អត្ថបទព័ត៌មានថ្មីៗ

អ្នកឃ្លាំមើលស្នើ គ.ជ.ប បង្កើនការផ្សព្វផ្សាយ ដោយថាអ្នកចុះឈ្មោះបោះឆ្នោតមានចំនួនទាប

គ.ជ.ប

អ្នកឃ្លាំមើលលើកឡើងជាថ្មីថា សន្ទុះអ្នកទៅចុះឈ្មោះបោះឆ្នោត នៅមានចំនួនទាប ដោយស្នើឲ្យស្ថាប័ន គ.ជ.ប គួរបង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ខណៈពួកគេ វិភាគទៀតថា បញ្ហានេះ ក៏អាចបណ្តាលមកពីបណ្ដាញសារព័ត៌មានឯករាជ្យមួយចំនួន រងការរិតត្បិតពីសិទ្ធិសេរីភាព។

អ្នកឃ្លាំមើលលើកឡើងជាថ្មីថា សន្ទុះអ្នកទៅចុះឈ្មោះបោះឆ្នោត នៅមានចំនួនទាប ដោយស្នើឲ្យស្ថាប័ន គ.ជ.ប គួរបង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ខណៈពួកគេ វិភាគទៀតថា បញ្ហានេះ ក៏អាចបណ្តាលមកពីបណ្ដាញសារព័ត៌មានឯករាជ្យមួយចំនួន រងការរិតត្បិតពីសិទ្ធិសេរីភាព។

មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងថា ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ នឹងមិនអាចសម្រេចបានដូចការរំពឹងទុកឡើយ ដោយថា សន្ទុះនៃអ្នកទៅចុះឈ្មោះបោះឆ្នោត នៅមានចំនួនទាប បើធៀបនឹងឆ្នាំ២០១៦។

លោក កន សាវាង្ស មើលឃើញថា មានកត្ដាធំៗមួយចំនួន ជំរុញឲ្យពលរដ្ឋ មិនចង់ទៅចុះឈ្មោះបោះឆ្នោត ដូចជា ភាគីគណបក្សនយោបាយ ក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សាយផ្សាយឯករាជ្យ ទទួលរងការរិតត្បិតសិទ្ធិសេរីភាព និងមិនសូវបានចូលរួមផុសផុល ក្នុងដំណើរការបោះឆ្នោតនៅឆ្នាំនេះនោះទេ។

មួយវិញទៀត លោកថា ស្ថានការណ៍នយោបាយបច្ចុប្បន្ន ក៏ជាដើមចម ធ្វើឲ្យពលរដ្ឋ មិនសូវខ្វល់ខ្វាយពីការចុះឈ្មោះបោះឆ្នោត។

លោក កន សាវាង្ស បន្ថែមថា គ.ជ.ប ខ្លួនឯង គួរខិតខំបង្កើនការផ្សព្វផ្សាយ និងអប់រំ ឲ្យបានទូលំទូលាយ ដើម្បីឲ្យគៀងគរប្រជាពលរដ្ឋ មកចុះឈ្មោះបោះឆ្នោត ខណៈវិទ្យុឯករាជ្យមួយចំនួន ដែលតែងចូលរួមផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ បានផ្អាកសកម្មភាពរបស់ខ្លួន ​បន្ទាប់ពីចំណាត់ការរបស់រដ្ឋាភិបាល។

លោក ហង្ស ពុទ្ធា ច្រានចោលករណីដែលថា ស្ថាននយោបាយ និងការផ្អាកការផ្សាយរបស់វិទ្យុមួយចំនួន ជាមូលហេតុ ធ្វើឲ្យចំនួនពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតមានការធ្លាក់ចុះ ព្រោះលោកថា គ ជ ប បានប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីផ្សាយដំណឹងទាំងនេះដល់ពលរដ្ឋហើយ។​

យ៉ាងណាក៏ដោយ លោកថា គ.ជ.ប មិនរំពឹងថា ចំនួនពលរដ្ឋគ្រប់អាយុ និងអ្នកដែលមិនបានចុះឈ្មោះបោះឆ្នោត នឹងទទួលបានចំនួនដូចការរំពឹងទុកទេ ដោយថា នោះជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្លួនឯងផ្ទាល់។

លោកថា៖ «ការចុះឈ្មោះបោះឆ្នោតនេះ វាមិនអាចទទួលផល១០០ភាគរយទេ អត់មានអ្វី ដែលល្អឥតខ្ចោះទេ អញ្ចឹងបើសិនជាគាត់មិនមកចុះឈ្មោះ ក៏គ្មានទោសទណ្ឌអីដែរ។ ប៉ុន្ដែ គ.ជ.ប យើងមានការយឺតយ៉ាវក្នុងការផ្សាយ ​ពីព្រោះការផ្សាយតាមមេក្រូ ឧឃ្ឃោសនសព្ទ តាមម៉ូតូ រទេះសេះ ប្រកូប្រកាសនៅក្នុងភូមិ អញ្ចឹងយើងមានការយឺតយ៉ាវ ដោយសំឡេងអាត់ ដែលផ្ញើទៅ គឺទៅអត់ទាន់ដល់ ប៉ុន្ដែបច្ចុប្បន្នយើងបានទៅដល់ហើយ។ »

ប៉ុន្ដែបើតាមរបាយការណ៍ គ.ជ.ប ឲ្យដឹងថា រយៈពេល២៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១​ ដល់ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៧ មានប្រជាពលរដ្ឋប្រមាណជិត ២សែននាក់ (១៩៧ ០៨៥នាក់) បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ ខណៈចំនួនប្រជាពលរដ្ឋ ដែលរំពឹងថា នឹងមកចុះឈ្មោះសរុប មានចំនួន ១,៦លាននាក់៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

[wpc-weather id="75954"/]