វិភាគ៖ តើអ្វីនៅពីក្រោយកម្តៅនយោបាយបច្ចុប្បន្ន​?

លោក សម រង្ស៊ី លោក កឹម សុខា និងលោក ហ៊ុន សែន

ជាថ្មីម្តងទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលើហ្វេសប៊ុករបស់លោកថា លោកហ៊ាន​ភ្នាល់​ដាក់​ជីវិត បើគណបក្សសង្រោះជាតិមិនរលាយ។

ការដែលលោក ហ៊ុន សែន ប្រកាសសារនយោបាយបែបម៉ឺងម៉ាត់​នេះ មិន​មែនជា​លើ​​កទី១ទេ បើគិត​ចាប់​ពីថ្ងៃដែលសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួន មេដឹកនាំប​ក្សប្រ​ឆាំង លោក កឹម សុខា ទាំង​​យប់​រំលងអាធ្រាត កា​ល​​ពីជិត២ខែមុនមកនោះ។

ប៉ុ​ន្តែ​ជាការកត់សម្គាល់ នៅពេលកម្តៅនយោបាយបានហក់ឡើងដល់កម្រិតប្រកាសអាសន្ននេះ អតី​តមេ​​ដឹក​​នាំ​​បក្សប្រ​ឆាំង លោក សម រង្ស៊ី ដែលធ្លាប់ប្រ​កាសដក​ខ្លួនចេ​ញ​ពីឆាកន​យោបា​យទៅ​ហើ​យនោះ បានហក់ចូលមក ថ្លែងសារតបជាមួយ លោក ហ៊ុន សែន វិញ។

លោក សម រង្ស៊ី​ បានអះអាងថា គ​ណបក្សប្រជាជនរបស់លោក ហ៊ុន ​សែន បានបរា​ជ័យ ក្នុ​​ង​កា​រប៉ុនប៉ង​រំ​លា​យ​ គ​ណប​ក្សសង្គ្រោះ​ជា​តិនេះ។

អ្វីដែលលោក សម រង្ស៊ី យកមកសំអាងដើម្បីវាយបកទៅដៃគូប្រកួតដ៏មានឥទ្ធិពល គឺលោកសំអាងទៅ​លើ​ការដាក់សម្ពាធពីសហគមន៍អន្តរជាតិ។

បើទោះជាមេដឹកនាំបក្សកាន់អំណាចនិងអតីមេដឹកនាំគណបក្សប្រឆាំង អះអាងពីភាព​ខ្លាំងតែ​រៀង​ៗ​ខ្លួ​នបែបនេះក្តី ប៉ុន្តែអ្នកតាមដានអះអាងថា អ្នកនយោបាយដែលពលរដ្ឋស្រឡាញ់និងគោរព គឺអ្នកនយោ​បា​យ​ដែលចេះការពារប្រយោជន៍ជាតិជាធំ។

បើគេពិនិត្យពីសារនយោបាយរបស់បក្សកាន់អំណាច គេឮញឹកគាប់នូវពាក្យថា «គ្មានសន្តិភាព គ្មាន​ទេកា​រអភិវឌ្ឍ​»។ សា​រន​យោបា​យ​នេះ បានបង្ហាញបំណងចង់រក្សាផលប្រយោជន៍ជាតិជាធំ។

ចំ​ណែ​​ក​ឯមេដឹកនាំបក្សប្រឆាំ​ងវិញ ធ្លាប់អះអាងថា «បើគណបក្សសង្គ្រោះជាតិឈ្នះ ខ្មែរទាំងអស់​គ្នា​ជាអ្នក​ឈ្នះ​ »។ សា​រ​នយោបា​យនេះ ក៏ត្រូវបានគេមើលឃើញថា បានតម្កល់នូវស្មារតីជាតិជាធំដែរ។

សំនួរសួរថា បើគណបក្សទាំងពីរបានផ្ញើសារនយោបាយតម្កល់ប្រយោជន៍ជាតិ ប្រហាក់​ប្រហែលគ្នា​បែ​ប​នេះ​ ហេ​តុអ្វី​បា​ន​​​ជា​កម្តៅ​នយោ​បាយពេលនេះ ឈានទៅចង់រំលាយគ្នា។

តើអ្វីនៅពីក្រោយ​កម្តៅ​​ន​យោបា​យ​នេះ?

អ្នកវិភាគនយោបាយជើងចាស់មួយរូប គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា បញ្ហាធំបំ​ផុត​ធ្វើឲ្យមាន​វិ​វា​ទ​នយោបាយនៅពេលនេះ លោកថាគឺការក្រាញអំណាច។

លោកថា៖ «ឫសគល់នៃកម្តៅនយោបាយសព្វថ្ងៃ គឺលោភ ទោស មោហ លោភអំណាច បានអំណាច​មួយការ៉ុ​ងហើយ ចង់បានមួយការ៉ុងទៀត។ លោភបានទ្រព្យសម្បត្តិ៍មួយការ៉ុងហើយ ចង់​បានទ្រព្យសម្បត្តិ៍​មួយការ៉ុងទៀត»។

លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគទៀតថា កម្តៅនយោបាយពេលនេះប្រហាក់ប្រហែលពីអតីតកាលដែរ ដែលលោកថា អ្នកនយោបាយខ្មែរធ្វើនយោបាយដើម្បីបម្រើតែប្រយោជ​ន៍ឲ្យទេសជិត​ខាងដោ​យមិន​ដឹង​ខ្លួន តាមរយៈបង្កឲ្យមានជម្លោះផ្ទៃក្នុងនេះ។

បើតាមលោក ឡៅ ម៉ុងហៃ បើអ្នកនយោបាយមិនលះបង់នូវសេចក្តីលោភលន់នេះទេ លោកថាប្រទេ​ស​នឹងមានវិបត្តិ ដោយថាស្ថាប័នជាតិទាំងអស់ នឹងក្លាយជាឧបករណ៍នយោបាយ បម្រើឲ្យមនុ​ស្សមួយក្រុ​ម ​ប្រទេសជាតិប្រឈមនឹងការបែកបាក់។

លោកថា៖ «វិបត្តិទី១មួយហើយជាធំ ហើយមើលអត់ឃើញគឺវិបត្តិសីលធម៌ វាលែងដឹងខុសដឹងត្រូវអស់ទៅ ដូច​ជានាំគ្នាធ្វើច្បាប់ឲ្យស្តេចយើងឡាយព្រះហស្ថលេខាទៀត។ អាច្បា​ប់អធម្មនុញ្ញ ច្បាប់អយុត្តិធម៌ អសី​លធ​ម៌ហ្នឹងណាស់ពីកំពូលៗទៅណាស់ ដល់កំពូលលែងដឹងខុ​ស​ដឹងត្រូវ ដឹងល្អដឹងអាក្រក់។ អាហ្នឹ​ងស​ម្រាប់សង្គមវាច្របូកច្របល់អស់ទៅ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគថា កម្តៅនយោបាយឈា​នដល់ធ្វើច្បា​ប់រឹបអូ​សអា​សនៈ​ដៃគូនៅពេលនេះ លោកថា អាចមកពីយន្ត​ការធ្វើកំណែទម្រ​ង់ដ៏ពិតប្រា​កដ​មួយទៅមុខលែងរួច។

លោកថា៖ «លទ្ធផល​បោះឆ្នោតឆ្នាំ២០១៧នេះ ធ្វើឲ្យគណបក្សប្រជាជនបាត់បង់អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ច្រើននោះ​បាទ។ ហើយចំនុចទី៣ការដែ​លកម្តៅនយោបា​យកើតឡើងនេះ គឺ​ជាការវាយប្រហា​ដៃគូប្រកួត ដើម្បីយកប្រៀ​បឈ្នះមុនការបោះឆ្នោតមកដល់»។

មួយវិញទៀតលោក សូ ចន្ថា លើកឡើងថា កម្តៅនយោបាយនៅពេលនេះ ហាក់បង្ហា​ញពីគំរូ​អាក្រក់ដ​ល់​​​​យុ​​វជន ពីវប្បធម៌សងសឹកឡើងវិញ។

លោកថា៖ «ក្រោយការបោះឆ្នោតឆ្នំា២០១៣ យើងក៏បានឃើញ លោកនាយករដ្ឋមន្ត្រី​ក៏បានលើកឡើង​ដែរ​ថា អ្នកនយោ​បាយចាស់​ៗអស់ហើយគួរតែបញ្ចប់នយោបាយទឹកឡើងត្រីស៊ីស្រមោច។ ប៉ុន្តែ​យើងឃើ​ញថា​នៅបន្ត​ទៀត នេះជាវប្បធម៌ចាស់គំរិល របស់អ្នកនយោបាយដែលធ្វើឲ្យមានការ មិនទុ​កចិត្តគ្នានោះ»។

បើទោះបីជាអ្នកវិភាគបានបង្ហាញខ្លះៗពីដើមចមមួយចំនួន នៅពីក្រោយកម្តៅនយោ​បាយពេលនេះក៏ដោ​យ ប៉ុន្តែពួកគេថា កម្តៅនយោបាយនៅពេលនេះ ក៏ម៉ែត្រវាស់​ឲ្យព​លរដ្ឋដឹងកាន់តែច្បាស់ដែរថា តើការវិវឌ្ឍ​ន​​យោ​​​បាយនៅពេលដ៏ខ្លីខាងមុខនេះ តើគណ​បក្សណាបានតម្កល់ផលប្រយោជន៍ជាតិជាធំ និងគណបក្ស​ណា​​យ​កស្ថាប័នជាតិ ទាំងមូលទៅធ្វើ​ជារនាំង​ សម្រាប់បិទបាំង ដើម្បីការពារប្រយោជន៍បក្ខពួក និងក្រុ​មគ្រួ​សារនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ