ពលរដ្ឋថាពីមុនតម្លៃសំបុត្រកំណើតថ្លៃពេកទើបគ្មានលុយធ្វើ

ពលរដ្ឋមួយចំនួននៅសង្កាត់លលកស ក្នុងខេត្តពោធិ៍សាត់ អះអាងថា ពីមុនតម្លៃធ្វើអត្រានុគោលដ្ឋាន(សំបុត្រកំណើត)ថ្លៃពេក ទើបគ្មានលទ្ធិភាពធ្វើឲ្យកូនៗរបស់ពួកគាត់ រហូតមកដល់បច្ចុប្បន្ន។

ពលរដ្ឋម្នាក់នៅភូមិដំណាក់អំពិល អ្នកស្រី ឈឹម សម្បត្តិ អាយុ ៣៣ឆ្នាំ​ បាននិយាយថា គាត់មានកូនចំនួន ៧នាក់ ប៉ុន្តែ មានតែកូនបងគេម្នាក់ប៉ុណ្ណោះ ដែលបានទៅធ្វើសំបុត្រណើត ចំណែកកូនៗ ៦នាក់ទៀត មិនបានទៅធ្វើនោះទេ ដោយគាត់អះអាងថា គ្មានលទ្ធិភាពធ្វើ ព្រោះត្រូវចំណាយលុយអស់ច្រើនពេក។

អ្នកស្រី បានបញ្ជាក់ថា «ខ្ញុំអត់ដែលដឹងថារដ្ឋឈប់លុយទេ ស្មានតែគេនៅយកដូចមុន ណាមួយខ្លួនខ្ញុំឈឺជាប់រហូតប៉ុន្មានឆ្នាំនេះ ហើយប្តីទៅធ្វើការបាត់ៗ ទើបមិនបានដឹងព័ត៌មានអីហ្នឹងគេ»

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ឈឹម សម្បូរ អាយុ ៣២ឆ្នាំ​ បានឲ្យដឹងថា កាលពីកូនរបស់គាត់មានអាយុជាង ១ខែ ​​​​​​​​​​​​​គាត់បានយកទៅធ្វើសំបុត្រកំណើត ជាច្រើនដងដែរ ក៏ប៉ុន្តែ ខាងអាជ្ញាធរថា មិនទាន់មានឯកសារគ្រប់គ្រាន់សម្រាប់ធ្វើនោះទេ។

អ្នកស្រីបញ្ជាក់ថា «កាលកូនខ្ញុំអាបង ទើបកើតបានជាង ១ខែ ទៅធ្វើម្តងខ្វះនេះ ម្តងខ្វះនោះ ទៅ ៤ដងខ្វះរហូត ខ្ជិលឈប់ទៅធ្វើ»

អ្នកស្រីបន្ថែមទៀតថា គាត់មានកូនចំនួន ២នាក់ រហូតមកដល់បច្ចុប្បន្ន មិនទាន់មានសំបុត្រកំណើតនៅឡើយ ដោយគាត់អះអាងថា មិនសូវមានពេលទំនេរ ខណៈទៅធ្វើច្រើនដងនៅតែមិនទាន់បាន។

ស្មៀនសង្កាត់លលកស លោក យឹម វឿន បានបញ្ជាក់ថា ការចុះបញ្ជីអត្រានុគោលដ្ឋាន គឺធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ បើគ្មានឯកសារបញ្ជាក់គ្រប់គ្រាន់ អាជ្ញាធរមិនអាចធ្វើបាននោះទេ។
លោកស្នើរទៅប្រជាពលរដ្ឋ ដែលចង់ធ្វើសំបុត្រកំណើត ត្រូវទាក់ទងទៅលោកមេភូមិ ដើម្បីសាកសួព័ត៌មាន និងបំពេញឯកសារពាកព័ន្ធផ្សេងៗជាមុនសិន ទើបឃុំអាចធ្វើឲ្យបាន។

ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នូ រ៉េន 

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។