អតីតសមាជិកគណៈកម្មការបុណ្យលោក កែម ឡី ស្នើសុំពន្យារពេលបំភ្លឺនៅតុលាការ

លោក មឿន តុលា និងលោកលោក ប៉ា ងួនទៀង

អតីតសមាជិក២នាក់នៃគណៈកម្មការបុណ្យលោក កែម ឡី នៅថ្ងៃចន្ទនេះ ស្នើសុំតុលាការពន្យារពេលចូល​បំភ្លឺ ដោយថាពួកគេ ជាប់បំពេញការងារនៅក្រៅប្រទេស និងពុំបានទទួលដីកាកោះអញ្ជើញ ករណី​​បណ្តឹងដោយប្រធានបក្សមួយ ពាក់ព័ន្ធរឿងថវិកាបុណ្យសព លោក កែម ឡី។

ប្រាប់វីអូឌីយ៉ាងខ្លីនៅព្រឹកនេះ លោក ប៉ា ងួនទៀង ដែលជាអតីតសមាជិកម្នាក់នៃគណៈកម្មាការបុណ្យសព មានប្រសាសន៍ថា លោកសម្រេចពឹងពាក់មេធាវី ដើម្បីស្នើសុំពន្យារពេលនៃការចូលបំភ្លឺនៅតុលាការដែលបានកំណត់នៅព្រឹកថ្ងៃនេះ ដោយថា​លោកជាប់បំពេញបេសកកម្មនៅក្រៅប្រទេស។

ចំណែកអតីតសមាជិកនៃគណៈកម្មាការបុណ្យសពលោក កែម ឡី ម្នាក់ទៀត គឺ លោក មឿន តុលា ក៏ស្នើសុំចូលបំភ្លឺនៅតុលាការផងដែរ ដោយថា លោកពុំទាន់ទទួលបានដីកាផ្ទាល់ដៃនៅឡើយ ហើយទើប​ត្រឡប់មកពីបរទេស។ នេះបើយើងតាមពាក្យសុំលើកពេលចូលបំភ្លឺ ចុះថ្ងៃទី៦ខែតុលា។

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះអញ្ជើញ អតីតសមា​ជិកគណៈកម្មការបុណ្យសពលោកកែម ឡី ដែលមាន លោក ប៉ា ងួនទៀង​ លោក មឿនតុលា និងព្រះតេជគុណ ប៊ុត ប៊ុនតិញ តាមបណ្តឹងរបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដើម្បីសាកសួរបំភ្លឺពាក់ព័ន្ធនឹងបច្ច័យបុណ្យសពលោក កែម ឡី។

អតីតសមាជិកម្នាក់ទៀត គឺព្រះតេជគុណ ប៊ុត ប៊ុនតិញ​ ដែលត្រូវបានកោះហៅចូលបំភ្លឺនៅថ្ងៃទី១១ ខែតុលា ខាងមុខ គឺធ្លាប់បានបញ្ជាក់ជំហរ មិនចូលបំភ្លឺនៅតុលាការភា្លមៗ ដោយព្រះអង្គមានថេរដីកាថា ព្រះអង្គជាសង្ឃ ដូច្នេះ បើមានបញ្ហាអីអាចប្តឹងទៅស្ថាប័នសង្ឃ ដើម្បីរកដំណោះស្រាយ។

អតីតសមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី ធ្លាប់បានលើកឡើងថា គណៈកម្មការបុណ្យ បានត្រឹមតែជួយផ្នែកបច្ចេកទេស និងសកម្មភាពទូរទៅ មិនមាន​តួនា​ទី​កាន់លុយបុណ្យនោះទេ ហើយរាល់បច្ច័យទាំងអស់ត្រូវកាន់កាប់ដោយម្ចាស់ដើមបុណ្យ និងបញ្ចូលផ្ទាល់ទៅកាន់​គណនេយ្យ​ធនាគាររបស់ភរិយានៃសពលោក កែម ឡី។ អតីតសមាជិកនៃគណៈកម្មការ ក៏បានច្រានចោលការចោទ លើភាពមិនច្បាស់លាស់នៃបណ្តឹង ហើយថា ការប្តឹងនេះ គឺរឿងនយោបាយច្រើនជាង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ