ពលរដ្ឋនៅខេត្តពោធិ៍សាត់ អំពាវនាវទៅរដ្ឋាភិបាល ឲ្យបើកស្ថានីយវិទ្យុឯករាជមួយចំនួនឡើងវិញ ដោយពួកគាត់អះអាថា ការបឹទវិទ្យុនៅពេលនេះ ធ្វើជួបបញ្ហាប្រឈមជាច្រើន ពិសេស មិនបានដឹងអំពីទីផ្សារសម្រាប់លក់ផលទ្ធផល និងស្ថានភាពនយោបាយដែលកំពុងឡើងកម្តៅនាពេលបច្ចុប្បន្ននេះ។
កសិករម្នាក់អ្នកស្រី ទុយ វឿន អាយុ ៥៥ឆ្នាំ រស់នៅភូមិបត់គគីថ្មី បាននិយាយថា ការស្តាប់វិទ្យុឯករាជអាចធ្វើគាត់បានយល់ដឹងបានច្រើន អំពីបញ្ហានៅក្នុងប្រទេសជាតិ ពិសេស រឿងសេដ្ឋកិច្ចទីផ្សារ អាកាសធាតុ និងស្ថានភាពនយោយបាយដែលកំពុងឡើងកម្តៅនាពេលបច្ចុប្បន្ន។
អ្នកស្រីបានបញ្ជាក់ថា «យើងចង់ដឹងព័ត៌មានពីនេះពីនោះអីចឹងដែរទៅ ចង់ដឹងដែរចង់លឺដែរ ព្រោះមានរ៉ាត់យ៉ូហើយទិញយកហើយយកស្តាប់ទៅ គ្រប់តែប៉ុស្តិ៍ចឹងទៅ ប៉ុស្តិ៍នេះផ្សាយស្តាប់ទៅ ប៉ុស្តិ៍នោះផ្សាយស្តាប់ទៅ»។
អ្នកស្រី ទុយ វឿន បានស្នើទៅរដ្ឋាភិបាល ឲ្យបើកស្ថានីយវិទ្យុទាំងនោះឡើងវិញ បន្ទាប់ក្រសួងព័ត៌មានបានបឹទកាលពីពេលថ្មីនេះ។
ពលរដ្ឋម្នាក់ទៀតលោក សុខ សេម អាយុ ៣១ឆ្នាំ រស់នៅឃុំអូរតាប៉ោង បាននិយាយសម្តីរដឺនថា ការបឹទវិទ្យុឯករាជនៅពេលនេះ ធ្វើឲ្យគាត់ជួបបញ្ហាមួយចំនួន ដូចជា ប្រឈមការឆបោកពីជនខិលខូច ឈ្មួញទម្លាក់តម្លៃស្រូវតាមចិត្ត មិនដឹងអំពីអាកាសធាតុ និងបញ្ហាផ្សេងៗទៀត បន្ទាប់ពីមិនបានស្តាប់វិទ្យុ។
លោកបានបញ្ជាក់ថា «សូមណូមពរឲ្យខាងវិទ្យុបើកវិទ្យុវិញមក ប្រជាពលរដ្ឋគាត់ចង់ស្តាប់ច្រើន ទាំងអស់និងចង់ស្តាប់ព័ត៌មានក្នុងប្រទេសជាតិយើង ប្រទេសក្រៅជំវិញទាំងអស់និងកុំឲ្យវាស្ងាត់ដល់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋខាងឃុំមិនហៅទៅប្រជុំនោះទេ ខាងស្រុកក៏គេមិនហៅទៅដែរ»។
លោក សុខ សេម បានបន្ថែមទៀតថា គាត់បានចំណាយថវិកាដែលសល់ពីការទិញម្ហូបប្រចាំថ្ងៃបន្តិចបន្តួច យកទៅទិញកាតបញ្ចូលក្នុងទូរស័ព្ទដៃ សម្រាប់ប្រើប្រាស់អិនធើណែត ដើម្បីស្តាប់ព័ត៌មានតាមបណ្តាញសង្គម ប៉ុន្តែលោកថា មិនងាយស្រួលដូចស្តាប់វិទ្យុនោះទេ។
អ្នកស្រី ថាប់ តុលា អាយុ ៣៣ឆ្នាំ រស់ក្នុងស្រុកបាកាន បានឲ្យដឹងថា ការស្តាប់ព័ត៌មានតាមវិទ្យុឯករាជ គឺមានសារៈសំខាន់ណាស់សម្រាប់គាត់ ព្រោះអាចដឹងអំពីព្រិត្តិការណ៍ផ្សេងៗដែលបានកើតឡើង ពិសេស បញ្ហាគ្រោះរាំងស្ងួត ឬក៏គ្រោះទឹកជំនន់ នាពេលខាងមុខ ដើម្បីបង្ការផលប៉ះពាល់ ដែលធ្វើឲ្យខាតបង់ដល់ប្រាក់ចំណូលប្រចាំថ្ងៃ។
អ្នកស្រីបានបញ្ជាក់ថា «បើគេមានតាមរ៉ាត់យ៉ូយើងស្តាប់ទៅ យើងដឹងពីនេះពីនោះច្រើនដែរ យើងមិនបានស្តាប់ទៅ យើងវាម៉េចដឹងពីហេតុការណ៍ចេះចុះអីខ្លះ យើងបានស្តាប់វាដឹងខ្លះដែរទៅ បើយើងដឹងអានេះមួយមុខនេះថាល្អទៅ គេរិះគន់ទៅល្អ គេរិះគន់ទៅអត់ល្អ យើងបានស្តាប់ទៅយើងដឹងដែរ»។
អ្នកស្រី ថាប់ តុលា បានបន្ថែមទៀតថា ការស្តាប់ព័ត៌មានតាមវិទ្យុឯករាជ ធ្វើឲ្យអ្នកស្រីទទួលបានចំណេះដឹងយ៉ាងច្រើន ពិសេស តម្លៃនៅលើទីផ្សារ សម្រាប់លក់កសិផលដែលគាត់ផលិតបាន។
អាជីវករដែលរស់នៅក្នុងក្រុងពោធិ៍សាត់ លោក ជូ ចិត្រា អាយុ ៣១ឆ្នាំ ព័ត៌មានដែលផ្សព្វផ្សាយវិទ្យុឯករាជ ដូចជា អាស៊ីសេរី VOA VOD និងវិទ្យុមួយចំនួនទៀត គឺជាព័ត៌មានពិត មិនលម្អៀងនោះទេ។
លោកបញ្ជាក់ថា «ខ្ញុំគិតថាព័ត៌មានឯករាជ គីជាព័ត៌មានសកលមួយដែលយើងទទួលស្គាល់ទូទាំងប្រទេស ហើយចឹងព័ត៌មាននិងគឺជាព័ត៌មានដែលពិតប្រាកដមិនមានព័ត៌មានក្លែងក្លាយមកទេ ចឹងខ្ញុំចូលចិត្តស្តាប់ព័ត៌មានដែលឯករាជ ខ្ញុំអត់ចូលចិត្តស្តាប់ព័ត៌មានដែលមិនឯករាជទេ ចឹងបានខ្ញុំទទួលស្គាល់ថាព័ត៌មានវិទ្យុមួយចំនួនដែលមកពីក្រៅ ឬជាព័ត៌មានវិទ្យុឯករាជគឺភាគច្រើនគឺជាព័ត៌មានពិតមិនមានការក្លែងបន្លំព័ត៌មានទេ»។
លោក ជូ ចិត្រា បានបន្ថែមទៀតថា ទោះបីជាក្រសួងព័ត៌មាន បឹទប្រព័ន្ធផ្សព្វផ្សាយឯករាជទាំងនោះ ក៏លោកនៅតែបន្តតាមដានស្តាប់ និងតាមរយះបណ្តាញសង្គម ដូចជា ហ្វេសប៊ុក គេហទំព័រ ឬតាមវេបសាយជាដើម ទោះជាត្រូវចំណាយថវិកាខ្លះសម្រាប់ប្រើប្រាស់លើអិនធើណែតក៏ដោយ ព្រោះលោកចង់ដឹងអំពីសេដ្ឋកិច្ចទីផ្សារ និងបញ្ហាសង្គមមួយចំនួន សម្រាប់មុខជំនួញរបស់លោក។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក ម៉ាប់ ស៊ុយ