លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញទៅអាមេរិកឲ្យកាត់ជំនួយទាំងអស់ ដោយថា ការកាត់ជំនួយនេះធ្វើឲ្យប៉ះពាល់ដល់អង្គការក្រៅរដ្ឋាភិបាលដែលស្ថិតនៅក្រោមការឧបត្ថម្ភពីអាមេរិក។
លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅថ្ងៃទី១៩ ខែវិច្ឆិកានេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីជាង ៤ពាន់នាក់នៅឯកោះពេជ្រ។
លោក ហ៊ុន សែន បានលើកឡើងថា៖ «ហើយយល់ល្អអំពាវនាវឲ្យអាមេរិកកាត់ជំនួយទាំងអស់តែម្ដង ព្រោះកាត់ទៅវាងាប់អា NGO [អង្គការក្រៅរដ្ឋាភិបាល] ក្នុងស្រុកទាំងអស់។ ទៅសម្លាប់កូនរបស់ឯងតែម្ដងទៅ ស្អីឡើងកាត់ៗ កាត់ទៅ»។
លោក ហ៊ុន សែន ថា កម្ពុជាមិនអាចឱនក្បាល និងធ្វើឲ្យបាត់បង់អធិបតេយ្យភាព ឯករាជ្យជាតិនោះទេ ដោយគ្រាន់តែចង់បានជំនួយបរទេសបន្តិចបន្ទួច។
លោក ហ៊ុន សែន បន្ថែមថា បន្ទាប់ពីអាមេរិកប្រកាសកាត់ជំនួយដល់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC)មក លោកបានទៅចរចាជាមួយចិន ហើយចិនបានយល់ព្រមផ្ដល់ជំនួយដល់ស៊ីម៉ាក់ទាំងអស់ ទើបអាមេរិកបានព្រមផ្ដល់ជំនួយឲ្យកម្ពុជាវិញ ព្រោះអាមេរិកព្រួយបារម្ភខ្លាចចិនដើរតួនាទីជំនួសខ្លួន។
ជាមួយគ្នានោះដែរ លោក ហ៊ុន សែន បន្ថែមថា លោកមិនខ្លាចនឹងការគម្រាមដាក់ទណ្ឌកម្មលើការបញ្ជារទិញទំនិញពីកម្ពុជានោះទេ ដោយសារចំនួនអ្នកបញ្ជាទិញមានខ្ពស់ជាងឆ្នាំមុន ហើយលោកថា អ្នកដែលគម្រាមបិទបញ្ជាទិញនោះ នឹងប្រឈមមុខជាមួយវិស័យឯកជនរបស់ខ្លួនដែលបានចុះកិច្ចសន្យាជាមួយកម្ពុជារួចហើយ។
ចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា បន្ទាប់ពីមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីដើមខែកញ្ញា ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ហើយគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
បណ្ដាប្រទេសអឺរ៉ុបទាំងនោះ បានលើកឡើងថា កម្ពូជាកំពុងឃ្លាតឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ និងបានរំលោភសិទ្ធិពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ ប្រទេសមហាអំណាចចិន បានគាំទ្រជំហររបស់កម្ពុជា ដោយថា ដើម្បីរក្សាសន្តិភាព និងស្ថេរភាពជាតិ៕