លោក ប្រាក់ សុខុន ថ្លែងការពារជំហររដ្ឋាភិបាលកម្ពុជានៅមហាសន្និបាតអង្គការសហប្រជាជាតិ

រូបភាពពីហ្វេសប៊ុកលោក ប្រាក់ សុខុន

ប្រមុខ​កាទូត​កម្ពុជា បាន​ថ្លែង​ប្រាប់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ថា ប្រទេស​កម្ពុជា​មិន​មាន​បញ្ហា​​ជាមួយ​នឹង​ការ​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នោះ​ឡើយ ដរាប​ណា​ការ​ឃ្លាំ​មើល​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពេញ​លេញ​ ដោយ​ទទួល​យក​ការពិត​ទាំង​អស់​ដែល​បាន​កើត​មាន​នោះ។

រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន កំពុង​ស្ថិត​ក្នុង​ដំណើរ​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នេះ។

តាម​គម្រោង ប្រមុខ​កាទូត​កម្ពុជា​រូប​នេះ ត្រូវ​ឡើងថ្លែង​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ អំពី​បញ្ហា​ផ្សេងៗ រួម​ទាំង​ស្ថានការណ៍​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែល VOD ទទួល​បាន​នៅ​ថ្ងៃ​នេះ លោក ប្រាក់ សុខុន ជា​ដំបូង បាន​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​អន្តរជាតិ ជា​ពិសេស​វិបត្ត​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង ដោយ​លោក​អំពាវ​នាវ​ទៅ​គ្រប់​ភាគី​ទាំង​អស់ ឲ្យ​រក្សា​ភាព​អត់​ធ្មត់ បញ្ចៀស​ទង្វើ​បង្ក​ហេតុ និង​រក្សា​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​ចរចា​គ្នា។

ទាក់​ទង​នឹង​បញ្ហា​ប្រទេស​កម្ពុជា ប្រមុខ​កាទូត​កម្ពុជា​រូប​នេះ លើក​ឡើង​ថា កម្ពុជា​មិន​មាន​បញ្ហា​ជាមួយ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ទេ ដរាប​ណា​ ការ​ឃ្លាំ​មើល​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពេញ​លេញ ទទួល​យក​ការពិត​ទាំង​អស់ និង​ដោយ​គ្មាន​បុរេ​វិនិច្ឆ័យ ឬ​​ការ​ស្មាន​លើ​ផ្នែក​មួយ​ពី​សំណាក់​អ្នក​សង្កេតការណ៍។

លោក ប្រាក់ សុខុន បាន​លើក​ឡើង​បន្ត​ថា ការ​វាយ​តម្លៃ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស វា​អាស្រ័យ​ទៅ​លើ​​ការ​គូស​វាស​ខាង​នយោបាយ​របស់​ប្រទេស​មហា​អំណាច​ណា​មួយ។

លោក ប្រាក់ សុខុន លើក​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​៖ «បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ត្រូវ​បាន​លើក​ឡើង​​ទៅ​តាម​ផល​ប្រយោជន៍​របស់​ប្រទេស​មហា​អំណាច ទៅ​តាម​ស្ថានការណ៍​ផ្លាស់​ប្ដូរ»។

លោក ប្រាក់ សុខុន បាន​អះ​អាង​ថា ប្រទេស​កម្ពុជា ត្រូវ​បាន​មហា​អំណាចលោក​ខាង​លិច​បង្ខំ​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ពួកគេ ដោយ​លោក​ថា ជា​លទ្ធផ​ល ប្រទេស​នេះ បាន​រង​គ្រោះ​​អាក្រក់​បំផុត។

លោក ប្រាក់ សុខុន បាន​ថ្លែងអំពី​ជំហរ​រដ្ឋាភិបាល​កម្ពុជា​បែប​នេះ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្ថិត​ក្នុង​ដំណើរ​រអិល​ធ្លាក់​ពី​គន្លង​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ក្រោយ​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង ​លោក កឹម សុខា ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ​សកម្មជន​ដីធ្លី សកម្មជន​និង​នយោបាយ​បក្ស​ប្រឆាំង។

ការ​ចាប់​ខ្លួន​លោក កឹម សុខា ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ» នោះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រិះគន់ និង​ថ្កោល​ទោស​​ព្រោង​ព្រាត លើក​លែង​តែ​ប្រទេស​ចិន​កុម្មុយនីស្ត​មួយ​ប៉ុណ្ណោះ ដែល​បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់​ទុក​ជា​ «ការពារ​សន្តិសុខ និង​ស្ថេរភាព​ជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ