ក្រុមមេធាវី​ដើរ​ចេញ​ពីបន្ទប់​សវនាការ ខណៈអវត្តមានលោក កឹម សុខា

សហមេធាវីចំនួន៦រូប ដែលការពារក្តីឲ្យមេបក្សប្រឆាំង លោក កឹម សុខា បានសម្រេចដើរចេញពីបន្ទប់​សវនាការ នៃសាលាឧទ្ធរណ៍​នៅ​​ថ្ងៃនេះ ដោយថា ករណីនេះ គឺជំទាស់ទៅនឹងនីតិវិធីរបស់តុលាការជាន់ខ្ពស់មួយនេះ ដែលមិនបានបញ្ជូនកូនក្តីរបស់​​​ពួកគេ ចូលក្នុង​សវនាការ ដើម្បី​សួ​រដេញដោល។

ចៅក្រមស៊ើបសួរនៅសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួន​ លោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភា ​នៅពន្ធនាគា​រ​ត្រ​​​ពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីដើមខែកញ្ញានេះ ដោយចោទថា មានទោសក្បត់ជាតិ​។

ករណីនេះ ក្រុមមេធាវីការពារក្តី លោក កឹម សុខា បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ដោយថា កា​របង្គា​ប់​ឲ្យ​​ឃុំខ្លួនរបស់ចៅក្រមស៊ើបនៅសាលាដំបូង បានរំលោ​ភអភ័យឯកសិទ្ធិសភា។

ប៉ុន្តែ នៅក្នុងសវនាការសួរដេញដោល នៅសាលាឧទ្ធរណ៍ នាព្រឹក ថ្ងៃទី២៦ ខែកញ្ញា​នេះ គេមិនឃើញ វត្តមាន លោក កឹម សុខា ដែលជាជនត្រូវចោទនោះទេ ដោយសមត្ថកិច្ចពាក់ព័ន្ធអះអាងថា ការមិនបានបញ្ជូនលោក កឹម សុខា មកសវនាការ ដោយសារបារម្ភពីសន្តិសុខសង្គម។

មេធាវីមួយរូប គឺលោក ហែម សុជាតិ​ ដែលការពារលោក កឹម សុខា បានថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​ពី​ដើរចេញ​ពីបន្ទប់សវនាការថា ដំណាក់កាលសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ ចៅក្រមអះអាងថា មិនតម្រូវ​ឲ្យមានវត្តមានជនត្រូវចោទនោះទេ ដោយថា ខ្លាចអសន្តិសុខសង្គម។ ករណីនេះ លោក សុជាតិ​ មានប្រសាសន៍ថា សភាស៊ើបសួរសម្រេច​បន្តនីតីវិធី បើទោះជា ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានដើរចេញពីបន្ទប់សវនាការក៏ដោយ។

លោក ហែម សុជាតិ យល់ថា ការសម្រេចបន្តនីតិវិធី​របស់សាលាឧទ្ធរណ៍ ជាការរំលោភច្បាប់ និងធ្វើឲ្យមានភាព​អយុត្តិធម៌ដល់កូនក្តី​។​

លោកថ្លែងថា៖ «ដំណើរការនីតិវិធីមួយ ដែលមានយុត្តិធម៌​តាមច្បាប់អន្តរជាតិ គឺវត្តមានរបស់ជនត្រូវ​ចោទ នៅចំពោះមុខ​ក្រុមប្រឹក្សាជំនុំជម្រះ​ជាសភាស៊ើបសួរក្តី គឺមានសារៈសំខាន់ណាស់​​ ពីព្រោះគាត់និងឆ្លើយដោះសារ​ តើគាត់បានធ្វើអ្វីខ្លះ តើអំពើរបស់គាត់ដែលបានធ្វើនោះ ជាបទល្មើសឬមិនមែន​ជាបទល្មើស​ តើលក្ខខណ្ឌអ្វីខ្លះដែលអាច​ឲ្យគាត់នៅក្រៅឃុំបាន នេះជាហេតុផល​សំខាន់បំផុតដែលត្រូវ​តែមាន​វត្តមាន របស់កូនក្តី​ កាលណាតុលាការ​រំលោភនីតិវិធីទៅហើយ​ ដំណាក់កាលបន្តបន្ទាប់​តទៅទៀតនៃចំណាត់ការ​របស់តុលាការ ខ្ញុំមិនសង្ឃឹមថានឹងមានយុត្តិធម៌ចំពោះកូនក្តីរបស់ខ្ញុំទេ​​​»

សាលាឧទ្ធរណ៍បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៦ ខែកញ្ញានេះ លើ​បណ្តឹងឧទ្ធរណ៍ប្រឆំាង​នឹងដី​កា​​សម្រេចឃុំខ្លួន លោក កឹម សុខា ដោយបង្ហាញការសោកស្តាយចំពោះ​​មេធាវីការ​ពារក្តី​ឲ្យមេ​បក្ស​ប្រឆំាងរូបនោះ​ដើរ​ចេញ​ពីបន្ទប់​សវនាការ​ដោយមិនបានលើកពីមួលហេតុ។

សាលាឧទ្ធរណ៍បាន​ច្រានចោលការបកស្រាយរបស់មេធាវី ដែលថាតុលាការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជន​ត្រូវ​​ចោទ ខណៈមិនបញ្ជូនលោក កឹម សុខា ចូលតតំាងក្តីនៅក្នុងតុលាការថ្ងៃនេះ​។ តុលាការ​ជាន់​ខ្ពស់​នេះ​បញ្ជាក់​ថា​ សំណុំរឿង​នេះ ជា​សំណុំ​រឿង​មុន​អង្គសេចក្តី មិនមែនសំណុំរឿង​អង្គ​សេចក្តី ដែលចំាបាច់ត្រូវ​មាន​ជនជាប់ចោទទេ។ «ក្នុងដំណាក់កាលស៊ើបសួរឈ្មោះ កឹម សុខា មានឋានៈជាជនត្រូវចោទនៅឡើយ ដូច្នេះការលើក​​យកមាត្រា៣០០និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌរបស់ក្រុមមេធាវីការពារក្តីឲ្យឈ្មោះ កឹម សុខា ដើម្បីទាមទារឲ្យមានវត្តមានជនត្រូវ​​ចោទក្នុងសវនាការ គឺជាការយល់ច្រឡំធ្ងន់ធ្ងរ ព្រោះមាត្រានេះចែងមានន័យទាក់ទងនឹងជនជាប់ចោទ ដូច្នេះការលើកឡើងរបស់មេធាវីនេះហាក់បែរជាទទួលស្គាល់ថា លោក កឹម សុខា គឺជាជនជាប់ចោទ»

ទោះជាយ៉ាងណា មេធាវី ហែម សុជាតិ អះអាងទៀតថា លោកនិងពិភាក្សាជាមួយក្រុមមេធាវី ដើម្បីរៀបចំឯកសារប្តឹងសាទុក្ខ ទៅតុលាការកំពូល ដើម្បី​ជំទាស់ទៅនឹងនីតិវិធីរបស់សាលាឧទ្ធរណ៍បន្តទៀត។ ប៉ុន្តែលោក មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះទេ​។

បើទោះជារដ្ឋាភិបាល អះអាងថា ការចាប់ខ្លួនលោក កឹម សុខា ជាវិធានការច្បាប់ក៏ដោយ ប៉ុន្តែសហ​គ​មន៍​អន្តរ​ជាតិ ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ មានសហភាពអឺរុប បារាំង និងសហ​រដ្ឋអាមេរិកផងនោះ បាន​ហៅ​​​ចំណាត់ការចាប់ខ្លួននេះថា ជាការគាំរាមកំហែងផ្នែកនយោបាយ និងទាមទារឲ្យដោះ​លែង​ជា​បន្ទាន់ ដោយ​ថា ដើម្បីធានាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខ មានអព្យាក្រិត្យ ត្រឹមត្រូវ សេរី និង​យុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ