះចំនួន ៣ ផ្សេងគ្នារបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ២២ ខែ កញ្ញានេះ លោក គុជ គីមឡុង ព្រះរាជអាជ្ញារងបានកោះហៅលោក ប៉ា ងួនទៀង និង លោក មឿន តុលា ចូលបំភ្លឺនៅថ្ងៃទី ០៩ ខែតុលា វេលាម៉ោង ០៩ ព្រឹកដើម្បីសាកសួរបំភ្លឺពីដំណើររឿង ពាក់ព័ន្ធនិងបច្ច័យបុណ្យសពលោក បណ្ឌិត កែម ឡី និង បទរំលោភលើ ទំនុកចិត្តតាមពាក្យបណ្ដឹងរបស់ឈ្មោះពេជ្រ ស្រស់។
ចំណែកឯព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានកោះហៅចូលបំភ្លឺនៅថ្ងៃទី ១១ ខែ តុលាវេលាម៉ោង ៩ ព្រឹកដើម្បី សាកសួរករណីដូចគ្នា។
លោក មឿន តុលា ប្រាប់ថា លោកមិនទាន់ទទួលបានដីកាកោះហៅនោះទេ តែលោកថានឹងពិភាក្សាជាមួយមេធាវី របស់លោកក្នុងការពិចារណាថាចូលបំភ្លឺតាមដីកា ឬយ៉ាងណា។
លោកមឿន តុលា ក៏បានរិៈគន់ និងងឿងឆ្ងល់ចំពោះចំណាត់ការរបស់តុលាការលើករណីនេះ ដោយសារដើមបណ្ដឹងមិនមែនជាសាច់ញាតិនៃសពលោក បណ្ឌិត កែម ឡី នោះទេ។
លោក តុលា បន្តថាគណៈកម្មការបុណ្យបានត្រឹមតែជួយផ្នែកបច្ចេកទេស និងសកម្មភាពទូរទៅ មិនមានតួនាទីកាន់លុយបុណ្យនោះទេ រាល់បច្ច័យទាំងអស់ត្រូវកាន់កាប់ដោយម្ចាស់ដើមបុណ្យ និង បញ្ចូលផ្ទាល់ទៅកាន់គណនេយ្យធនាគាររបស់ភរិយានៃសពលោកបណ្ឌិត កែម ឡី។
វីអូឌី មិនទាន់អាចសុំការបញ្ជាក់ជំហរពីលោក ប៉ា ងួនទៀង និង ព្រះតេជគុណ ប៊ុត ប៊ុនតិញបានទេ នៅរសៀលនេះ។ ប៉ុន្តែកន្លងទៅព្រះតេជគុណប៊ុត ប៊ុនតិញ សមាជិកគណៈកម្មការបុណ្យសពលោកកែម ឡី ធ្លាប់បញ្ជាក់ជំហរថាព្រះអង្គនឹងមិនចូលបំភ្លឺនៅតុលាការតាម បណ្តឹងរបស់របស់លោក ពេជ្រ ស្រស់ទេ ព្រោះព្រះអង្គជាសង្ឃ ដូច្នេះបើមានបញ្ហាអីអាចប្តឹងទៅស្ថាប័នសង្ឃដើម្បីរកដំណោះស្រាយ។
ព្រះតេជគុណប៊ុត ប៊ុនតិញ ក៏បានច្រានចោលការចោទលើភាពមិនច្បាស់លាស់ ឬ កិបកេងលុយបុណ្យ ហើយព្រះអង្គបន្តថា ការប្តឹងធ្វើឡើងនេះគឺគ្រាន់តែជាការស៊ីឈ្នួលផ្នែកនយោបាយ។
ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ០៨ ខែ កញ្ញា ស្នើឲ្យមានការស៊ើបអង្កេតលើគណកម្មការបុណ្យសព លោក កែម ឡី ដោយលោកថាដើម្បី តម្លាភាពសង្គម កុំឲ្យមានការលួចបន្លំលុយបុណ្យសព ការស្វែងរកយុត្តិធម៌ឲ្យអ្នកចូលបច្ច័យបុណ្យសព និង រកយុត្តិធម៌ជូនក្រុមគ្រួសារសពលោក កែម ឡី ៕