គីម ជុងអ៊ុន​ កំពុង​រៀបចំទាក់ទាញភ្ញៀវទេសចរទៅតំបន់សាកល្បងអាវុធ

ទីក្រុងវ៉ុនសាន ជាទីក្រុងមួយជាប់ឆ្នេរសមុទ្រ សម្រាប់ឲ្យគ្រួសារត្រកូលរបស់មេដឹកនាំកូរ៉េខាងជើងទៅកំសាន្តលំហែងកាយនៅរដូវក្តៅ ដោយសារទីនោះសម្បូរអាហារសមុទ្រ និង មានខ្យល់អាកាសល្អ ខណៈតំបន់ផ្សេងៗទៀតក្តៅ។​ វ៉ុនសានគឺជា ទីក្រុងមួយជាប់តំបន់ឆ្នេរជប៉ុន នៅភាគខាងកើតនៃឧបទ្វីបកូរ៉េ គឺស្ថិតនៅចម្ងាយជាង២០០គីឡូម៉ែត្រពីទីក្រុងព្យុងយ៉ាង។​

ប៉ុន្តែមេដឹកនាំវ័យក្មេងរបស់ប្រទេសនេះ លោកគីម ជុងអ៊ុន កំពុងតែរៀបចំអភិវឌ្ឍន៍តំបន់នោះឲ្យទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរផង និង ទៅជាកន្លែងសាកល្បងអាវុធមីស៊ីលយ៉ាងសំខាន់។ ទីក្រុងនេះបច្ចុប្បន្នមានមនុស្សរស់នៅតែជាង ៣សែននាក់ ហើយរដ្ឋគ្រោងនឹងចំណាយលុយខ្ពង់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ឲ្យមានការទាក់ទាញភ្ញៀវទេសចរទៅកំសាន្ត។​

អំឡុង​ពេលកំពុងរៀបចំតំបន់នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ កូរ៉េខាងជើង​ក៏បានបាញ់​សាកល្បងអាវុធមីស៊ីលនៅទីនោះអស់​ជិត​៤០ដើម​ ខណៈដែល​កម្មវិធីអាវុធនុយក្លេអ៊ែប្រទេសនេះ​កំពុងតែធ្វើឲ្យពិភពលោក​មានការភ័យខ្លាច។​

មានអ្នកតាមដានបញ្ហានេះខ្លះ បានហៅ​ លោក គីម ជុងអ៊ុន​ថា កំពុងឆ្កួតហើយដែលរៀបចំ​ទីក្រុងសម្រាប់សាកល្បងអាវុធផង និង រៀបចំដើម្បីទាក់ទាញភ្ញៀវទេសចរផងនោះ ព្រោះអាចនឹងមិនអ្នកហ៊ានទៅលេងនោះទេ ដោយសារការភ័យខ្លាច។​

គម្រោងអភិវឌ្ឍន៍តំបន់សម្រាប់ត្រកូលថ្នាក់ដឹកនាំ​ ឲ្យទៅជាតំបន់ទេសចរទូទៅនេះគឺចាប់ផ្តើមប្រកាសតាំងពីឆ្នាំ២០១៤​ ហើយនៅក្នុងសៀវភៅមគ្គុទេសក៍ ឬ សៀវភៅដែលនាំផ្សព្វផ្សាយឲ្យភ្ញៀវទេសចរចាប់អារម្មណ៍ដែលចេញផ្សាយកាលពីឆ្នាំ២០១៥ និង ២០១៦នោះមានសរសេរជាភាសាកូរ៉េ ភាសារុស្ស៊ី និង ភាសាអង់គ្លេស។​

កូរ៉េខាងជើងក៏កំពុងផ្សព្វផ្សាយឲ្យមានអ្នក​វិនិយោគ​ទុនពីបរទេសចាប់អារម្មណ៍ក្នុងបោះទុនវិនិយោគនៅតំបន់ទេសចរពិសេសដែលមានផ្ទៃដីជាង ៤០០ហិកតា ក្នុងតម្លៃ១,៥ ពាន់លានដុល្លារ។​

តាមសៀវភៅមគ្គុទេសក៍ឲ្យដឹងទៀតថា ទីនោះមានតំបន់ទេសចរប្រវត្តិសាស្ត្រចំនួន​១៤០កន្លែង ឆ្នេរខ្សាច់ចំនួន​១០ តំបន់ទាក់ទាញភ្ញៀវទេសចរ១៨០ កន្លែងទឹកផុសចំនួន​៤ កន្លែងងួតទឹកធម្មជាតិច្រើន​កន្លែង ហើយពិសេសនោះមានភក់ធម្មជាតិជាង ៣,៣លានតោន ​ដែលអាចព្យាបាលជំងឺប្រព័ន្ធប្រសាទ និង រលាកបោះវៀន។

នៅដើមឆ្នាំ២០១៧នេះ លោក គីម ជុងអ៊ុន​បានបញ្ជូន មន្ត្រីរបស់ខ្លួនចំនួន​១៦នាក់ទៅ ប្រទេសអេស្ប៉ាញ ដើម្បីសិក្សាយកចំណុចសំខាន់ៗនៃសំណង់​ហើយយក​ទៅអភិវឌ្ឍន៍ទីក្រុងវ៉ុនសាន។​ អ្នកជំនាញរបស់លោក​គីម ជុង អ៊ុន មួយក្រុមក៏បានបន្តការស្រាវជ្រាវនៅតាមប្រាសាទបុរាណរបស់ប្រទេស អេហ្ស៊ីប ក្រិច និង ប្រទេសអ៊ីតាលី ផងដែរ ដើម្បីប្រមូលគំនិតទាំងនេះទៅសាងសង់សំណង់។​

​នៅក្នុងសៀវភៅមគ្គុទេសក៍បញ្ជាក់ ពីការធានាផលប្រយោជន៍របស់ក្រុមហ៊ុន បរទេស ហើយបរទេសអាចដាក់ភាគហ៊ុនរហូតដល់ជាង៦១ភាគរយ។ ចំណែកដីវិញ​គឺមិនអាចផ្តល់ជាកម្មសិទ្ធិឲ្យទេ តែផ្តល់សិទ្ធិឲ្យក្រុមហ៊ុនគ្រប់គ្រង និង ទទួលផលបានរយៈពេល​៥០ឆ្នាំ។​

ព្រលានយន្តហោះអន្តរជាតិ​មួយបានកសាងរួចហើយកាលពីឆ្នាំ​២០១៥។ប៉ុន្តែរហូតដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនបរទេសណាមួយប្រកាសពីការសហការជាមួយកូរ៉េខាងជើង​ក្នុងការអភិវឌ្ឍន៍នោះទេ ខណៈសហរដ្ឋអាមេរិក​បានចេញបំរាម​ហាមដល់ប្រជាជនអាមេរិកទាំងអស់មិនឲ្យធ្វើដំណើរទៅកូរ៉េខាងជើងនោះ ជាផ្នែកមួយនៃការដាក់ទណ្ឌកម្ម និង ដើម្បីសុវត្ថិភាពពលរដ្ឋ។​ ប្រជាជនអាមេរិក​ចំនួន​១៦នាក់កំពុងជាប់ឃុំ​នៅពេលដែលធ្វើដំណើរទៅកូរ៉េខាងជើង​ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនចោទពីបទល្មើសផ្សេងៗ។​

នៅពេលលោកគីម ជុងអ៊ុន​ឡើងកាន់​តំណែងជំនាន់ទី៣នៃគ្រួសារត្រកូលគីមគឺលោក​ ចង់រៀបចំសេដ្ឋកិច្ចប្រទេសនេះឲ្យក្លាយទៅជា ប្រទេសមានទីផ្សារសេរីដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជាមួយទីផ្សារពិភពលោក ប៉ុន្តែដោយសារ តែស្ថានភាពនយោបាយ​កូរ៉េខាងជើងត្រូវអន្តរជាតិដាក់ក្នុងបញ្ជីខ្មៅ ឬ ហៅថាជារដ្ឋឯកកោ។​

តាមសារព័ត៌មាន​ The Guardian បានពិពណ៌នាថា កូរ៉េខាងជើងគឺជាកន្លែងដែលគ្រោះថ្នាក់សម្រាប់ភ្ញៀវទេសចរ​ បើសិនជាមានការសង្ស័យថា អ្នកនោះជាចារកម្ម ឬ អ្នកធ្វើយុទ្ធនាការផ្សេងដើម្បីបំផុសឲ្យពលរដ្ឋងើបបះបោរប្រឆាំងជាមួយ។​ សារព័ត៌មាននេះឲ្យដឹងទៀតថា ក្នុង១ឆ្នាំ​កូរ៉េខាងជើង​ទទួលបានភ្ញៀវទេសចរបរទេសប្រមាណ​៥០០០នាក់​ ប៉ុណ្ណោះ។​

បញ្ហាកំពុងប្រឈមមុខខ្លាំងជាមួយអន្តរជាតិ​

បញ្ហាប្រឈមខ្លាំងរបស់កូរ៉េខាងជើងជាមួយឆាកអន្តរជាតិ​គឺកម្មវិធីអាវុធនុយក្លេអ៊ែ។​ យ៉ាងហោចណាស់របបកូរ៉េខាងជើង​ដែលដឹកនាំដោយត្រកូលគីមបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែចំនួន​៦ដង ក្នុងឆ្នាំ​២០០៦ សាកល្បង១លើក នៅឆ្នាំ​២០០៩ សាក១លើក ឆ្នាំ២០១៣ ១លើក ២០១៦ សាក២លើក និង ២០១៧ បាញ់១លើកទៀត​កាលពីថ្ងៃទី៣ខែកញ្ញា។

ពេលនេះ សហគមន៍អន្តរជាតិ​រួមទាំងចិនជាសម្ព័ន្ធស្និទ្ធ ក៏ប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើងដែរតាមរយៈកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចមួយចំនួន។

ចាប់ពីប្រធានាធិបតីអាមេរិក​លោក ដូណល ត្រាំ ឡើងកាន់អំណាចតាំងពីដើមឆ្នាំ២០១៧មក ការវាយប្រហារដោយពាក្យសម្តីកាន់តែខ្លាំងដាក់គ្នា ហើយរួមមានទាំងការចល័តនាវាចម្បាំងរបស់អាមេរិកទៅឧបទ្វីបកូរ៉េ ដោយសារតែបញ្ហានេះ។

អ្នកស្រាវជ្រាវមួយចំនួន​នៅតែយល់​មិនច្បាស់លាស់​ពីបំណងពិតប្រាកដនៃការអភិវឌ្ឍន៍ទីក្រុងវ៉ុន សាន ទៅជាកន្លែងសាកល្បងអាវុធផង និង ជាកន្លែងសម្រាប់ភ្ញៀវទេសចរផង។​ ប្រែសម្រួលខ្លឹមសារពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ