គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អះអាងថា ស្ថានភាពគ្រោះមហន្តរាយនៅកម្ពុជា ក្នុងឆ្នាំនេះ មិនធ្ងន់ធ្ងរដូចឆ្នាំមុនៗនោះទេ ខណៈរបាយការណ៍បង្ហាញថា មនុស្សជាង ១០០នាក់ បានបង់ជិវិត ដោយសារគ្រោះធម្មជាតិ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧នេះ។
ប្រធានប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបើកវេទិកា «អាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ» នៅព្រឹកថ្ងៃទី១៣តុលានេះថា នៅឆ្នាំនេះ គ្រោះមហន្តរាយធម្មជាតិ មានសភាពមិនធ្ងន់ធ្ងរនោះទេ ដោយសារកត្តាធម្មជាតិ មានអំណោយផលសម្រាប់កម្ពុជា ខណៈមនុស្ស១០៥នាក់ បានស្លាប់បាត់បង់ជិវិត ក្នុងរយៈពេល៩ខែឆ្នាំ២០១៧នេះ ក្នុងនោះ ៧៥នាក់ បានបាត់បង់ជីវិត ដោយសាររន្ទះបាញ់។
លោកថា៖ «ដូច តំណាងលោកជំទាវអភិបាលរាជធានី ឯកឧត្តមតំណាងអភិបាលខេត្ត បានធ្វើចំណាប់អារម្មណ៍ថា ខិតខំដោះស្រាយបញ្ហានេះ ឲ្យបានល្អ នឹងមានសុវត្ថិភាព។ បានសេចក្តីថា ទីក្រុងស្អាតបានន័យថា ជៀសវាងមានបញ្ហាគ្រោះជំនន់ទឹកភ្លៀង។ ក្រៅពីនោះ ទឹកជំនន់ទន្លេមេគង្គ ដូចមិនមានទេក្នុងស្ថានភាពមួយ ដែលយើងគ្រប់គ្រងបានល្អ»។
នៅថ្ងៃទី១៣ខែតុលានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានរៀបចំទិវា អាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ «សុវត្ថិភាពនិងភាពធន់សហគមន៍សម្រាប់ភាពធន់អាស៊ាន» និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ ក្រោមប្រធានបទ «លំនៅឋានសុវត្ថិភាព»។
របាយការណ៍ទិន្នន័យរបស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឲ្យដឹងថាចាប់តាំងពីឆ្នាំ១៩៩៦ មកដល់បច្ចប្បន្ននេះ គ្រោះមហន្តរាយ បានសម្លាប់ជិវិតមនុស្សអស់២ ២២០នាក់ ខណៈលំនៅឋានជាង៦ម៉ឺនខ្នង ត្រូវបានបំផ្លាញ៕