បទយកការណ៍៖ ក្រុមស្ត្រីមួយចំនួនថា ជួបការលំបាកផ្នែកជីវភាព ក្រោយពី​ថៅកែបញ្ចប់កិច្ចសន្យាការងារ

ក្រុមកម្មការិនី មួយចំនួននៅតាមជាយ និងក្នុង​រាជធានីភ្នំពេញ បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ពួកគេជួបផលលំបាកច្រើន​ បន្ទាប់ពី​ថៅកែ បញ្ចប់កិច្ចសន្យាខ្លីការងារ។

បើតាមក្រុមកម្មការិនី កិច្ចសន្យាខ្លីនោះ មាន​រយៈពេល៣ខែ ហើយក្នុង​១ខែ​ ធ្វើ​កិច្ច​​សន្យា​ម្តង ខណៈ​កិច្ច​សន្យា​វែង​ មានរយៈពេល១ឆ្នាំ។ ពួកគេ​ថា ការធ្វើការងារ តាមរយៈកិច្ចសន្យាខ្លីនេះ ​ទទួល​អត្ថ​ប្រយោជន៍​​ផ្សេងៗ ដូចអ្នកធ្វើ​ការ តាមរយៈ​កិច្ចសន្យាវែងទេ ហើយថែមទាំង ​ប្រឈមថៅកែរោងចក្រ​បញ្ឈប់​មុន​គេ​​ពេលកំណត់ទៀតផង​។

ក្រោយពីថៅកែរោងចក្រមួយចំនួន បញ្ឈប់កម្មករពី​កិច្ចសន្យាខ្លី នៅប៉ុន្មានខែចុងក្រោយនេះ​​ ធ្វើ​​ឲ្យក្រុមកម្មការិនី ​ជួប​បញ្ហា​ប្រឈម​ច្រើន ដោយ​​​ពួកគេអះអាងស្រដៀងគ្នា​​ថា អ្នកខ្លះ ​សម្រេច​ចិត្ត​ទៅ​ជួយ​ធ្វើ​ការងារផ្ទះ ដំាដំណំា និង​ខ្លះ​​ទៀត​ នាំ​​គ្នា​​ទៅ​ធ្វើការនៅកន្លែងបំរើសេវាកំសាន្ត​ជាដើម ដោយ​ថា ​ដើម្បី​រក​ប្រាក់​​ជួយ​ទ្រទ្រង់ជីវភាព​គ្រួសារ​។

ក្នុងទឹកមុខស្រងូតស្រងាត់ អតីតកម្មការិនី វ័យ សុមាលី អះអាងថា នាងធ្លាប់ធ្វើការងារនៅរោងចក្រ ឃីង វ៉េ ជាង២ឆ្នាំ ដែលស្ថិតនៅភូមិ​ព្រែក​ត្រែង​ ឃុំសិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល។ កម្មការិនីរូបនោះ ថា ​​កាល​ពីពេលថ្មីៗនេះ ថៅ​កែរោង​ចក្រ បានឈប់​បន្ត​​​កិច្ច​សន្យា​ខ្លី​ឲ្យ​កម្មករ​​​ប្រហែល១ពាន់​នាក់ ដោយថារោងចក្រគ្មាន​ការងារ​ឲ្យ​ធ្វើ។

ករណីនេះ កញ្ញា សុមាលី ឲ្យដឹងទៀត​ថា បន្ទាប់ពីក្រុមហ៊ុន​បញ្ចប់​កិច្ចសន្យាខ្លី ធ្វើ​ឲ្យ​​​ប៉ះ​ពាល់ដល់​​​ជីវ​ភាព​គ្រួសារ ដោយថា ពិបាក​ស្វែង​រកការងារថ្មី ខណៈបច្ចុប្បន្ន គាត់​ថា ជួយ​ធ្វើការងារផ្ទះ និង​ដំាបន្លែ ដើម្បី​រក​ប្រាក់​ចំណូល​​ទ្រទ្រង់​ជីវភាពគ្រួសារ​។

កញ្ញា សុមាលី៖ «ប៉ះពាល់ ជីវភាពយើង ព្រោះលុយកាក់យើង រកបានតិចតួច​ បើពីមុន ​យើងធ្វើការបា​ន​ប្រាក់ខែ​ ២០០ដុល្លារ យើងអាច​ឲ្យក្រុមគ្រួសារ ពុក ម៉ែ ជួយសងថ្លៃទឹក ភ្លើង​ឲ្យគេ តែឥឡូវ​ យើងអត់​មានអ្វីជួយគាត់​ អត់ចឹងមានតែធ្វើការនៅផ្ទះ ជួយកិច្ចការពុកម៉ែ​ តិច​តួច ចំណូលបានតិច​ អត់ជួយពុក ម៉ែបានច្រើន​ទៀត​»។

ក្នុងពិធីជួបជាមួយកម្មករ កាលពីថ្ងៃទី៤តុលា កន្លងទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា មានកម្ម​ក​រ​ បានប្រា​​​ប់​លោកថា ការប្រើប្រាស់កិច្ចសន្យាខ្លី ធ្វើឲ្យពួកគេងាយបាត់បង់ការងារ និងអត្ថប្រយោ​ជន៍​​ផ្សេ​ងៗ​ បើ​ថៅកែរោងចក្រ មិនពេញចិត្តដោយហេតុផលណាមួយ។

លោក ហ៊ុន សែន ក៏ប្រាប់ឲ្យក្រសួងការងារ និងថៅរោងចក្រ រួមគ្នាដោះ​ស្រាយបញ្ហា​នេះ ដោយថា ដើម្បីធានាប្រយោជន៍ទាំងសងខាង និងចៀសវាងការផ្ទុះបាតុកម្មណាមួយ ដោយសា​រវិវា​ទផល​ប្រ​យោ​ជន៍​នេះ។

ទោះជាបែបនេះក្តី កម្មករ កម្មការិនី បាននិយាយស្រដៀងគ្នាថា ពួកគេនៅតែរងគ្រោះ ដោយសារថៅកែ​រោង​​ចក្រមួយចំនួន ឈប់បន្តកិច្ចសន្យាខ្លីឲ្យកម្មករ ជាពិសេសកម្មករ ដែលចូលរួមជាមួយសហជីព។ ករណី​នេះ​ ពួកគេថា មានអ្នកខ្លះសម្រេច​ចិត្តទៅធ្វើការងារ បំរើសេវាកំសាន្តនៅពេលយប់ ទំាង​ប្រថុយ​នឹង​គ្រោះ​ថ្នាក់។

កំពុងអង្គុយលើកៅអីមុខ​ផ្ទះ​ អតីត​កម្មការិនី សម្បត្តិ ស្រីម៉ៅ បានរៀប​រាប់​ថា ក្រោយពីថៅកែរោងចក្រឈប់​ផ្តល់​កិច្ច​សន្យាខ្លី គាត់​សម្រេ​ច​​​ចិត្ត​ទៅធ្វើការងា​រនៅកន្លែងបំរើសេវាកំសាន្ត ម្តុំ​ចាក់អង្រែលើ រាជធានី​ភ្នំពេញ​ជាង​ ៣ខែ​​មក​ហើយ​​។ ស្រីម៉ៅ បញ្ជាក់ថា គាត់​ព្រួយបារម្ពពីសុវត្ថិភាព ដោយថា ការងារ​បំរើសេ​វាកំ​សាន្ត​​[ផឹកស៊ី​]​ជួប​​បញ្ហាប្រឈមច្រើន ជា​ពិសេ​សត្រឡប់មក​ផ្ទះវិញ នៅ​ពេល​​យប់​។

កម្មការិនីនោះរៀប​រាប់ថា៖ «ជិះម៉ូតូតាមផ្លូវ ភ័យរឿងសុវត្ថិភាពតាមផ្លូវ ព្រោះមនុស្សយើង ​ឥឡូវមើលអត់​ឃើញ​​ និយាយទៅបើយើងអត់ទៅ យើងអត់លុយ​ មាន​តែសម្រេច​ចិត្តថាទៅ [បំរើសេវាកំសាន្ត] ដើម្បី [រក​]​ លុយ​​ជួយអ្នកផ្ទះ»។

សរុប​មក​វិញ កម្មករកម្មការិនី មួយចំនួន បាននិយាយស្រដៀងគ្នាថា ពួកគេមិនចង់​ឈប់ធ្វើកា​រនៅ​រោង​ចក្រ​នោះទេ ដោយពួកគេស្នើទៅរដ្ឋាភិបាលជួយគិតគូ​ដល់កម្មករឲ្យ​បានចូលធ្វើការក្នុងកិច្ចសន្យាវែង ដោយ​​ថា ដើម្បីឲ្យពួកគេទទួលបានប្រយោជន៍ពីវិស័យនោះ ទំាងពេលបច្ចុប្បន្ន និងអនាគត។

អង្គុយលើគ្រា ក្រោមសំយាបផ្ទះ អតីតកម្មការិនីនៅរោងចក្រ ស្យុង យិន​ យឿន ប៊ុនថា បានលើក​ឡើង​ប្រហាក់​​ប្រហែលនិងប្រភពខាងលើដែរ ប៉ុន្តែ​កម្ម​កររូបនោះ ស្នើទៅរដ្ឋាភិបាល​ជំរុញទៅថៅកែ​រោង​ចក្រ​​ជួយ​ទទួល​យក​កម្មករឲ្យបាន​ធ្វើ​ការងារ​ក្នុង​កិច្ច​សន្យាវែង ដោយថា កុំ​ឲ្យពួកគេជួប​បញ្ហា​ប្រឈម​ក្នុ​ង ជី​វ​​ភាព​គ្រួសារ​។

កម្មការិនីស្នើថា៖ «អាណត្តិ២ខែ ៣ខែ​ដល់ អាណត្តិ គេផ្តាច់​ ពិបាករកការងារធ្វើ ពិបាកខ្លំាងណាស់​ ដល់​ពេល​យើង​មានថេរវេលាវែងទៅ យើងដឹងតែទៅធ្វើការ បានលុយ​ ដល់ខែ អត់ភ័យ ដឹងតែបានលុយ​រហូត ខ្ញុំ​ច​ង់​​ឲ្យខាង​រដ្ឋាភិបាល ​ជួយជំរុញឲ្យខា​ងរោងចក្រ យកខ្ញុំចូលធ្វើការ​វិញ ហើយនឹង​អាណត្តិវែង១ឆ្នាំ​ចឹងទៅ​»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អះអាងថា បើតាមរបាយការណ៍ ដែលរកឃើញ គឺមាន​កម្មករ​រោងចក្រប្រមាណជាង៩០ភាគរយ ក្នុងចំណោមកម្មករ សរុបចំនួន ៨០ម៉ឺន​នាក់​ទូទាំង​ប្រទេស ​កំពុង​ធ្វើការ តាមរយៈកិច្ចសន្យាខ្លី ឬកិច្ចសន្យាកំណត់ថេរវេលា ដោយ​លោកថា កិច្ច​សន្យាប្រ​ភេទ​នេះ ធ្វើឲ្យក្រុមកម្មកររោងចក្រ​ រងផលប៉ះពាល់ជាច្រើន។

លោក​ អាត់ ធន់ ពន្យល់ថា កម្មករ ដែលជាប់កិច្ចសន្យាខ្លី តែងព្រួយបារម្ភពីការបណ្ដេញចេញពីការងារ បាត់​បង់​សិទ្ធិ​​ចូលរួមជាមួយសហជីព បាត់បង់ប្រាក់អត្ថប្រយោជន៍ប្រចាំឆ្នាំ របបសន្ដិសុខសង្គម និង​អត្ថ​ប្រយោជន៍​ផ្សេង​​ទៀតជាដើម។

លោក អាត់ ធន់ បន្ថែមថា ដើម្បីការពារសិទ្ធិរបស់កម្មករ លោកស្នើថា ម្ចាស់ក្រុមហ៊ុន ឬថៅកែរោងចក្រ គួរ កែ​ប្រែកិច្ចសន្យាទាំងនោះ ឲ្យទៅជាកិច្ចសន្យាវែង ឬកិច្ចសន្យា មិនកំណត់ថេរវេលាវិញ។

អនុប្រធានសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខាវឌូ លោក គង់ អាទិត្យ មាន​ប្រសាសន៍​ថា កម្មករ-កម្មការិនី ​បោះបង់ការងារពីរោងចក្រទៅរកការងារថ្មី ជាពិសេសនៅ​តាមកន្លែង បំរើសេវាកំសាន្ត ជាដើមនោះ លោកថា រឿង​នេះកើតឡើងច្រើនឆ្នាំមក​ហើយ។

លោកផ្តល់ជាយោបល់ថា៖ «បើយើងអាចអនុវត្តសេចក្តីបង្គាប់របស់អាជ្ញាកណ្តាល​ ថាអ្នកណាដែលធ្វើការ បា​ន​ចាប់ពី២ឆ្នាំ​ឡើងទៅ គាត់និង​ទទួលបានកិច្ចសន្យា​មិនកំណត់​ រឿង​ទី២ ខាង​និយោជក គាត់ត្រូវ​លុបបំបាត់ការរើសអើង​ ជួនកាលដោយសារគាត់មានការរើសអើង​រឿង​ស្ត្រីមានផ្ទៃពោះ​ រើស​អើងចាស់ រឿង​អើងអ្នកចូលសហជីព​ គាត់[ថៅកែរោងចក្រ​]យកហេតុផលកិច្ចសន្យាខ្លីមកធ្វើជាហេតុ​ផល ចំណុច​ទី៣ យើងមានអនុសញ្ញារួមថ្នាក់វិស័យមួយស្តីអំពីការកំណត់​ របៀបនៃការប្រើប្រាស់​កិច្ចសន្យា​ អាចដោះ​ស្រាយ​បញ្ហា​បាន​​​​»។  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ