ការប្រកបមុខរបរលក់ដូរនៅលើចិញ្ចើមផ្លូវ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ បានចាក់ស្រះជាច្រើនឆ្នាំមកហើយ សម្រាប់អ្នកដែលខ្វះខាតថវិកាជួល ឬទិញតូបលក់ដូរនៅក្នុងផ្សារជាដើម។
អាជីវករមួយចំនួន អះអាងប្រហាក់ប្រហែលគ្នាថា ដើមចមដែលនាំឲ្យពួកគេយកចំណីផ្លូវសាធារណៈ ជាពិសេសក្បែរផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីលក់បន្លែ ផ្លែឈើ សាច់ និងគ្រឿងទេសជាដើម ដោយថា ពួកគេមិនមានថវិកាជួល ឬទិញតូបនៅតាមផ្សារ ដូចអ្នកមានលុយនោះទេ។
កំពុងអង្គុយលក់បន្លែដែលដាក់ក្នុងល្អី លើចិញ្ចើមផ្លូវសាធារណៈ ស្ថិតនៅម្តុំផ្សារដើមគរ អាជីវករ ហាន់ ស្រីអូន បានរៀបរាប់ថា គាត់លក់នៅលើចិញ្ចើមផ្លូវនោះប្រហែលជា១០ឆ្នាំមកហើយ ដោយថា ពេលខ្លះត្រូវបានសន្តិសុខសណ្តាប់ធ្នាប់ ដេញមិនឲ្យលក់នៅលើចិញ្ចើមផ្លូវនោះទេ ដោយថា កុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ កកស្ទះចរាចរណ៍ និងខ្លាចមានគ្រោះថ្នាក់ចរាចរណ៍ជាដើម។
អាជីវករ រូបនោះអះអាងថា នៅមុខកន្លែងគាត់លក់ដូរ ពិតជាធ្លាប់មានគ្រោះថ្នាក់ស្លាប់ និងស្ទះចរាចរណ៍ពិត ប្រាកដមែន ករណីនេះ គាត់ថា ពេលខ្លះ ក៏ព្រួយបារម្ភពីសុវត្ថិភាពខ្លួនឯងផងដែរ។
អាជីវករនិយាយថា៖ «អ្នករកស៊ីជិតហ្នឹង ពេលឡានមក [បានបុក] គេងាប់ ពីរ បីនាក់ក៏មានដែរ[មុខកន្លែងលក់]ភ័យដែរ ធ្វើម៉េច អាជីពយើង វាអញ្ចឹង គ្រួសារត្រូវការយើងរកស៊ី បើយើងអត់ គ្នាបានអីហូប ហើយម៉ែយើងចាស់ៗ អស់ហើយ»។
អាជីវករទំាងនោះ បានអះអាងប្រហាក់ប្រហែលគ្នាថា ពួកគេលក់ដូរនៅលើចិញ្ចើមផ្លូវ ត្រូវបង់ថ្លៃភាស៊ី ចន្លោះពី៥០០ ទៅ ១ ០០០រៀល ក្នុងមួយថ្ងៃ ខណៈការជួលកន្លែងចំណីផ្លូវនៅមុខផ្ទះ និងច្រកចូលក្បែរផ្សារចន្លោះពី៣ម៉ឺន ទៅ៦ម៉ឺនរៀលក្នុងមួយខែ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ បានចេញសារាចរមួយដោយលុបចោលការបង់ថ្លៃភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស។
ដៃទាំងពីរកំពុងរវល់វេចខ្ចប់នំ និងកំពុងឈរពត់ខ្លួនចុះឡើងៗ និយាយរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅលើចិញ្ចើមផ្លូវ ម្តុំលូប្រាំ ស្ថិតនៅបណ្តោយផ្លូវវេងស្រេង អាជីវករ គឹម សុភ័ណ្ឌ បានឲ្យដឹងថា គាត់និងអាជីវករផ្សេងៗទៀត បានជួលកន្លែងលក់លើចិញ្ចើមផ្លូវនៅមុខផ្ទះគេប្រហែលជា៣០កន្លែង ដោយក្នុងមួយកន្លែង ៣ម៉ឺនទៅ៦ម៉ឺនរៀលក្នុងមួយខែ ដោយថា ដើម្បីជាថ្នូរបានលក់ដូរនៅក្បែរចិញ្ចើមផ្លូវនោះ។
អាជីវកររូបនោះ អះអាងថា គាត់ក៏ព្រួយបារម្ភពីសុវត្ថិភាព នៅពេលលក់នៅលើចិញ្ចើមផ្លូវដែរ ប៉ុន្តែគាត់ថា គ្មានជម្រើស ទើបសម្រេចចិត្តជួលកន្លែងលក់លើចិញ្ចើមផ្លូវបែបនេះ។
អាជីវករនិយាយថា «ជួលកន្លែងគេ វាថ្លៃ ដូចថា ជួលកន្លែងគេ វាអត់មានសមត្ថិភាព គេជិះ [អ្នកដំណើរ]គេថាឲ្យដែរ ធ្វើម៉េច យើងក៏អត់ហ៊ានមាត់ដែរ គេស្តីឲ្យដែរ គេថាកុំលក់លើផ្លូវពេក តែយើងអត់ហ៊ានមាត់…យើងដឹងតែខ្លួនយើងខុសដែរ»។
អាជីវករមួយចំនួននៅតាមផ្សារក្នុងរាជធានីភ្នំពេញ បានអះអាងស្រដៀងគ្នាថា ពួកគេមិនចង់រៀបបន្លែ ផ្លែឈើ និងគ្រឿងទេស ដាក់ក្នុងកញ្ច្រែង ល្អី លក់លើចិញ្ចើមផ្លូវសាធារណៈនោះទេ ដោយថាបើលក់ឆ្ងាយពីចិញ្ចើមផ្លូវពេក លក់មិនដាច់។
អង្គុយលក់គ្រឿងទេសដែលរៀបត្រៀមត្រាចេញមកលើចិញ្ចើមផ្លូវ នៅម្តុំផ្សារក្បាលថ្នល់ អាជីវករ អេង ស្រីអៀប បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា គាត់មិនចង់លក់លើចិញ្ចើមផ្លូវទេ ប៉ុន្តែគាត់ថា បើមិនរៀបឲ្យចេញមក នៅលើចិញ្ចើមផ្លូវ គឺលក់មិនដាច់នោះទេ។
នៅពេលសួរថា តើគាត់មានការព្រួយបារម្ភទេ បើអាជ្ញាធរហាមឃាត់ មិនឲ្យលក់លើចិញ្ចើមផ្លូវបន្តទៀត? អាជីវករូបនោះ បានបញ្ជាក់ថា គាត់ក៏ព្រួយបារម្ភពីបញ្ហាទំាងនោះដែរ ប៉ុន្តែគាត់ថា បើអាជ្ញាធរចង់បញ្ឈប់ត្រូវបញ្ឈប់ទំាងអស់គ្នា ដោយថា កុំឲ្យមានការរើសអើង និងប្រកាន់បក្សពួក។
អាជីវករមានប្រសាសន៍ថា «បញ្ឈប់ ត្រូវបញ្ឈប់ទំាងអស់ [អាជីវករ] ដ៏ដេញ គឺដេញទំាងអស់គ្នា យើងធ្លាប់លក់ អត់មួយ ឲ្យមួយ គេមិនសុខចិត្ត»។
សរុបមកវិញ អាជីវករមួយចំនួន បាននិយាយប្រហាក់ប្រហែលគ្នាថា នៅពេលកងសន្តិសុខសណ្តាប់ធ្នាប់ ខ័ណ្ឌ ប្រាប់ឲ្យពួកគេរើអីវ៉ាន់ចេញពីចិញ្ចើមផ្លូវ ដោយថា បើពួកគេមិនព្រមធ្វើតាមការណែនាំទេ សន្តិសុខទំាងនោះ ចាប់លើកអីវ៉ាន់អាជីវករដាក់នៅលើឡាន និងតម្រូវឲ្យបង់ថ្លៃឆ័ត្រមួយ ៤ម៉ឺនរៀល ព្រមទំាង ធ្វើការអប់រំ នឹងតម្រូវឲ្យធ្វើកិច្ចសន្យាជាដើម។ ករណី មិនព្រមធ្វើតាមទេ អាជ្ញាធរនឹងបញ្ឈប់ មិនឲ្យលក់បន្តទៀតនោះទេ។
សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ កាលពីដើមខែសីហា ឆ្នាំ២០១៧ ដាក់កំហិត ក្នុងរយៈពេលពីរសប្តាហ៍ ឲ្យអាជីវករបញ្ឈប់សកម្មភាពលក់ដូរ ឬចតរថយន្ត ឬម៉ូតូ នៅតាមចិញ្ចើមផ្លូវសាធារណៈ ចាប់ពីថ្ងៃទី៨ខែសីហា ដោយថា កុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងកកស្ទះចរាចរណ៍។
វិធានការរំដោះចិញ្ចើមផ្លូវពីសំណាក់អាជ្ញាធររាជធានីនេះ ត្រូវបានដាក់ចេញតាំងពីជំនាន់ លោក ប៉ា សុជាតិវង្ស នៅកាន់តំណែងជាអភិបាលក្រុងភ្នំពេញមកម្ល៉េះ ប៉ុន្តែគម្រោងនេះ មិនបានសម្រេចទេ ទើបអភិបាលរាជធានីដែលចូលកាន់តំណែងថ្មី លោក ឃួង ស្រេង ប្រកាសអនុវត្តបន្ត។ ប៉ុន្តែ ហាក់មិនមានប្រសិទ្ធិភាពនោះទេ។
វីអូឌី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាស ម៉េតភក្តី បាននៅឡើយទេ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា អាជីវករ ដែលយកចំណីផ្លូវធ្វើជាមុខរបរ ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ ដោយថា ប្រហែលជាពួកគេគ្មានជំរើស ខណៈតូបជួល ឬលក់ នៅតាមផ្សារមួយចំនួនថ្លៃ ករណីនេះ ធ្វើឲ្យអាជីវករទំាងនោះ មិនមានសមត្ថិភាពគ្រប់គ្រាន់ ដើម្បីជួល ឬទិញជាដើម។
លោក វន់ ពៅ អះអាងថា អាជ្ញាធរជាអ្នកទទួលខុសត្រូវ ធ្វើយ៉ាងណាឲ្យអាជីវករមានទីកន្លែងលក់ដូរ សមរម្យ។ លោកថា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អាជីវករមួយចំនួន ដែលលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ អាជ្ញាធរត្រូវបង្កើតតូបនៅតាមផ្សារឲ្យបានច្រើន ដោយដាក់ជួល ឬលក់ ក្នុងតម្លៃសមរម្យ និងអនុវត្តតាមចេញសារាចររបស់រដ្ឋាភិបាល ទើបកាត់បន្ថយការកកស្ទះតាមដងផ្លូវ និងគ្រោះថ្នាក់ចរាចរណ៍បានជោគជ័យ។
លោកផ្តល់ជាអនុសាសន៍ថា «អាជ្ញាធររដ្ឋ បើសិនហាមឃាត់មិនស្តាប់ទេ ត្រូវតែធ្វើរបងសុវត្ថិភាព ត្រឹមជង្គុង ដើម្បីកុំឲ្យគាត់លក់ហៀមកតាមចិញ្ចើមផ្លូវ ទីពីរនៅតាមបណ្តាមុខរោងចក្រសហគ្រាស អាជ្ញាធរដ្ឋត្រូវតែមានកន្លែងណាមួយនៅជិតរោងចក្រ ធ្វើជាទីផ្សារ ដើម្បីបង្កលក្ខខណៈងាយស្រួល ឲ្យគាត់បានលក់ជៀសវាងការលក់ដូររញ៉េ រញ៉ៃ នៅតាមមុខរោងចក្រ កកស្ទះចរាចរណ៍ ហើយបង្កនូវគ្រោះថ្នាក់ថែមទៀតចំណុចទីបី អាជ្ញាធររដ្ឋត្រូវគោរពទៅតាមចរាចរណ៍របស់រដ្ឋាភិបាល មិនឲ្យយកលុយពីអ្នកលក់ចល័ត អ្នកលក់ កញ្ច្រែង ដើម្បីឲ្យគាត់ទទួលបានប្រាក់ចំណូលសមរម្យ ក្នុងការចិញ្ចឹមជីវភាពគ្រួសារពួកគាត់ផងដែរ»៕