គ.ជ.ប ឲ្យបន្ថយកម្តៅនយោបាយ ដើម្បីពលរដ្ឋចុះឈ្មោះបោះឆ្នោតមិនភ័យខ្លាច

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​បាន​អំពាវ​នាវ​ឲ្យ​អ្នក​នយោបាយ​បង្កើត​បរិយា​កាស​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​លើក​ឡើង​ថាចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៧​នេះ ថយ​ចុះ ​ខុសពី​ការ​រំពឹង​ទុក និង​បារម្ភពី​ស្ថាន​ដែល​អាច​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ដល់​ការ​បោះឆ្នោតខាង​មុខ។

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍អ្នកចុះឈ្មោះបោះឆ្នោត​នៅព្រឹកនេះ លោក រ៉ុង ឈុន សមាជិក គ.ជ.ប ថ្លែងថា ​ចំ​នួន​អ្នក​​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ការ​ធ្លាក់​ចុះ​ខុសពី​ការ​រំពឹង​ទុក​នេះ​គឺ​បណ្តាលមក​ពីភ្លៀង​ធ្លាក់​ច្រើន​ នីតិវិធី​នៃ​ការ​បំពេញ​ឯកសារ​បញ្ជាក់​ទីលំនៅ ការ​ធ្វើ​ចំណាកស្រុក ជា​ពិសេស​ពាក់​ព័ន្ធ​ទៅ​នឹង​បរិយា​កាស​នយោបាយបច្ចុប្បន្ន​ដែល​ធ្វើ​ឲ្យ​ពល​រដ្ឋ​មិន​ចង់​ទៅ​ចុះ​ឈ្មោះ​នេះ។ លោក​បាន​សំណូម​​ពរ​ទៅ​ដល់​គណបក្ស​នយោបាយ​ឲ្យ​​ងាក​មក​រក​តុចរចាដើម្បី​ ​សម្រួល​បរិយាកាស​ឲ្យ​ល្អ​ប្រសើ​រ​ឡើង​វិញ​ទាំង​ពេល​នេះ និង​សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ។

លោក​ថា៖ «ពីព្រោះការជជែកគ្នាវានឹងទទួលបានផលវិជ្ជមាន ដោយសារលទ្ធផលកន្លងមកហ្នឹងហើយដោយសារការជជែកគ្នាបានដាក់ស្ថាប័ន .. ជាស្ថាប័នធម្មនុញ្ញ នេះជាសមិទ្ធផលរបស់អ្នកនយោបាយ​​ដែលបានខិតខំប្រឹងប្រែងនិងទទួលបានការគាំទ្រពីសំណាក់ជាតិនិងអន្តរជាតិ។ លទ្ធផលបន្ទាប់ទៀត​​នោះគឺការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ដែលយើងទទួលបានលទ្ធផលល្អទាំងជាតិអន្តរជាតិសរសើរការចុះឈ្មោះបោះឆ្នោតបានល្អ អាហ្នឹងក៏ជាលទ្ធផលនៃអនុស្សាវរីយ៍នៃអ្នកនយោបាយបានចរចាគ្នា​​ហ្នឹងដែរ »

ស្ថាន​ការ​ណ៍​នយោបាយ​កម្ពុជា​បា​ន​កើតកម្តៅ​កាន់​តែខ្លាំង​បន្ទាប់​ពី​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ចាប់​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធ​នាគារ​ដោយ​បាន​ចោទ​ពី​បទ​ក្បត់​ជាតិ​។

គណបក្សប្រឆាំង​ចាត់​ទុក​ការ​ចាប់​ខ្លួន​មេបក្ស​ខ្លួន​នេះជាការ​រំលោភ​ដល់​សិទ្ធិ​របស់​តំណាង​រាស្ត្រ និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់។

វី​អូ​ឌី​មិន​អាច​ទាក់​អ្នក​មន្ត្រី​ជាន់​ខ្ពស់​ណា​ម្នាក់​នៃ​គណបក្សសង្គ្រោះ​ជាតិ​បាន​នៅ​ឡើយ​ទេ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៣ តុលា នេះ។ តែ​ក្នុងក្នុង​សន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកញ្ញាកន្លង​ទៅ​ តំណាង​រាស្ត្រ​គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានថ្លែងថាករណីនេះ មានតែខ្មែរនិងខ្មែរទេ ទើប​ដោះ​ស្រាយ​ឲ្យស្ថានការណ៍​នយោ​បាយ​​​នៅ​​កម្ពុជា ​​ទៅរកភាពល្អប្រសើរឡើងវិញ។

លោកថ្លែងថា៖ «ការដោះស្រាយបញ្ហានៃប្រទេសមួយ អ្វីដែលជាការងារដែលធ្វើជោគជ័យ ហើយមានប្រសិទ្ធភាព គឺការដោះស្រាយរវាងខ្មែរនិងខ្មែរ បរទេសគ្រាន់តែជួយជំរុញឲ្យមានការយកចិត្តទុកដាក់រវាង​​ខ្មែរ​​​និងខ្មែរឲ្យដោះស្រាយបញ្ហាដោយខ្លួនឯងទេ ព្រោះការអនុវត្តឲ្យមានប្រសិទ្ធភាព គឺវាអាស្រ័យលើខ្មែរ និងខ្មែរគឺយើងមានការពិសោធន៍នៅឆ្នាំ១៩៩១ បើទោះបីអន្តរជាតិចង់ឲ្យប្រទេសកម្ពុជាមានសន្តិភាព ក៏វាត្រូវភាគី [ពាក់ព័ន្ធ]…និយាយគ្នាដែរដើម្បីដោះស្រាយបញ្ហាទំាងអស់នេះ​​​​»

អ្នក​នាំពាក្យ​គណបក្សប្រជា​ជន​កម្ពុជាលោក សុខ ឥសាន មាន​ប្រសាសន៍​ថា​ការ​លើក​ឡើង​របស់​លោក​ រ៉ុង​ ឈុន ជា​ការ​លើក​ឡើង​ដោយមតិ​យោបល់​ផ្ទាល់​ខ្លួនប៉ុណ្ណោះមិន​អាច​បញ្ជាក់​ពី​ជំហរ​របស់​ គ.ជ.ប នោះ​ទេ។ ចំពោះ​ការ​ចរចារវាង​បក្ស​ប្រជា​ជន និង​បក្សសង្គ្រោះ​ជាតិ​ លោក សុខ ឥសាន ថា​គ្មាន​ទៀតនោះ​ទេ។

លោក​ថា៖ «ពីព្រោះគណបក្សប្រឆាំងលោកបានរំលាយវប្បធម៌សន្ទនាបាត់ទៅហើយ ដូចខ្ញុំថាអញ្ចឹងកាលណាចូលទៅប្រព្រឹត្តិបទល្មើសហ្នឹងត្រូវប្រឈមមុខហ្នឹងច្បាប់ហើយ។ អញ្ចឹងទេករណីឯកឧត្តមកឹម សុខា បានដល់ដៃតុលាការ ហើយតើយើងមានសិទ្ធិអីទៅរំលោភសិទ្ធិអីរបស់តុលាការ សមត្ថកិច្ចរបស់តុលាការអត់ធ្វើទៅកើតទេអាហ្នឹង»

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា ធ្លាប់មានប្រសាសន៍ថា បើស្ថានការណ៍នយោបាយកម្ពុជា នៅ​តែបន្តឡើងកម្តៅ ហើយមិនមានការជជែកគ្នា​រវាងអ្នកនយោបាយ​បក្សកាន់អំណាច និង​បក្ស​ប្រឆំាង។ លោកថា សហគមន៍អន្តរជាតិ ដែលជាប់កាត​ព្វកិច្ចឃ្លាំមើលដំណើ​រការវិវឌ្ឍនៃ​ដំណើរកា​រប្រ​ជា​ធិ​​ប​តេ​យ្យ​​​​នៅកម្ពុជា អាចនឹងប្រើយន្តការដាក់សម្ពាធ។

លោកថា៖ «យន្តការរបស់សហគមន៍អន្តរជាតិមានច្រើន។ ដំបូងគេបញ្ឈប់កូតា ឬក៏អាចគេបិទទីផ្សារតែម្តង ទាក់ទិននឹងការនាំចេញផលិតផលសម្លៀកបំពាក់កម្ពុជា បន្ទាប់មក គេអាចផ្តាច់ជំនួយយោធា បន្ទាប់មក​​បិទទីផ្សារ ហុំព័ទ្ធសេដ្ឋកិច្ចប្រសិន បើកម្ពុជាមិនប្រកាន់គោលការណ៍ប្រជាធិបតេយ្យ មិនអាចនិយាជា​​ការ​​ព្រមព្រៀងអន្តរជាតិបាន»

រហូត​មក​ដល់​ថ្ងៃទី០២ តុលា ឆ្នាំ​២០១៧ម្សិល​មិញ គ.ជ​.ប បាន​ឲ្យ​ដឹង​ថា​ចំនួន​ពល​រដ្ឋ​ដែល​មក​ចុះ​ឈ្មោះ​ថ្មី​មាន​ត្រឹម​តែជាង​២៨​ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈដែលជាង​១លាន៣សែន​នាក់​ទៀតមិន​ទាន់​មក​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មីនៅ​ឡើយ​។  ការចុះឈ្មោះបោះឆ្នោត​នៅឆ្នាំ២០១៧នេះ ចាប់ពីថ្ងៃទៅ១កញ្ញា ដល់ថ្ងៃទី៩ខែវិច្ឆិកាគឺមានរយៈពេល​៧០ថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ