ក្រោយពីតុលាការកំពូល បង្គាប់ឲ្យរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃរួចមក គេសង្កេតឃើញ សហរដ្ឋអាមេរិក បានប្រកាសផ្តាច់ជំនួយមក គ.ជ.ប. និងអនុម័តច្បាប់មួយចំនួនទៀត បិទផ្លូវមន្ត្រីកម្ពុជាដែលរងការចោទថា រំលោភសិទ្ធិមនុស្ស មិនឲ្យធ្វើពាណិជ្ជកម្មជាមួយ។
សហភាពអឺរុបឯណោះវិញ បានគំរាមបង្កកការអនុគ្រោះពន្ធសម្រាប់ទំនិញនាំចូលពីកម្ពុជា ដោយថា បើរបបដឹកនាំមួយនេះ មិនដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងបើកផ្លូវឲ្យគណបក្សប្រឆាំងដ៏ធំមួយនេះ បានចូលរួមប្រកួតការបោះឆ្នោតឆ្នាំ២០១៨ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ។
ការរំលាយបក្សប្រឆាំងនេះ មិនមែនមានតែសហរដ្ឋអាមេរិក និងសហភាពអឺរុបដែលមានសមាជិក២៧ប្រទេសប្រតិកម្មប៉ុណ្ណោះទេ អូស្ត្រាលី សហភាពអន្តរជាតិ IPU ដែលមានសមាជិក១៧៣ និងប្រទេសមួយចំនួនទៀត ក៏បានបង្ហាញក្តីបារម្ភ និងជំរុញទៅរដ្ឋាភិបាលកម្ពុជាឲ្យបើកលំហប្រជាធិបតេយ្យធានាដល់ការបោះឆ្នោតដូចគ្នា។ លើកលែងតែប្រទេសចិនមួយគត់ដែលគាំទ្រចំណាត់ការរដ្ឋាភិបាល។
ចំណែកប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ថ្លែងតបវិញថា លោកមិនបារម្ភពីការគំរាមផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិកនេះទេ ដោយថា ជំនួយទាំងនោះ អាមេរិកផ្តោតលើតែអង្គការសង្គមស៊ីវិលច្រើនជាង។
បើទោះបីជាលោក ហ៊ុន សែន អះអាងបែបនេះក្តី តែសម្រាប់អ្នកតាមដានវិញ ធ្លាប់និយាយថា កម្ពុជា ពេលនេះ នៅមិនទាន់អាចដកខ្លួនចេញពីប្រទេសលោកសេរី ហើយទៅឱបជើងមហាអំណាចចិនតែម្នាក់បានទេ ដោយថា កំណើនសេដ្ឋកិច្ចកម្ពុជា មួយផ្នែកធំពឹងលើទីផ្សារប្រទេសលោកសេរី ពិសេសផ្នែកវិស័យកាត់ដេរ ដែលមានទីផ្សារធំនៅអាមេរិក និងសហភាពអឺរុប។
ទីផ្សារកាត់ដេរនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់អះអាងដែរថា កម្មករជិត ១លាននាក់ ទទួលបានអត្ថប្រយោជន៍ផ្លាល់ពីវិស័យកាត់ដេរតាមរយៈធ្វើការទទួលបានប្រាក់ឈ្នួល និងថា ជិត ៣លាននាក់ផ្សេងទៀត ទទួលបានអត្ថប្រយោជន៍ដោយប្រយោលពីវិស័យនេះ។
បើកម្ពុជានៅទទួលបានប្រយោជន៍ពីប្រទេសលោកសេរីបែបនេះ សំនួរសួរថាតើសម្ពាធអន្តរជាតិអាចជួយឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញឬទេ?
អ្នកវិភាគនយោបាយលោក បណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា ការរំលាយគណបក្សប្រឆាំងមុនបោះឆ្នោត ហាក់បង្ហាញថា របត់នយោបាយបានងាកចេញពីគន្លងប្រជាធិបតេយ្យ និងនីតិរដ្ឋរួចទៅហើយ។
លោកថា៖ «ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយរបបមួយដែលអាចហៅថា របបយោធាត្រកូលទៅអនាគត មានន័យថាប្រទេសកម្ពុជាលែងគ្រប់គ្រងរដ្ឋតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិមនុស្ស និងនីតិរដ្ឋទៀតហើយ»។
លោក ឡៅ ម៉ុងហៃ វិភាគទៀតថា របត់នយោបាយបែបនេះ គេពិតជាពិបាកនឹងសង្ឃឹមថា គណបក្សសង្គ្រោះជាតិ អាចនឹងរស់ឡើងវិញ ហើយបានចូលរួមប្រកួតការបោះឆ្នោតឆ្នាំ២០១៨ បើសម្ពាធអន្តរជាតិ មានត្រឹមកម្រិតតិចតួចដូចសព្វថ្ងៃនេះ។
លោកថា៖ «ប្រសិនត្រឹមកម្រិតប៉ុនហ្នឹង ខ្ញុំមិនជឿថា មានប្រសិទ្ធិភាពទេ ប្រហែលជាក្នុងកាលះទេសៈនេះ ត្រូវឲ្យខ្លាំងមែនទែន ដល់កម្រិតបិទផ្សារផលលិតផលខ្មែរ [ផលិតផលសម្លៀកបំពាក់នាំទៅលក់នៅអាមេរិក និងអឺរុប]។ ប៉ុន្តែ ខ្ញុំមិនជឿថា គេឈានដល់ហ្នឹងទេ»។
បើតាមលោក ឡៅ ម៉ុងហៃ សម្ពាធពីអន្តរជាតិជារឿងមួយ តែលោកថា បើពលរដ្ឋខ្មែរភាគច្រើននៅក្នុងប្រទេស ទទួលយកការវិវឌ្ឍនយោបាយដូចបច្ចុប្បន្ន លោកថា សម្ពាធអន្តរជាតិក៏មិនអាចសង្គ្រោះប្រជាធិបតេយ្យនៅកម្ពុជាបានដែរ។
លោកថា៖ «តាមពិតខាងក្នុងហ្នឹងខ្លាំងជាងខាងក្រៅ អាហ្នឹងហើយជាសម្ពាធទៅដល់ថ្នាក់ដឹកនាំ ឧទារណ៍ជាក់ស្តែង វាមានទៅហើយ ដូចជានៅប្រទេសថៃ រដ្ឋប្រហាយោធាមាននរណាធ្វើអី?»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា ធ្លាប់វិភាគថា សម្ពាធអន្តរជាតិ ពិតជាមានឥទ្ធិពលមកលើកម្ពុជា បើអ្នកនយោបាយខ្មែរទាំងអស់តម្កល់ប្រយោជន៍ជាតិជាធំ ដោយលោកលើកឧទារណ៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស១៩៩១ ដែលបានជំរុញឲ្យភាគីខ្មែរទាំងអស់ ព្រមទម្លាក់អាវុធ ឈប់បង្ហូរឈាមគ្នា ព្រមប្រកួតប្រជែងអំណាចតាមរយៈការបោះឆ្នោត រហូតពេលនេះ។
លោកថា៖ «ខ្ញុំគិតថា បើសិនជារដ្ឋាភិបាលគិតពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ លោកនឹងពិចារណា ប៉ុន្តែ បើសិនបើគ្រាន់តែដើម្បីឈ្នះ ដើម្បីតែផលប្រយោជន៍ក្រុមបក្ខពួក របស់លោកនោះ ខ្ញុំគិតថា គ្មានការពិចារណានោះទេ»។
បើតាមអ្នកវិភាគ ប្រទេសលោកសេរីនៅតែមានឥទ្ធិពលក្នុងការជំរុញប្រជាធិបតេយ្យនៅកម្ពុជា តាមកិច្ចព្រមព្រៀងនានា ប៉ុន្តែ ថាដំណោះស្រាយនយោបាយ ឈានទៅបើកលំហប្រជាធិបតេយ្យ និងវត្តមានគណបក្សសង្គ្រោះជាតិក្នុងទីលានប្រកួតការបោះឆ្នោតឡើងវិញ នៅឆ្នាំ២០១៨ ឬក៏យ៉ាងណានោះ ពួកគេថា វាអាស្រ័យលើឆន្ទៈរបស់មេដឹកនាំបក្សកាន់អណាចផងដែរ៕