រដ្ឋាភិបាលទម្លាយឲ្យដឹងថា រដ្ឋបាត់ចំណូលប្រមាណជា៤០លានដុល្លារក្នុងមួយឆ្នាំ ពីការប្រមូលពន្ធលើវិស័យវាយនភណ្ឌកាត់ដេរ ដោយថា ដើម្បីជួយសម្រួលឲ្យពួកគេ ដំឡើងប្រាក់ឈ្នួលកម្មករពី១៥៣ដុល្លារ ដល់១៧០ដុល្លារក្នុងខែ។
ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានប្រកាសថា ចាប់ពីខែមករាឆ្នាំ២០១៨ទៅ កម្មករម្នាក់ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ១៧០ដុល្លារ ក្នុងមួយខែ។
លោក អ៊ិត សំហេង ធ្លាប់បញ្ជាក់ថា ១៧០ដុល្លារនេះ រដ្ឋាភិបាល ជាអ្នកបន្ថែមចំនួន៥ដុល្លារ។ ប៉ុន្តែលោក អ៊ិតសំហេង មិនបានបញ្ជាក់ថា រដ្ឋាភិបាល បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់ថៅកែងរោងចក្រវិញទេ ទើបពួកគេព្រមដំឡើងបែបនេះ។
ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីគោលនយោបាយជាតិស្តីពីការអប់រំ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១០ខែតុលានេះថា ដើម្បីដោះបន្ទុកវិស័យឯកជន លើយន្តការជំរុញឲ្យដំឡើងប្រាក់ឈ្នួលនោះ លោកថា រដ្ឋបាត់ចំណូល ពីការប្រមូលពន្ធលើវិស័យនេះ ប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។
លោកថា៖ «៥ដុល្លារនេះ ថាតើយើងបានមកពីណា? ដើម្បី យើងជូនទៅវិស័យឯកជន។ មានផ្នែកពីរដែលរាជរដ្ឋាភិបាលត្រូវលះបង់ ប្រមាណជា៤០លានដុល្លារក្នុងមួយឆ្នាំ។ នោះ គឺពន្ធកាត់ទុក ដែលត្រូវពន្យារហូតដល់ឆ្នាំ២០២២នេះ ជាចំនុចទី១។ ចំនុចទី២ អំពីកម្រៃនៃការត្រួតពិនិត្យលើការនាំចេញ ដែលកាំកុងត្រូវ បាត់បង់ប្រមាណជាង ២៥លានដុល្លារសហរដ្ឋអាមេរិក»។
ក្រៅពីការទម្លាយពីការជំរុញឲ្យដំឡើងប្រាក់ឈ្នួលដល់កម្មករ លោក ហ៊ុន សែន ក៏បានប្រកាសដែរថា ប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចាប់ពីឆ្នាំ២០១៨ទៅ លោកថា ទាបបំផុតមួយលានរៀល និងថា អ្នកជាប់កាតព្វកិច្ចបង់ពន្ធប្រាក់ខែចាប់ពី១លាន២សែនរៀលទ្បើង។
លោកថា៖ «អត្ថប្រយោជន៍នេះ វាមិនមែនបានតែមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ នោះទេ។ ប៉ុន្តែវាបានទូទៅដល់កម្មករ ទៅដល់គ្រប់ផ្នែក ដែលមានបៀវត្សរ៍ ឥឡូវ អាចនិយាយបានថា ចាប់ពី៣០០ដុល្លារ ចុះក្រោមអត់ជាប់ពន្ធទេ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា ការដែលអ្នកនយោបាយប្រកួតគ្នាដោយគោលនយោបាយ លោកថាផលប្រយោជន៍បានទៅលើប្រជាពលរដ្ឋ។ ប៉ុន្តែលោកថា បើអ្នកនយោបាយប្រកួតគ្នាដោយប្រើយន្តសាស្ត្រកម្ទេចគ្នា លោកថាប្រយោជន៏បានលើមនុស្សមួយក្រុម រីឯពលរដ្ឋនិងប្រទេសជាតិជាអ្នករងគ្រោះ។
លោក សូ ចន្ថា ជំរុញឲ្យអ្នកនយោបាយគួប្រកួតគ្នាដោយតម្កល់ប្រយោន៍ជាតិជាធំ តាមយន្តការប្រជាធិបតេយ្យ ជាជាងធ្វើអ្វីដើម្បីតែប្រយោជន៍បក្សពួក។
លោកថា៖«សម្រាប់ខ្ញុំ ស្វាគមន៍ហើយអបអរសាទរចំពោះមន្ត្រីរាជការ កម្មករ ដែលត្រូវបានដំឡើងប្រាក់បៀវត្សនេះ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ឃើញៗ ជាគោលនយោបាយជាក់លាក់សម្រាប់លើកកម្ពល់ជីវភាពមន្ត្រីរាជការ របស់កម្មករ ជាពិសេសក្នុងប្រទេសកម្ពុជា ដែលទទួលបានផលពីការអភិវឌ្ឍពីកម្ពុជាទាំងអស់គ្នានោះ។ ជាជាងការដែលគ្រាន់តែប្រកាសដំឡើងប្រាក់បៀវត្សអីជាដើមនៅក្នុងដំណាក់កាលកេងចំណេញសន្លឹកឆ្នោតនោះ»។
យ៉ាងនេះក្តី ក្រៅពីប្រកាសដំឡើងប្រាក់ឈ្នួលកម្មករ ប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋាភិបាលក៏ប្រកាស ទិញផ្លូវមួយខ្សែ ពីក្រុមហ៊ុនលីយ៉ុងផាត់ ឲ្យធ្វើចរាចរណ៍ឥតបង់ថ្លៃឡើងវិញ និងប្រកាសថា ការដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ភ្នំបូកគោចាប់យប់រំលងអាធ្រាតថ្ងៃទី១០តុលានេះទៅនឹងមិនត្រូវបឹងថ្លៃឡើយ៕