ជនរងគ្រោះអំពាវនាវឲ្យប្រុងប្រយ័ត្ន ករណីជំរិតទារប្រាក់ពីសំណាក់ជនបរទេស

ប៉ូលិសចាប់ជនជាតិចិនជាង៥០នាក់បន្ថែមទៀត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ (រូបភាពពី FB)

បុរសម្នាក់ ដែលទំនងជារងគ្រោះពីហេតុការណ៍ជំរិតទារប្រាក់ អំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន​ចំពោះជនបរទេស ដែលមកស្នាក់នៅប្រទេសកម្ពុជា ខណៈអាជ្ញាធរមានសមត្ថកិច្ច ថាមានការលំបាក ក្នុងការចាត់វិធានការ។

កាលពីយប់ថ្ងៃសៅរ៍ ទី៦តុលាឆ្នាំ២០១៧ កន្លងទៅនេះ លោក វ៉ែន ចំរើន ដែលអះអាងជាជនរងគ្រោះ រៀបរាប់ថា មានជនជាតិចិន២នាក់ បានដើរសំដៅទៅឡានរបស់គាត់ ដែលចតនៅផ្សារទំនើប អេ អន ហើយថា ពួកគេបានយកកាំភ្លើងភ្ជុងក្បាល និងបម្រុងបើកឡាននាំគាត់ចេញពីផ្សារនោះ ប៉ុន្ដែមិនបានសម្រេច។

លោក វ៉ែន ចំរើន អាយុ៣៨ឆ្នាំ ប្រាប់ VOD បន្ថែមថា នៅយប់នោះ ជនជាតិចិនទាំង២នាក់ បានចាប់លោកដាក់ទៅក្នុងឡានគាត់វិញ ដោយថា ពួកគេបានយកស្កតចងដៃគាត់ក្រវាត់ទៅក្រោយ និងយកវ៉ែតាខ្មៅ បិទភ្នែកគាត់ទៀតផង។ ប៉ុន្ដែជាសំណាងល្អ លោកថា ជនជាតិចិនទាំង២នាក់នោះ រកសំបុត្រឡានមិនឃើញ ហើយក៏ទុករថយន្ដ និងគាត់ចោលនៅបរិវេណផ្សារ។ យ៉ាងណាមិញ លោកថា មិនដឹងពីគោលបំណងពិតប្រាកដរបស់ពួកគេនោះទេ ប៉ុន្ដែទំនងជា ចង់ជំរិតទារប្រាក់។

លោក អំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ឲ្យបង្កើនការប្រុងប្រយ័ត្ន ពេលដើរហើរយប់ព្រលប់ ឬករណីនៅកន្លែងស្ងាត់ ដោយថា ដើម្បីកុំឲ្យជួបករណីដូចរូបគាត់។

លោកថា៖ «ខ្ញុំស្មានតែវា ម្ចាស់ឡានមួយទៀត ដើម្បីយកឡានចេញទៅក្រៅ ដល់ដើរមកចូលជិតខ្ញុំទៅ វាយកកាំភ្លើងមកភ្ជង់ខ្ញុំ​។ គ្រាន់តែដឹងថា សម្បុរ វាពណ៌ស និយាយចំចិន ព្រោះអីវា និយាយភាសាចិន។ ឲ្យប្រជាពលរដ្ឋយើងទាំងអស់ មានការប្រុងប្រយ័ត្ន រឿងដែលថា ធ្វើដំណើរទៅណា ដោយម្នាក់ឯង ឬកន្លែងស្ងាត់»។

កាលពីថ្ងៃទី៥ខែតុលា កន្លងទៅ កម្លាំងនគរបាលនៃនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនប្រុសស្រី ចំនួន៨៤នាក់ រួមទាំងជនជាតិឥណ្ឌូនេស៊ី ៧នាក់ផ្សេងទៀត ដោយចោទពីបទរស់នៅខុសច្បាប់ និងពីបទ «ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត និងអនឡាញ» ព្រមទាំងរឹបអូសភស្ដុតាង និងសម្ភារៈកុំព្យូរទ័រ ជាច្រើនគ្រឿង។

ប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសីលា មានប្រសាសន៍ថា ជនបរទេស ដែលជាជនជាតិចិនទាំងនោះ ភាគច្រើន ចូលមកស្នាក់នៅខុសច្បាប់ និងប្រព្រឹត្តបទល្មើស «ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធើណេត»។

លោកថា អាជ្ញាធរមានការលំបាក ក្នុងការចាត់វិធានការ ដោយថា ពីដំបូងឡើយ ជនជាតិចិនទាំងនោះ បានចូលមកទឹកដីកម្ពុជា ដោយមានលិខិតបញ្ជាក់ត្រឹមត្រូវ។ ប៉ុន្ដែពួកគេបែរជា ប្រព្រឹត្តបទល្មើសផ្សេងៗ ដែលអាជ្ញាធរមិនអាចដឹងមុន។ ប៉ុន្ដែលោកថា សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនបរទេសខុសច្បាប់ទាំងនោះជាបន្ដបន្ទាប់ និងបានបញ្ជូនពួកគេឲ្យទៅទទួលទោសនៅប្រទេសកំណើតវិញ។

លោកថា៖ «មានតែចាប់ជំរិតតាមទូរសព្ទ ហើយស្នាក់នៅខុសច្បាប់ ប៉ុន្ដែទៅស្រុកវិញហើយ ដាក់គុកនៅហ្នឹង តែគាត់មកត្រឹមត្រូវតើ មាន Passport មានលិខិត។ ជនល្មើសវាប្រព្រឹត្តហើយ តែវាធ្វើខុសនឹងច្បាប់ យើងចាប់វាហើយ យើងរឹតបណ្ដឹងហើយ តែវាចូលមកត្រឹមត្រូវ តែវាប្រព្រឹត្តបទល្មើសតែរហូត ហើយយើងប៉ូលិសហ្នឹង ដើរក្រោយវាទេ ទាល់តែវាល្មើស បានយើងចាប់»។

ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និង​សន្តិភាព លោក​ យង់ គិមអេង យល់ថា អាជ្ញាធរគួរមានវិធានការបង្ការជាមុន ដូចជា តាមរយៈការចុះតាមដាននិងឃ្លាំមើលជនបរទេសទាំងនោះជាប្រចាំ បង្កើនការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងត្រួតពិនិត្យពួកគេ មុនអនុញ្ញាតឲ្យចូលមករស់នៅក្នុងប្រទេសកម្ពុជា។

លោកថា៖ «យើងអាចប្រើប្រាស់វិធានការបង្ការ គឺយើងធ្វើយ៉ាងណា នៅពេលជនជាតិចិនទាំងអស់នោះ មកស្នាក់នៅ អាចនឹងឲ្យគាត់ផ្ដល់អាស័យដ្ឋានច្បាស់លាស់ អាចចុះធ្វើការត្រួតពិនិត្យ ចុះទៅតាមដានដែរពីសកម្មភាពរបស់ពួកគាត់ ការកំណត់ពីការស្នាក់នៅជាក់លាក់មួយ ខ្ញុំថា ក៏មិនងាយនឹងមានការប្រព្រឹត្តបទល្មើសដែរ។ ជីវប្រវត្តិអីខ្លះនោះ យើងអាចសហការជាមួយអាជ្ញាធរចិន ថាតើគាត់ជាមនុស្សយ៉ាងម៉េច នៅស្រុកចិននោះ»

របាយការណ៍ពីនាយកដ្ឋានអន្ដោប្រវេសន៍ឲ្យដឹងថា រាប់គិតពីឆ្នាំ២០១១មក មានជនសង្ស័យជាជនជាតិចិនប្រមាណ ១០៥០នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីពួកគេបានប្រព្រឹត្តបទល្មើសលើទឹកដីកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ