ខេត្តពោធិ៍សាត់ ជាខេត្តមួយ ស្ថិតនៅភាគខាងលិច នៃព្រះរាជាណាចក្រកម្ពុជា ហើយស្ថិតក្នុងចំណោមខេត្តចំនួនប្រាំ មានព្រំប្រទល់ជាប់នឹងបឹងទន្លេសាប។ ខេត្តនេះ មានផ្ទៃក្រឡាជាងមួយម៉ឺនគីឡូម៉ែត្រក្រឡា ជាមួយដង់ស៊ីតេប្រជាសាស្ត្រជិត៥០ម៉ឺននាក់។
បើសិនគិតពីមន្ទីររដ្ឋបាល ខេត្តពោធិ៍សាត់ អាចចាត់ជាខេត្តមួយ ដែលមានមន្ទីររដ្ឋបាលត្រឹមត្រូវផងដែរ។ សាលាខេត្ត មន្ទីរព័ត៌មាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តុលាការ និងស្ថាប័នសាធារណៈជាច្រើនទៀត រៀបចំយ៉ាងត្រឹមត្រូវ និងបង្កលក្ខណៈងាយស្រួល។ ប្រជាពលរដ្ឋ នៅខេត្តនេះ ភាគច្រើន ជាអ្នកប្រកបរបរលក់ដូរ និងធ្វើស្រែចម្ការ ហើយ ជារៀងរាល់ថ្ងៃ ស្ទើរតែគ្រប់ផ្លូវនៅក្នុងខេត្តនេះ ហាក់មានសភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង៩យប់ទៅ។ ពលរដ្ឋ ដែលរស់នៅក្នុងក្រុងពោធិ៍សាត់ ឲ្យដឹងថា ពួកគេពេញចិត្តចំពោះការប្រកបរបរចិញ្ចឹមជីវភាព ខណៈការយល់ដឹង ពីអ្នកផ្តល់សេវាសាធារណៈ ហាក់ខណ្ឌចែកដាច់ពីពួកគេ។
«(សំណួរ) បងស្គាល់ក្រុមប្រឹក្សាស្រុកទេ? (ឆ្លើយ) ក្រុមប្រឹក្សារឹតតែមិនដឹងអត់ស្គាល់អីទៀតហើយ។ មកពីយើងអត់ដែរដឹង មិនដឹងអ្នកណាអ្នកណី មិនដឹងអ្នកណាស្រុកអ្នកណាភូមិ។ សម្បីរាល់ថ្ងៃមិនដឹងមេភូមិមេអីមួយណាផងដល់ពេលសួរចឹងវាលែងដឹងទៀតហើយ»។
«(សំណួរ) អ៊ីស្គាល់ក្រុមប្រឹក្សាស្រុកទេ? (ឆ្លើយ) អូ! គ្មានស្គាល់ទេអាអូនអើយអញឲ្យតែនិយាយភ្លាមភ្លេចភ្លាម គ្មានបានទៅនិយាយបានយូរទេ! គ្រាន់តែថា គេនិយាយហើយភ្លេចបាត់ ហើយមិនសូវចាំនឹងគេទេ! ក្រុមប្រឹក្សាស្រុក ហ្នឹងណាគេ?»។
មូលហេតុ ដែលធ្វើឲ្យពលរដ្ឋ មិនបានដឹងពីអ្នកផ្តល់សេវាដល់ពួកគេនេះ មួយផ្នែកអាស្រ័យទៅលើចំណេះដឹងរបស់ពួកគេ តែមួយផ្នែកធំនោះ គឺការផ្តល់ព័ត៌មានពីថ្នាក់ស្រុក គឺមិនបានមកដល់ពួកគេ។
បញ្ហាពីនៃអ្នករដ្ឋបាលក្រុងស្រុក ក្នុងខេត្តនេះ គឺចំណេះដឹងរបស់ក្រុមប្រឹក្សា និងថវិកាសម្រាប់បង្កើតសេវាសាធារណៈជាមួយពលរដ្ឋ។ នេះ ជាការបញ្ជាក់របស់លោក ខែម សុខុន នាយកប្រតិបត្តិអង្គការអនាគតកុមារនៅខេត្តពោធិសាត់។
លោកថា៖ «យើងឃើញថា ការដោះស្រាយផ្សេងៗ គឺធ្វើបានតែការអភិវឌ្ឍន៍ទាក់ទងទៅនឹងការលើកកំពស់ជីវភាពគ្រួសារ យើងឃើញថា មិនទាន់មានការឆ្លើយតប បានល្អប្រសើរនោះទេ ដោយសារតែ និយាយជារួមទៅគឺពួកគាត់មិនទាន់មានលុយ»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា១៤៥ថ្មី (មួយ) និង ១៤៦ថ្មី(មួយ) ចែងថា ទឹកដីព្រះរាជាណាចក្រកម្ពុជា ចែកជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ហើយតំបន់រដ្ឋបាលទាំងនេះ ត្រូវគ្រប់គ្រងដោយច្បាប់រៀបចំអង្គការ។
ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលប្រទេសកម្ពុជា បែងចែកជាពីរថ្នាក់ គឺរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថា្នក់ក្រោមជាតិ។ រដ្ឋបាលថ្នាក់ក្រោមជាតិមាន ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។
ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ មាត្រា៣៤ ចែងថាក្រុមប្រឹក្សា ត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់ អំពីជម្រើសជាអាទិភាព ដើម្បីធ្វើសេចក្តីសម្រេច ធានា បានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សា អាចធ្វើការអង្កេតលើករណីទាំងឡាយណាដែលខ្លួនយល់ឃើញថា មានសារៈសំខាន់ដល់ប្រជាពលរដ្ឋ ដែលខ្លួនជាតំណាង ព្រមទាំងអាចផ្សព្វផ្សាយលទ្ធផលនៃការធ្វើអង្កេតនោះ រួចហើយ ត្រូវផ្តល់គោលការណ៍ណែនាំអនុវត្តដល់គណៈអភិបាល និងអភិបាល។
អ្នកជំនាញខាងអភិបាលកិច្ច លោក ឱក សេរីសោភក្កិ៍ បានឲ្យនិយមន័យនៃគណនេយ្យភាពដោយផ្ទាល់នេះថា គឺជាការទទួលខុសត្រូវ ដោយមានភាពត្រឹមត្រូវទៅតាមអ្វី ដែលបានសន្យាជាមួយប្រជាពលរដ្ឋ។
លោកថា៖ «គឺថា ធ្វើអ្វីគឺទៅតាមតម្លាភាព ទៅតាមអ្វីដែលយើងបានសន្យាជាមួយប្រជាពលរដ្ឋ ព្រោះគាត់ត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ។ ព្រោះពលរដ្ឋ គឺជាម្ចាស់ឆ្នោតរបស់គាត់ ជាអ្នកបង់ពន្ធប្រាក់ខែ មានមកអញ្ចឹង ដូច្នេះ ហើយកាលណា គេអ្នកបោះឆ្នោតឲ្យយើង គេអ្នកបង់ពន្ធយកមកឲ្យប្រាក់ខែយើង។ យើងត្រូវមានការទទួលខុសត្រូវនៅចំពោះមុខគេ គឺចំពោះមុខ ប្រជាពលរដ្ឋហ្នឹងឯង នេះហើយដែលពាក្យថា គណនេយ្យភាពនោះ»។
ទោះជាយ៉ាងណាពលរដ្ឋ នៅក្នុងខេត្តពោធិសាត់មួយចំនួន ដែលវីអូឌីបានចុះសម្ភាសន៍មានប្រសាសន៍ថា ពួកគេមិនបានដឹង ពីតួនាទីរបស់ក្រុមប្រឹក្សាក្រុង ស្រុក នោះទេ លើសពីនេះទៀត ពួកគេថា ពួកគេរស់នៅតាមតែការខំប្រឹងរបស់ខ្លួន ហើយមិនដែលឃើញបុគ្គលណា យកចិត្តទុកដាក់លើពួកគាត់នោះទេ។
រដូវវស្សា នៅកម្ពុជាចាប់ផ្តើមពីខែឧសភា ដល់ខែតុលា តែអាកាសធាតុក្នុងខេត្តនេះ ហាក់ដូចជា មិនផ្តល់អំណោយផលល្អនោះទេ ពេលអ្នកយកព័ត៌មានវីអូឌីចុះទៅយកព័ត៌មាននោះ។
ចុះពីទីរួម ខេត្តពោធិសាត់ ចូលតាមច្រកបំបែកលាច តាមបណ្តោយផ្លូវជាតិលេខ១៤៦ កម្តៅព្រះអាទិត្យបានដុតកម្តៅវាលស្រែដែលមើលទៅដាច់កន្ទុយភ្នែក ហើយយូរៗម្តង ទើបឈានដល់ទីប្រជុំជនមួយ។ ប្រមាណ៥គីឡូម៉ែត្រ យើងចូលមកដល់ភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិសាត់ ដែលពលរដ្ឋជាម្ចាស់ផ្ទះមួយ ក្នុងភូមិនេះ ជាអ្នកលក់ដូរ និងធ្វើកសិកម្ម។
ទើបមកពីយកត្រាទ័រទៅអូសរថយន្ត ដែលជាប់ផុងដោយសារទឹកភ្លៀងកាលពីប៉ុន្មានថ្ងៃមុន លើផ្លូវមួយកន្លែងក្នុងភូមិ លោក ជូ ចិត្រា មានប្រសាសន៍ថា ការផ្តល់សេវាសាធារណៈក្នុងក្រុង ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងមិនឃើញមានការវិវឌ្ឍន៍អ្វីជាដុំកំភួននោះទេ ដោយលោកថា លោក មិនធ្លាប់បានដឹងពីការប្រជុំសារធារណៈរបស់ក្រុមប្រឹក្សាក្រុង ឬ ទទួលព័ត៌មានពីការអភិវឌ្ឍក្រុង ឬយ៉ាងណានោះទេ ហើយ ក៏មិនហ៊ានសួរពីថវិកា អភិវឌ្ឍក្រុងនោះទេ ដោយខ្លាចគេ ចាត់ទុកថា ជាអ្នកប្រឆាំង។
លោកថា៖ «គាត់ប្រជុំតែគ្នាគាត់អញ្ចឹងទៅ ហៅសាធារណៈជនទៅ ហៅតែគ្នាគាត់ តែមួយចំហៀងទៅចឹងៗ មតិភាគច្រើន គឺស្របតាមគ្នាគាត់ ហើយវាអត់មានមតិមួយ ដែលជួយស្ថាបនា ជួយកសាងស្រុកភូមិយើងទេ ដូចខ្ញុំចឹង ខ្ញុំចង់បានផ្លូវមួយខ្សែ វាអត់បានដូចអ្វី ដែលយើងចង់បាន។ ចង់ជួយប្រជាពលរដ្ឋផ្នែកណាមួយ វាអត់បាន វាបានតែមួយក្រុមគ្នាគេ»។
ចេញពីភូមិអូរថ្កូវ ឆ្ពោះដល់ភូមិមួយទៀត គឺភូមិទួលគ្រោះ សង្កាត់ចំរើនផល ក្រុងពោធិសាត់ លោក នៅ រៀម ដែលកំពុងអង្គុយ ក្នុងរោងលក់អ៊ីវ៉ានរបស់ខ្លួនមានប្រសាន៍ថា លោក មិនស្គាល់ ឬដឹងថា ក្រុមប្រឹក្សាក្រុងស្រុកជាអ្វីនោះទេ កុំថាឡើយ ការចូលរួមប្រជុំសាធារណៈរបស់ពួកគេ។
លោកថា៖ «(សំណួរ) បងស្គាល់ក្រុមប្រឹក្សាស្រុកទេ? (ឆ្លើយ) ក្រុមប្រឹក្សារឹតតែមិនដឹងអត់ស្គាល់អីទៀតហើយ។ មកពីយើងអត់ដែរដឹង មិនដឹងអ្នកណា អ្នកណី មិនដឹងអ្នកណា ស្រុកអ្នកណាភូមិ។ រាល់ថ្ងៃ មិនដឹង មេភូមិមេ អីមួយណាផង ដល់ពេលសួរចឹង វាលែងដឹងទៀតហើយ»។
តាមការសម្ភាសន៍នេះ យើងអាចដឹងបានថា ត្រឹមតែជាង១០គីឡូពីក្រុងពោធិសាត់ ការផ្តល់ព័ត៌មានរបស់រដ្ឋបាលថ្នាក់ក្រុង ហាក់មិនបានទូលំទូលាយដល់ពលរដ្ឋ។
ថ្ងៃបន្ទាប់ អ្នកសារព័ត៌មានវីអូឌី បានចេញដំណើរទៅស្រុកមួយទៀត ដែលមានចំងាយប្រមាណជាង៤០គីឡូម៉ែត្រពីទីរួមខេត្ត គឺស្រុកបាកាន ឆ្ពោះទៅភូមិបត់គគីរថ្មី ឃុំបត់គគីរ ដែលផ្លូវលំទៅភូមិនេះ មានគ្រលុកជាច្រើន ហើយយូរៗម្តងមានគ្រលុកធំមួយ ដែលអ្នកភូមិនេះ ឲ្យដឹងថា ផ្លូវនេះ គឺពិបាកប្រើប្រាស់ណាស់ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ ហើយស្រូវ ក៏លក់មិនមានអ្នកទិញ ដោយសារបញ្ហាផ្លូវនេះ។
«ក្នុងភូមិ ក្នុងឃុំ យើងពិបាកតែរឿងផ្លូវហ្នឹងមួយទេ បើថា ផ្លូវស្រួលទៅ គេស្រួលមកទិញ វាបានថ្លៃ ដល់ពេលផ្លូវពិបាកចឹង បានស្រូវគេទិញថោក។ បើផ្លូវមិនសំណំ ចឹងធ្វើមិនទាន់មួយឆ្នាំផង»។
ប្រធានសហគមន៍ភូមិ លោក នួន ឈឿន ថា ពលរដ្ឋរស់នៅភូមិ ដឹងពីបញ្ហា តែអ្វីដែលជួយឲ្យមានដំណោះស្រាយនោះ ពលរដ្ឋមិនទាន់យល់នៅឡើយទេ។
លោក នូន ឈឿន ថា៖ «ខ្ញុំធ្លាប់ចូលរួមរាល់ដង ស្រុកគេថា គេផ្អែកលើប្រជាពលរដ្ឋ គាត់ថា គាត់ហៅក៏ពលរដ្ឋមិនទៅ គាត់ផ្អែកលើពលរដ្ឋ។ ប៉ុន្តែពលរដ្ឋថា គាត់មិនដែលហៅឯណាអញ្ចឹងណា។ តែមើលទៅឃើញថា ពលរដ្ឋធម្មតា គឺគាត់មិនទៅហ្មង អត់មានប្រយោជន៍ដល់គាត់ ហើយបើតំណាងសហគមន៍ ដូចជាខ្ញុំជាដើម មានលិខិតអញ្ចើញជារៀងរាល់ខែ អញ្ចឹងទៅពូ ខ្ញុំចូលរូម»។
ពលរដ្ឋនៅក្នុងភូមិម្នាក់ទៀត ដែលជាពេទ្យសត្វប្រចាំភូមិផងនោះ លោក នូរ យ៉ន ថា លោកដឹងពីការប្រជុំរបស់ក្រុមប្រឹក្សាស្រុក តែលោកថា លោកមិនដែលចូលរួមនោះទេ ដោយសារតែឆ្ងាយពីផ្ទះ។ ប៉ុន្តែ លោកថា បានចូលរួមនៅពេលមានវេទិកាសេរី ដែលរៀបចំនៅក្នុងឃុំ។
លោកថា៖ «ខ្ញុំអត់ដែលបានចូលរួមទេ តែខ្ញុំបានចូលរួមវេទិការសេរី ពេលដែលប្រជុំនៅវត្ត វត្តត្រាំម្កាក់ហ្នឹង ពេលដែលស្រុកគេចុះមក ខ្ញុំបានចូលរួមប្រជុំអញ្ចឹងទៅ ផ្សព្វផ្សាយពីបញ្ហាផ្លូវ បញ្ហាដែលពលរដ្ឋលំបាកគឺអាចលើកបាននៅពេលហ្នឹង។ ប្រជុំ២ដង ជាង១ឆ្នាំហើយ»។
ទោះជាការប្រជុំជាសាធារណៈរបស់ក្រុមប្រឹក្សាស្រុក គឺពលរដ្ឋអាចចូលរួមបានដោយសេរី តែពលរដ្ឋនៅតែមានការស្រងាកចិត្ត ដោយសារពួកគេយល់ថា ការងាររបស់ក្រុមប្រឹក្សា ជាការងារដាច់ដោយឡែកពីការងារខ្លួន ហើយការចូលរួមដោយគ្មានការអញ្ជើញ ពួកគេថាមានការពិបាក។
ចេញពីភូមិបត់គគីរថ្មី ទៅកាន់ភូមិផ្សារអណ្តែត ដែលផ្លូវនៅនៅភូមិនេះ គឺកាន់តែពិបាកជាងផ្លូវដែលទៅភូមិមុនទៅទៀត ប្រធានសហគមន៍ភូមិ ដែលធ្លាប់ជាអតីតទាហានរដ្ឋកម្ពុជាលោក យឿន សំបូរ មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវីអូឌីថា លោកធ្លាប់បានចូលរួមប្រជុំសាធារណៈ នៅស្រុកបានចំនួន២ដង នៅឆ្នាំ២០១៦ តែលុះណាតែមានអញ្ចើញ។
លោកថា៖ «ហេ! នេះរៀងអៀនដែរ បើថាត្រឹមឃុំ វាមិនអីទេ តែដល់ស្រុកគ្មានលិខិតអញ្ជើញ ឆន្ទៈរបស់យើងដូចថា ចូលទៅអញ្ចឹងដូចថាអៀន គេសំឡឹង មើលមុខមកថា ចម្លែកអីអញ្ចឹង។ តែនេះ ជាសិទ្ធិរបស់យើងហើយតែយើងមានអារម្មណ៍មួយណា ដូចរាងខ្លាចគេអីអញ្ចឹង»។
តាមការសម្ភាសន៍ពលរដ្ឋជាច្រើនអះអាងថា ប្រសិនជាមានការរៀបចំវេទិការសាធារណៈនៅក្នុងឃុំ គឺអាចទាក់ទាញពលរដ្ឋឲ្យចូលរូមបានច្រើនជាងការដែលពលរដ្ឋ ធ្វើដំណើរ ពីផ្ទះទីកាន់សាលាស្រុក។
ការស្រាវជ្រាវមួយរបស់វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ API ឆ្នាំ២០១៥ បានឲ្យដឹងថា ការផ្សព្វផ្សាយព័ត៌មានភាគច្រើនរបស់ក្រុមប្រឹក្សាស្រុក ធ្វើឡើងតាមរយៈកិច្ចប្រជុំ ប្រចាំខែរបស់ក្រុមប្រឹក្សាឃុំ, កិច្ចប្រជុំភូមិនិងការប្រមូលផ្ដុំភូមិ។ ក្តារព័ត៌មាន នៅក្នុងពិធីបុណ្យផ្សេងៗ និងទីកន្លែងសាធារណៈ គឺអំពីវីធីសាស្ដ្រជាទូទៅសម្រាប់ការផ្សព្វផ្សាយព័តមាន។
ប្រធានក្រុមប្រឹក្សាស្រុកបាកាន លោក ខៀវ ចែ បានទទួលស្គាល់ថា ការផ្សព្វផ្សាយរបស់ស្រុកមិនទាន់បានទូលំទូលាយនោះទេ ដោយសារកង្វះថវិកា ប៉ុន្តែចំណេះដឹងពលរដ្ឋ នៅមានកម្រិត ក៏នៅតែជាបញ្ហាដែលស្រុកនេះនៅជួបប្រទះផងដែរ។
លោកថា៖ «តាមពិតយើងផ្សព្វផ្សាយ តែយើងក៏ជឿរថាអាហ្នឹងក៏ផ្សព្វផ្សាយមិនបានទូលាយដែរទេ ជូនកាលផ្សព្វផ្សាយហើយបើគាត់មិនមកក៏មិនទៅគាត់ថាអញ្ចឹងណា! ពាក្យថាសារៈសំខាន់វាទាល់តែគាត់យល់ថាស្អីដែលជាការចំណេញចំពោះគាត់បានគាត់មក មិនជឿប្រជុំខ្លះមានលុយគាត់មិនយល់ថាការប្រជុំហ្នឹងមានសារៈសំខាន់សំរាប់គាត់ អាហ្នឹងពាក្យថាសារៈសំខាន់ (សើច) អត់មានលុយអត់មក។ អញ្ចឹងពួកគាត់អត់ទាន់យល់សារៈសំខាន់ហ្នឹងវារបៀបមិច គាត់យល់ថាស្អីជាផលប្រយោជន៍គាត់បានគាត់មក អញ្ចឹងបានជាគាត់និយាយថាផ្លូវហ្នឹងធ្វើអត់ល្អ! អញ្ចឹង ពេលបានមកប្រជុំ បានជាយើងច្រើនតែពង្រឹង»។
ដើម្បីផ្តល់ព័ត៌មានទៅដល់ពលរដ្ឋ ក្នុងការទទួលព័ត៌មានពីរដ្ឋបាលស្រុក លោក ខៀវ ចែ ឲ្យដឹងថា លោកបានសម្រេចជម្រុញ ទៅកាន់ថ្នាក់ឃុំឲ្យមានការប្រជុំនៅថ្នាក់ឃុំមួយ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក។
ការខណ្ឌដាច់ពីគ្នារបស់រដ្ឋបាល ដែលជាអ្នកផ្តល់សេវា និងអ្នកត្រូវការសេវា បានបង្កើតឲ្យមានបញ្ហាពីរគឺទី១ គឺបញ្ហាអសកម្មរបស់ក្រុមប្រឹក្សា និងទី២ គឺសេវា ឬគោលនយោបាយថ្នាក់ជាតិស្ទើរទាំងអស់ មិនបានទៅដល់ដៃប្រជាពលរដ្ឋ។ នេះ ជាការបញ្ជាក់របស់អ្នកជំនាញខាងអភិបាលកិច្ច លោក ឱក សេរីសោភក្កិ៍។
លោកថា៖ «បញ្ហាពីរនេះ ធំណាស់ដល់អញ្ចឹងទៅ ហើយកាលណាអាពីរហ្នឹងវាធំទៅ…កាត់ផ្តាច់គ្នាឲ្យស្រលះ រវាងអាជ្ញាធរ ហើយនឹងប្រជាពលរដ្ឋ។ ដូច្នេះ បើប្រជាពលរដ្ឋអត់គាំទ្រអ្វី ដែលអាជ្ញាធរធ្វើហើយ នៅពេលដែលអាជ្ញាធរអត់ធ្វើ អ្វីសម្រាប់បម្រើប្រជាពលរដ្ឋ ដូច្នេះកន្លែងហ្នឹង អត់អាចអភិវឌ្ឍន៍យូរអង្វែងបាន អត់អាចអភិវឌ្ឍន៍ជាចីរភាពបានទេ និងមានបញ្ហាមិនយូរមិនឆាប់»។
ទោះជាយ៉ាងណា ថវិកាថ្នាក់ជាតិ ដែលទម្លាក់ទៅកាន់ថ្នាក់ក្រោមជាតិ នៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យការប្រជុំសាធារណៈរបស់ក្រុមប្រឹក្សាស្រុកមួយចំនួន នៅពឹងផ្អែកទៅលើជំនួយរបស់អង្គការសង្គមស៊ីវិល។
ថវិកាថ្នាក់ក្រុង ស្រុក ដែលរដ្ឋាភិបាលទម្លាក់ទៅក្នុងមួយឆ្នាំមានចន្លោះ ពី២០ ទៅ៣០ម៉ឺនដុល្លារ ប៉ុណ្ណោះ ដែលក្នុងនោះជាង៧០ភាគរយ នៃប្រាក់ដែលបានទម្លាក់ទៅនោះ ត្រូវបានប្រើប្រាស់លើប្រាក់ខែបុគ្គលិក និងចំណាយរដ្ឋបាល ខណៈដែលសល់តែ៣០ភាគរយទេ ដែលយកទៅប្រើប្រាស់លើការអភិវឌ្ឍ។
ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យស្ថានភាពនៃការអនុវត្តការងារនៅរដ្ឋបាលក្រុង កាលពីថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៧ ស្រុក ខណ្ឌ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិអប់រំប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ហៅកាត់ថា NCDD លោក ង៉ាន់ ចំរើន មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា លោក មិនទទួលស្គាល់ពីគំលាតគ្នារវាងពលរដ្ឋ និងសមាជិកក្រុមប្រឹក្សាស្រុកនោះទេ តែលោកថា រដ្ឋាភិបាលកំពុងពិនិត្យមើលលទ្ធភាពថវិកា ដែលអាចផ្ទេរសម្រាប់ក្រុមប្រឹក្សាក្រុងស្រុក ក្នុងការរៀបចំវេទិការសាធារណៈផងដែរ។
លោកថា៖ «ជាការពិតយើងកំពុងពិចារណាមើលថា តើអាចមានលទ្ធភាព រៀបចំនូវកញ្ចប់ថវិកា សម្រាប់កិច្ចការនយោបាយចង់និយាយថា សម្រាប់កិច្ចការក្រុមប្រឹក្សានៅក្នុងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងកម្រិតណាមួយជាក់លាក់ ដូចថានៅស្រុកគេ ក្នុងផែនការប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ គេមានរៀបចំជាកញ្ចប់ថវិកាបន្តិច មួយចំណែកតូចមួយសម្រាប់ក្រុមប្រឹក្សា ដែលក្រុមប្រឹក្សានីមួយៗ ដើម្បីឲ្យអនុគណៈកម្មការនានារបស់ក្រុមប្រឹក្សា គាត់អាចមានលទ្ធភាពធ្វើសកម្មភាព ធ្វើកិច្ចប្រជុំ ឬក៏កិច្ចពិភាក្សា ឬក៏ចុះទៅជួបប្រជាពលរដ្ឋគាត់ត្រូវតែមានកញ្ចប់ថវិការមួយចំនួន អាច១ ឬ២ភាគរយ នៃថវិកាអាស្រ័យលើភាពចាំបាច់»។
ជារួម នេះគឺគ្រាន់តែជាជ្រុងមួយនៃបញ្ហារបស់រដ្ឋបាលដ៏ក្មេងខ្ចីរបស់កម្ពុជាដែលធ្វើឲ្យប៉ះពាល់ដល់សេវាទាំងមូល និងការបម្រើពលរដ្ឋ។ ពលរដ្ឋដឹងពីបញ្ហាដែលកើតឡើង ដែលជះឥទ្ធិពលដល់ជីវភាពរបស់ពួកគេ តែពួកគេមិនដឹងពីកន្លែងណា ដែលអាចដោះស្រាយបញ្ហាទាំងនេះនោះទេ។ ពួកហាក់មានការភ័យខ្លាចក្នុងការរាយការណ៍ទៅកាន់អ្នកផ្តល់សេវាជូនខ្លួន ហើយក៏មិនហ៊ានទៅចូលរួមក្នុងកិច្ចប្រជុំជាសាធារណៈរបស់អ្នកផ្តល់សេវាខ្លួននោះទេ ដោយយល់ថា ពួកគេជាពលរដ្ឋទន់ខ្សោយ ហើយអ្នកផ្តល់សេវាជាម្ចាស់ ខណៈអ្នកផ្តល់សេវាទាំងនោះមួយចំនួនហាក់មានកម្រិតនៃចំណេះដឹង និងការផ្តល់សេវា ហើយបញ្ហាធំនៃរឿងទាំងនេះ គឺការផ្តល់ និងទទួលព័ត៌មានពីអ្នកផ្តល់ និងអ្នកទទួលសេវា ត្រូវបានរាំងខ្ទប់ដោយផ្នត់គំនិតមេ ឬចៅហ្វាយ ដែលកម្ពុជាបានប្រើប្រាស់កាលពីមុនសម្រាប់អ្នកធ្វើការបម្រើពលរដ្ឋ។
ចំពោះ អ្នកជំនាញខាងអភិបាលកិច្ចលោក ឱក សេរីសោភក្កិ៍ យល់ថាដើម្បីឲ្យបញ្ហានេះ ត្រូវបានដោះស្រាយគឺត្រូវធ្វើយ៉ាងណាបង្កើតឲ្យមានការជួបជុំគ្នារបស់អ្នករដ្ឋបាល ជាពិសេសស្ថិតក្នុងបែបបទសាមញ្ញដែលធ្វើឲ្យពលរដ្ឋអាចចូលរួមបាន ហើយអជ្ញាធរត្រូវដឹងពីតួនាទីរបស់ខ្លួនថាជាអ្នកបម្រើពលរដ្ឋ មិនមែនជាចៅហ្វាយនោះទេ។
លោកថា៖ «វាត្រូវការពេលវេលា តាមដែលខ្ញុំចុះទៅសង្កេតមើលឃើញថា មានខេត្តជាច្រើនចាប់ផ្តើមធ្វើ រួចហើយមន្ត្រីរបស់យើងនៅថ្នាក់ក្រោមជាតិហ្នឹង ក៏ចាប់ផ្តើម ផ្តូរនូវផ្នត់គំនិតហើយនឹងការ របៀបរបបនៃការផ្តល់សេវាហ្នឹងដល់ប្រជាពលរដ្ឋហើយ។ ខ្ញុំគិតថា កំពុងតែទៅហើយ គ្រាន់តែប្រជាពលរដ្ឋក្តី យើងចង់ឲ្យទៅលឿនជាងហ្នឹង ក៏ប៉ុន្តែការពិត វាមិនអាចឲ្យលឿនតាមចិត្តដែលយើងចង់បានទេណា វាអញ្ចឹង»៕
រាយការណ៍បន្ថែមដោយលោក ម៉ាប់ ស៊ុយ