វិភាគ៖ តើ​ប្រជាធិបតេយ្យ​កម្ពុជា​ក្លាយ​ចំណាប់​ខ្មាំង​នៃ​ទំនាក់​ទំនង​​តាន​តឹង​កម្ពុជា-អាមេរិកឬ?

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry និងលោក ហ៊ុន សែន (រូបភាពពី AFP)

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​​អំពាវ​នាវ​ជា​បន្ត​បន្ទាប់​ទៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ជាពិសេស​សហរដ្ឋ​អាមេរិក ឲ្យ​​ផ្ដល់​ការ​អនុគ្រោះ​​ផ្នែក​ពន្ធគយ និង​កូតា​ ដល់​ផលិត​ផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង​កម្ពុជា ខណៈ​ដែល​​អាមេរិក​នៅ​មិន​ទាន់​អនុម័ត​ផ្ដល់​ការ​លើក​លែង​ពន្ធ​ថ្មី​សម្រាប់​ផលិត​ផល​កាត់​ដេរ​នាំ​ចេញ​ពី​កម្ពុជា​នៅ​ឡើយ​នោះ​ទេ។

សភាអាមេរិក រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​អនុម័ត​ច្បាប់​ថ្មី​សម្រាប់​ផ្ដល់​ការ​អនុគ្រោះ​ផ្នែក​ពន្ធគយ និង​កូតា​បរិមាណ​ដល់​កម្ពុជា​នៅ​ឡើយ​ទេ គិត​ចាប់​តាំង​ពី​សំណើ​ច្បាប់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​គណៈកម្មាធិការ​ជំនាញ​នៅ​ក្នុង​សភា​អាមេរិក​កាល​ពី​ខែ​មិថុនា​កន្លង​មក​នេះ។

រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា លោក អ៊ុច បូររិទ្ធ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​កន្លង​មក​នេះ​ថា លោក​ព្រួយ​បារម្ភ​ថា អាមេរិក​អាច​នឹង​បិទ​ទីផ្សារ​របស់​ខ្លួន និង​មិន​នាំ​ចូល​ផលិត​ផល​សម្លៀក​បំពាក់​ពី​កម្ពុជា ខណៈ​ដែល​អាមេរិក​ក៏​បាន​ប្រកាស​កាត់​ផ្ដាច់​ជំនួយ​របស់​ខ្លួន​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។

បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​ការបរទេស​សម្ដែង​ក្ដី​បារម្ភ​បែប​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក ហេង សួរ ​បាន​អំពាវ​នាវ​អំពាវ​នាវ​​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​តុលា​នេះ ទៅ​ដល់​ទាំង​អឺរ៉ុប និង​អាមេរិក ឲ្យ​បង្កើន​ការ​ទិញ​ផលិត​ផល​កាត់​ដេរ​ពី​កម្ពុជា។

មិន​ដល់ ២​សប្ដាហ៍​ក្រោយ​មកផង ឬ​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន់ សូរស័ក្តិ ក៏​បាន​អំពាវ​នាវ​ផង​ដែរ ដោយ​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ខ្លាំង ផ្ដល់​ការ​អនុគ្រោះ​លើ​ផ្នែក​ពន្ធគយ និង​បរិមាណ សម្រាប់​ទំនិញ​នាំ​ចូល​ពី​ប្រទេស​អភិវឌ្ឍន៍​តិច​តួច ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។

ការ​អំពាវ​នាវ​នោះ ក៏​បាន​កើត​ឡើង​ចំ​ពេល​ដែល​សភា​អាមេរិក បាន​អំពាវ​នាវ​ឲ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ជុំ​វិញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម​ សុខា ក្រោម​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ» ដោយ​ឃុបឃិត​ជាមួយ​អាមេរិក​ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ដោយ​ពិនិត្យ​មើល​ហេតុការណ៍ និង​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ វា​បាន​ចង្អុល​បង្ហាញ​នូវ​មន្ទិល​សង្ស័យ​មួយ​ថា តើ​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​នៅ​ក្នុងភាព​តាន​តឹង​កម្ពុជា-អាមេរិក​ជុំ​វិញ​កូតានាំ​ចូល​ផលិត​ផល​កាត់​ដេរ​កម្ពុជា ឬ​យ៉ាង​ណា?

ជុំ​វិញ​វិវាទ​កម្ម​កម្ពុជា-អាមេរិក​ថ្មីៗ​នេះ សាស្ត្រាចារ្យ​ដើម​កំណើត​ខ្មែរ​នៅ​អាមេរិក បណ្ឌិត អៀ សុផល ឲ្យ​ដឹង​តាម​រយៈ​អ៊ីម៉ែល​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ចង់​បាន​ការ​អនុគ្រោះ​ពី​អាមេរិកជុំ​វិញ​បញ្ហា​នានា ក្នុង​នោះ​មាន​ទាំង​ពន្ធគយ និង​កូតា​សម្រាប់​ការ​នាំ​ចូល​ផលិត​ផល​ស្បែក​ជើង​ផង​នោះ លោក​យល់​ថា វា​មិន​អាច​ទៅ​រួច​នោះ​ឡើយ ខណៈ​ដែល​លោក ហ៊ុន សែន ថ្លែង​វាយ​ប្រហារ​អាមេរិក​នោះ។

គិតចាប់​តាំង​ពី​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​មក ក្រៅ​ពី​ការ​អំពាវ​នាវ​ទៅ​ដល់​អាមេរិក​ដែល​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ផលិត​ផល​កាត់​ដែរ​កម្ពុជា ឲ្យ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធគយ និង​លើ​បរិមាណ​នោះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ថ្លែង​វាយ​ប្រហារ​អាមេរិក ជុំ​វិញ​ការ​ទម្លាក់​គ្រាប់​បែក​បង្ក​មហន្តរាយ​នៅ​កម្ពុជា​នៅ​អំឡុង​ទសវត្សរ៍ ១៩៧០ ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​អតីត​ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ការ​គាំ​ទ្រ​របប​​លោក លន់ នល់។ ការ​ថ្លែង​វាយ​ប្រហារ​ទៅ​លើ​អាមេរិក​ជុំ​វិញ​ជម្លោះ​កាល​ពី​អតីត​កាល​នេះ ភាគច្រើន​បំផុត ត្រូវបាន​ធ្វើ​ឡើង​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អំឡុង​ពេល​លោក​ថ្លែង​ជា​សាធារណៈ​ទៅ​កាន់​ប្រជា​ពលរដ្ឋ។

ខណៈ​ដែល​មេដឹកនាំ​កម្ពុជា​ថ្លែង​វាយ​ប្រហារ​អាមេរិក​​ផង និង​អំពាវ​នាវ​ផង​នោះ នៅ​តាម​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា គ្រាប់​បែក​គីមី​ធុន​ធ្ងន់ ត្រូវ​បាន​គេ​រក​ឃើញ ហើយ​អាជ្ញាធរ​មីន​កម្ពុជា អះ​អាង​ថា ជា​កាក់​សំណល់​សង្គ្រាម​បន្សល់​ទុក​ដោយ​អាមេរិក តាំង​ពី​ទសវត្សរ៍ ១៩៧០។ លោក ហ៊ុន សែន ថែម​ទាំង​បាន​អញ្ចើញ​អគ្គ​រដ្ឋ​ទូត​អាមេរិក ឲ្យ​ទៅ​មើល​គ្រាប់​បែក​នោះ​ទៀត​ផង ប៉ុន្តែ លោក​ក៏​បាន​ថ្លែង​បែប​សម្រួល​ទៅ​វិញ​ផង​ដែរ​ថា អាមេរិក​នឹង​មិន​ទៅ​យក​គ្រាប់​បែក​នោះ​ទេ ផ្ទុយ​ទៅ​វិញ មាន​តែ​សមត្ថកិច្ច​កម្ពុជា​ប៉ុណ្ណោះ​រ៉ាប់​រង​លើ​កាក់​សំណល់​សង្គ្រាម​ដ៏​គួរ​ឲ្យ​សង្ស័យ​នោះ។

លោក​បណ្ឌិត អៀ សុផល ​គឺ​ជា​សាស្ត្រាចារ្យ​ជំនាញ​កាទូត និង​កិច្ចការ​ពិភព​លោក​នៅ​មហាវិទ្យាល័យ Occidental នៅ​ទីក្រុង​ឡូសអែនជឺលែស ហើយ​លោក​​បាន​សរសេរ​និក្ខេបបទ​ថ្នាក់​បណ្ឌិត​ស្ដី​ពី «ការ​ពឹង​ផ្អែក​លើ​ជំនួយ​នៅ​កម្ពុជា ​របៀប​ដែល​ជំនួយ​បរទេស​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្បុជា»​។ សាស្ត្រាចារ្យ​រូប​នេះ លើក​ឡើង​បន្ត​ទៀត​ថា ប្រសិន​បើ​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពិតជា​មាន​ទំនាក់​ទំនង​នឹង​​បញ្ហា​កូតា​សម្រាប់​ផលិត​ផល​កាត់​ដេរ​មែន​នោះ លោក​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ផ្លាស់​ប្ដូរ​ជំហរ​របស់​ខ្លួន​ទាំង​ស្រុង ហើយ​សម្អាត​ខ្លួន​ ជា​ជាង​នៅ​តែ​បន្ត​បន្ទោស​អ្នក​ដទៃ​ជុំ​វិញ​បញ្ហា​នានា​របស់​ខ្លួន។

ភាព​តាន​តឹង​ថ្មីៗ​នេះ​រវាង​កម្ពុជា និង​អាមេរិក​ ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បង្ហាញ​នូវ​តម្រុយ​ឲ្យ​មាន​ការ​ចរចា​ជា​កញ្ចប់ ប៉ុន្តែ នាយក​រង​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិក្សា​យុទ្ធសាស្ត្រ លោក​បណ្ឌិត ឈាង វណ្ណរិទ្ធ បាន​លើក​ឡើង​ថា បញ្ហា​ទាំង​ប៉ុន្មាន​រវាង​​​កម្ពុជា និង​អាមេរិក គឺ​ជា​បញ្ហា​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​សម្ពាធ​ចេញ​ពី​រដ្ឋាភិបាល​កម្ពុជា ក៏​គ្មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​រដ្ឋាភិបាល​អាមេរិក​ដែរ ខណៈ​ដែល​កម្ពុជា ជា​ប្រទេស​តូច​តាច​នៅ​ក្នុង​តំបន់​នោះ។

អ្នក​វិភាគ​តំបន់​អាស៊ាន​នៅ​​អង្គភាព​បញ្ញាវ័ន្ត​សេដ្ឋកិច្ច លោក Miguel Chanco ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​អាមេរិក​ផ្ដល់​ការ​អនុគ្រោះ​ពន្ធគយ និង​កូតា​នាំ​ចូល​ផលិត​ផល​ស្បែក​ជើង​ដល់​កម្ពុជា វា​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ប្រសើរ​ឡើង​បន្តិច ខណៈ​ដែល​សេដ្ឋកិច្ច​ប្រទេស​នេះ​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ។

ទោះជាយ៉ាងណា លោក​លើក​ឡើង​បន្ថែម​ថា ស្ថានភាព​​ធ្លាក់​ចុះ​ខាង​ផ្នែក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រហែល​ជា​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​ទទួល​បាន​ការ​អនុគ្រោះ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ GSP នោះ​ឡើយ។ លោក​បន្ថែម​ថា សភា​អាមេរិក​នឹង​ផ្អាក​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​គយ និង​កូតា​ដល់​កម្ពុជា រហូត​ទាល់​តែ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​លំហូរ​ប្រជាធិបតេយ្យ​កាន់​តែ​ប្រសើរ​ឡើង​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ