បទស៊ើបអង្កេត៖ កង្វះចំណេះដឹងរបស់ក្រុមប្រឹក្សាក្រុង​ពោធិ៍សាត់​ ជា​កត្តារារាំងដល់ការជម្រុញគណ​នេយ្យភាព

សាលាខេត្ត​ពោ​ធិ៍សាត់

ខេត្តពោធិ៍សាត់ៈ នៅអាណត្តិទី២នេះ ក្រុងពោធិ៍សាត់ មានក្រុមប្រឹក្សា១៥រូប។ ១៤រូប​មកពីគណបក្សប្រជាជនកម្ពុជា និង​មួយ​​​រូបមក​​​ពីគណ​បក្ស​ស​ង្គ្រោះជាតិ​​​​។ យោងតា​មលក្ខខណ្ឌ​ ដែលមានចែងនៅក្នុង​ច្បាប់​បោះឆ្នោត​ជ្រើ​សរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ មិ​នបា​នកំ​​ណត់ពី​ក​ម្រិ​តវប្បធម៌ សម្រាប់បេក្ខភាពឈរឈ្មោះជាក្រុមប្រឹក្សាទេ។ មាត្រា២១ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានសញ្ជាតិខ្មែរតាំងពីកំណើត មានអាយុយ៉ាងតិត២៥ឆ្នាំគិតមកដល់​​​​ថ្ងៃ​​​បោះឆ្នោត មាន​​សិទ្ធិ​បោះ​​ឆ្នោត។

ក្រុមប្រឹក្សាមួយចំនួន ដែលបានផ្តល់បទសម្ពាសន៍ និយាយថា ពួកគាត់មិនត្រូវបានអនុញ្ញាត្តិ​ឲ្យពិនិត្យលំអិត​លើការចាយ​វាយថវិកា លើ​គ​ម្រោងអភិវឌ្ឍ ក្រុង ឬគម្រោងចាយវាយផ្សេងៗទេ។ ចំណែកខ្លះ​ទៀតថា ពួកគាត់ថា គ្មានជំនាញ អាចពិនិត្យរកការពិត នៃរបា​យ​កា​រណ៍ហិរញ្ញវត្ថុ ដែលគណៈ​អភិបាល ដាក់​​ជូន​​ក្នុង​កិច្ច​ប្រជុំនោះទៀតផង។

អ្នកយកព័ត៌មាន VOD កំពុងសម្ភាសន៍ជាមួយសមាជិកក្រុមប្រឹក្សាស្រុកស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់

សមាជិកក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ប្រមាន​ជា២០ភាគរយ មិនអាចចុះមូលដ្ឋានបាន ដោយសារពួកគាត់ មានអាយុលើស៧០ឆ្នាំ និងមានជម្ងឺប្រចាំកាយជាដើម។

មាត្រា ៣៤, ៣៥, ៣៦ និង៤៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌចែងថា​៖ «ក្រុមប្រឹ​ក្សាអាចធ្វើកា​រអង្កេតលើ​ករណីទាំង​ឡា​យណា ដែ​ល​ខ្លួន​យល់ថា មានសា​រសំ​ខាន់​ដល់​​​ប្រជាពលរដ្ឋ ដែលខ្លួនជាតំណាង ព្រមទាំងអា​ចផ្សព្វផ្សាយល​ទ្ធផល នៃ​ការធ្វើអ​ង្កេត​នោះរួ​ច​ហើយ ត្រូវផ្តល់​គោ​លកា​​រណ៍​ណែ​នាំអនុវត្តដល់គណៈអភិបាល។ ក្នុងផ្នែកមួយទៀតនៃច្បាប់ដដែលនេះ ចែងដែរថា ក្រុមប្រឹក្សាត្រូវធ្វើយុទ្ធសាស្ត្រ អនុវត្តផែនការអភិវឌ្ឍដើ​ម្បីធា​នាឲ្យមាន​តម្លា​ភាព និ​ងគ​ណ​នេ​យ្យភាពចំពោះប្រ​ជាពលរដ្ឋ​ទាំងអ​ស់​ក្នុង​ដែន​សមត្ថ​កិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាត្រូវចាត់ចែងកិច្ចការហិរញ្ញវត្ថុឲ្យមានតម្លាភាព និង​​មា​នគណនេយ្យភាពចំពោះ​ប្រ​ជាពលរដ្ឋ»។

បើ​តាម​សាវតា​​​របស់​ក្រុម​ប្រឹក្សា​ក្រុង​ពោធិ៍សាត់​ ដែលមាន​បញ្ជាក់​តាម​រយៈ​ប្រវត្តិរូបបង្ហាញថា​ មានសមាជិក​ក្រុម​ប្រឹក្សា​ក្រុង​តែម្នាក់​ប៉ុណ្ណោះ ​ដែល​មាន​អាយុក្រោម៦០ឆ្នាំ។ សមាជិកក្រុម​ប្រឹក្សាក្រុង ​១៤នាក់​ផ្សេងទៀត​ មានអាយុ​ចន្លោះពី​៦០ឆ្នាំទៅ​៧០ឆ្នាំ។​ ដោយ​ផ្អែកលើ​ប្រវត្តិរូបសង្ខេប​ សមាជិក​ក្រុម​ប្រឹក្សាក្រុង​ពោធិសាត់​រហូតដល់៥៣ភាគរយ ដែល​​មានចំណេះ​ដឹង​ត្រឹម​កម្រិត​មធ្យ​ម​​​សិ​ក្សា​ទុតិយភូមិ ឬ​ហៅថា​ បាក់ឌុប។ ៣៣ភាគរយផ្សេងទៀត​ គឺ​បាន​បញ្ចប់ការ​សិក្សា ​ឬ​បាន​សិក្សា​ត្រឹម​កម្រិត​មធ្យម​សិក្សា​បឋម​ភូមិ​ ឬ​ថ្នា​ក់អនុវិទ្យាល័យ​តែប៉ុណ្ណោះ។

តួរលេខនេះ​ ក៏​បង្ហាញ​ដែរថា ​​មាន​សមាជិក​ក្រុម​ប្រឹក្សា​តែ​ ២នាក់ប៉ុណ្ណោះ ​ដែល​ស្នើ​នឹង​១៣ភាគរយ ​ដែល​មា​នចំ​ណេះ​ដឹង​ខ្ពស់ ដោយ​បាន​បញ្ចប់ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់។                                                                                                                                                                              យោងកំណត់​ហេ​តុនៃកិ​ច្ច​​​​ប្រ​​ជុំ​​ចំនួ​ន​​​៦​​​ខែ ​ដើមឆ្នាំ២០១៧ ស​មា​​ជិក​ទាំង​១៤​រូប​ នៃស​មាជិ​​កក្រុម​ប្រឹក្សាចំនួន​១៥រូប ដែល​បាន​​ចូល​​រួមប្រ​ជុំក្រុម​ប្រឹក្សា​ប្រចាំខែ​នោះ គឺមាន​សាមា​​ជិក​ តែ​២ទៅ​៣នាក់​ ប៉ុណ្ណោះ បានឡើងមាន​យោប​ល់ នៅក្នុង​កិច្ច​ប្រជុំម្តងៗ។

បើតាមកំណត់ហេតុ លោក ងិន មាន​ ដែល​បាន​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​បឋម​ភូមិ បានឡើងមាន​យោបល់ញឹ​កញា​ប់​ជាងគេ។ ​​លោ​ក ​ស៊ឹម សុ​វណ្ណ និង​​លោ​កស្រី ចក់ នារី ​ដែល​ទាំងពី​រនាក់ ​បាន​បញ្ចប់ការ​សិក្សា​ថ្នាក់​វិទ្យាល័យ គឺ​ជា​អ្នក​ដែល​ត្រូវ​បា​ន​កត់​ត្រា​​ថា ​ឡើង​មានយោបល់​ញឹកញាប់ផងដែរ។ ប៉ុន្តែ ពេលអនុម័តលើសេចក្តីស្នើសុំអ្វីមួយ កំណត់​ហេ​តុបញ្ជា​ក់​ថា​ ស​​​មា​​ជិក ​បាន​​លើក​​​ដៃអនុម័ត ដោយមាន​សំ​​​​ឡេង​១៤លើ១៤ និងពេលខ្លះ ១៤លើ១៥។

លោក ចាប សោភ័ណ គឺជា​សមាជិកក្រុម​ប្រឹក្សា​មួយរូប។ ឈ្មោះ​របស់គាត់ ​មិនមានកត់ត្រា​នៅក្នុងកំណត់​ហេតុ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​ក្រុង​ពោធិ៍សាត់ ​ថាបានឡើងមាន​យោបល់​​នៅពេល​ប្រជុំនោះទេ។ គាត់​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​ ជាមួយអ្នក​យក​ព័ត៌មានVOD ថា កម្រិតយល់ដឹង របស់​ក្រុមប្រឹក្សាត្រូវធ្វើកំណែទម្រង់​ ទើប​ដល់​​​គោល​​ដៅដែលចង់បាន។ បើ​តាម​លោក ​ចាប សោភ័ណ សមាជិកក្រុមប្រក្សាយ៉ាងតិច ២ឬ៣នាក់ មិនអាចមកធ្វើការបាន ដោយសារវ័យ​​ចំណាស់ និងមានជម្ងឺប្រចាំកាយ។

​លោក ​ចាប សោភ័ណ៖ «បើសិនជាយើងពិនិត្យ មើលពីសមត្ថភាពធនធានមនុស្សរបស់យើង ធៀបទៅនិងការអនុវត្ត​ច្បាប់​​ដែល​មានចែងវិញ​ វាអត់​ទា​ន់​ទៅដល់ហ្នឹងទេ​ វាមិនទាន់សមស្របមួយរយភាគរយទេ បើនិយាយពីស​​មត្ថភាព វាទាមទារ​ឲ្យ​មាន​វគ្គបណ្តុះបណ្តាលបន្តទៀត» ។

សមាជិក​ក្រុម​ប្រឹក្សា​មួយរូប​ទៀត លោក តេង ឈុនអេង និយាយថា ពាក្យ​ពេចន៍បច្ចេកទេស​ ​នៅក្នុង​របាយការណ៍​ ធ្វើ​ឲ្យ​គាត់​មិន​យល់ និងថា វាធ្វើឲ្យលោក​ពិបាក​ឡើង​មានយោបល់​នៅក្នុង​ពេល​ប្រជុំ។ លោក តេង ឈុនអេង និយាយទៀត​ថា គាត់​មិន​ធ្លាប់​បាន​សួរ​ដេញ​ដោ​លចំពោះ​របាយការណ៍នានា ​របស់​ក្រុង​ក្នុងកិច្ច​ប្រជុំនោះទេ។

សម្រាប់​លោក តេង ឈុនអេង ទទួល​ស្គាល់ដែរថា ការ​ខ្វះ​ខាតនេះ គឺជាចំណុចខ្វះចន្លោះ ក្នុងការបំពេញតួ​នាទី​​​ ធានា​​​គណនេយ្យ​ភាព​​ជូន​​ប្រជាពលរដ្ឋ។

​លោក តេង ឈុនអេង៖ «កត្តា ដែលជាបញ្ហាគឺទី១ ខ្ញុំ​យល់ថា តិចច្រើនយើង​អត់មានជំនាញខាង [ហិរញ្ញវត្ថុ] ហ្នឹង។​ គ្រាន់តែគេដាក់លេ​ខ​ទូកុងគេមក [លើរបាយការណ៍] យើងអត់យល់ផង ដល់អញ្ចឹងយើងទៅ សួរគេយ៉ាងម៉េច! យើងពិបាក ។ គេដាក់ឲ្យយើងមើល ដល់យើងអត់យល់ អញ្ចឹ​​ងអត់យល់ យើងហៅគេមកពន្យល់វិញ​! ទាក់ទងនឹងសមត្ថភាព ព្រោះក្រុម​ប្រឹ​ក្សា​អត់​មាន​ន​រណា​នៅ​ផ្នែ​ក​ហិរញ្ញវត្ថុទេ»។

លោក រ៉ែម សាមឿន គឺជាសមាជិកក្រុមប្រឹក្សាក្រុងតែម្នាក់គត់ មកពីគណបក្សសង្គ្រោះជាតិ។ គាត់ប្រាប់ថា គាត់មិ​ន​ដែ​ល​បាន​សួរដេញដោលគណៈអភិបាលពីរបាយការហិរញ្ញវត្ថុ​របស់ក្រុងទេ ហើយពេលខ្លះ លោកមិនលើកដៃអនុម័​តទៅលើគម្រោង​ផែនការចំណា​យរបស់ក្រុង​ដែរ ​ដោយលោកបញ្ជាក់​​ថា លោកមិនសូវយល់។

វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ API កាលពីឆ្នាំ២០១៥  បានបង្ហាញ របាយការណ៍ស្រាវជ្រាវ ផ្តោតលើ៤ខេត្ត រួមទាំងខេ​ត្ត​ពោ​​ធិ៍​​​សា​​ត់ផង បានវាយតម្លៃថា ក្រុមប្រឹក្សា​តិច​តួច ​បាន​បញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។​ របាយការណ៍នេះ បង្ហាញថាក្នុងចំណោមក្រុម​ប្រឹក្សា​១៣៥​នាក់​ មាន​៣២.១ភាគរយ បាន​បញ្ចប់វិទ្យា​ល័យ​។ ៣០.៥ ភាគរយ បានប​ញ្ច​​​​ប់​​​បរិ​​ញ្ញា​​​បត្រ។​ ២៤.៤ ភាគរយ បានបញ្ចប់ថ្នាក់អនុវិទ្យាល័យ និង បាក់ឌុប​។ ៨.៤ ភាគរយ​ បាន​បញ្ច​​ប់​ថ្នាក់​អនុ​បណ្ឌិត និង ០.៨ភាគរយ​ បញ្ចប់​ថ្នាក់​បណ្ឌិ​ត ។

លោក សំរិទ្ធិ អេង គឺប្រធាន​ក្រុមប្រឹក្សា​ក្រុង​ពោធិ៍សាត់។ ក្នុងកំណត់​ហេតុ​ប្រជុំ​ប្រចាំ​ខែ ​លោក សំរិទ្ធិ អេង បាន​រំឭ​កស​​មា​ជិ​កក្រុម​ប្រឹក្សា​ក្រុងឲ្យ​ពង្រឹ​ង​​​​ប្រ​សិ​​ទ្ធិ​​​ភាពការងារ តាមរយៈការចូលរួមវេទិការនៅតា​មសង្កាត់ ជាមួយអង្គការជាដៃគូ ដោយ​ថា ដើ​ម្បីប្រ​មូល​ប​ញ្ហា​របស់ពលរដ្ឋយ​ក​​មក​​ដោះ​​ស្រា​​​​យ។

ចំពោះ អ្នកសម្របសម្រួលគម្រោង របស់អង្គការអនាគតកុមារ ដែលអង្គការនេះ ធ្វើការផ្តោតលើអភិបាលកិច្ចល្អ លោក​​​ ឡុញ សុខខឿន និយាយថា តាម​កា​រចុះ​ធ្វើវេទិការសាធារណ បាន៤៩ឃុំ ក្នុងខេត្តនេះ រួចមក លោកថា ក្រុមប្រឹក្សាក្រុង​ពោ​​ធិ៍សា​​ត់ បា​នចូ​ល​​រួ​ម​​​ស​កម្មជាងស្រុកក្រគរ និងស្រុកភ្នំក្រវាញ។ ប៉ុន្តែលោកថា សមត្ថភាពរបស់ក្រុ​ម​ប្រឹ​ក្សា​​​ក្រុងពោធិ៍សាត់ ​ត្រូវការប​ង្កើ​ន​វគ្គ​ប​ណ្តុះ​បណ្តាលបន្ថែម។

លោក​​​ ឡុញ សុខខឿន ថា៖ «សមាសភាពរបស់ក្រុមប្រឹក្សា គាត់មកពីអង្គភាព​ [គណបក្ស] ផ្សេងៗគ្នា ហើ​យគាត់​អត់យ​ល់ច្បាប់​ថា អ្វី​ទៅ​តួនាទី របស់ក្រុមប្រឹក្សា ស្អីទៅការអភិវឌ្ឍបែបប្រជាធិបតេយ្យ! ហើយការអនុវត្តសិទ្ធិ និងតួនាទី របស់គាត់ គេអនុវ​ត្តបែប​ម៉េច ! គា​ត់​​អត់យល់​! ការកៀងគរ ប្រជាពលរដ្ឋ ដើម្បីឲ្យចូលរួមក្នុងសកម្មភាពការងារ របស់គាត់។ គាត់គួធ្វើបែបម៉េច? គួមានវិធីសា​ស្ត្រអ្វី​ខ្លះ? និយាយរួមទៅ គាត់ចង់បង្កើនសមត្ថិភាព ចំណេះដឹង របស់គាត់ហ្នឹង ក្នុងការអនុវត្តមុខងារ និងតួនាទីរបស់គាត់ហ្នឹង ប្រកបដោយប្រសិទ្ធភាព»។

របាយការណ៍របស់អង្គការអនាគតកុមារ វគ្គបណ្តុះបណ្តាលថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៣ កត់ត្រាថា ក្រុមប្រឹក្សា១២នាក់ ស្មើនឹង៨០ភាគរយ បានចូលរួម ហើយ វគ្គបណ្តុះបណ្តាល នៅ​ថ្ងៃទី​២៨​​ខែតុ​​លា​ឆ្នាំ២០១៥ ក្រុមប្រឹក្សា៧នាក់ ស្មើ៤៦ភាគរយ បានចូលរួម។

សមាជិកក្រុម​ប្រឹក្សា​ក្រុង​ច្រើន​ជាង​១០នាក់ ​បាន​ចូលរួម​ក្នុងវេទិការ​សាធារណៈ ​ពីរ​លើក​ដាច់ដោយ​ឡែក​ពីគ្នា ​​នៅក្នុង​ឆ្នាំ​២​០​១៧​នេះ។​ សមាជិកក្រុម​ប្រឹក្សា​១១រូប ​បាន​ចូលរួម​វេទិការសាធារណៈ​ ដែល​រៀបចំ​ដោយ​អង្គការ​អនាគតកុមារ កាលពី​ថ្ងៃទី២៨ ខែ​មិ​ថុ​នានៅក្នុង​ក្រុង​ពោធិ៍សាត់។ សមាជិកក្រុម​ប្រឹក្សា​ចំនួន១០រូប​ បាន​ចូលរួម​ក្នុង​វេទិការ​ដាច់ដោយឡែក​មួយទៀត​​ដែល​រៀបចំ​​ឡើង​ដោ​យ​អង្គការ​នេះ​ដដែល​នៅ​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ២០១៧។

សមាជិកក្រុមប្រឹក្សា លោក ចាប​ សោភ័ណ និយាយថា ក្រុមប្រឹក្សា បាន​​​អនុវត្ត​​ផែនការ បង្កើន​សមត្ថ​ភាព​ដល់​ក្រុម​ប្រឹក្សា​តាំង​ពី​ អាណត្តិទី១ រហូតអាណត្តិទី២នេះ។ ​លោ​កថា ផែ្អ​​ក​​​​​​​​តាមការបង្កើនសមត្ថភាពនោះ មានទាំងនៅថ្នាក់ជាតិ ថ្នាក់​ក្រោមជាតិ និង​ថាជាមួយ​សង្គ​កា​រជា​ដៃគូ មាន​​វិទ្យា​​ស្ថានតស៊ូមតិ និងគោលនយោបាយ (API) និង​អង្គការអ​នាគត​កុ​មារជាដើម។

របាយការណ៍សរសេរដោយដៃដែលសមាជិកក្រុមប្រឹក្សាប្រគល់ឲ្យ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៧ ក្រុម​ប្រឹ​ក្សាបានចូលរួមវគ្គណ្តុះ​បបណ្តាល បានចំនួន៦វគ្គ និងនៅថ្នាក់ជាតិ១វគ្គ នៅថ្ងៃទី១២ខែឧសភាឆ្នាំ២០១៧។

របាយការណ៍របស់ API ដដែលបង្ហាញថា​ ​ក្រុ​ម​​ប្រឹក្សា៧៩នាក់​ ដែលបានឆ្លើយទៅនឹងសំនួរដែលសួរថា តើអ្នកធ្លាប់ចូលរួមវគ្កគ​បណ្តុះបណ្តា​លស្តីពីសិ​ទ្ធិទទួលបានព័ត៌មានឬក៏អត់ ?

របាយការណ៍បញ្ជាក់ថា ក្រុមប្រឹក្សាស្រុក៧៩នាក់​ដែលបានឆ្លើយ មាន៥៨.៥ភាគរយ​ ថា បានចូលរួមវគ្គ​បណ្ដុះប​ណ្ដាល​ ​​ខណៈ ៤១.៥ភាគរយ ឆ្លើយថា មិ​នបា​នចូ​លរួម។

មន្រ្តី​កម្មវិធី​អង្គការ ​API លោក ម៉ាន់ វ៉ាន់ផាន់និត ឲ្យដឹងថា តាមការចុះ​ស្រាវ​​ជ្រាវ និងជួបសម្ភាសន៍ផ្ទាល់ លោកថា ក្រុមប្រឹក្សា​ក្រុងពោ​ធិ៍​សា​ត់ មានការប្តេជ្ញា​ខ្ព​ស់​​​​ ក្នុ​​​ង​ការបំពេញតួនាទីរបស់ខ្លួន។ ប៉ុន្តែ​លោក ផាន់និត មានប្រសាសន៍ថា អ្វីដែលជាកត្តារារាំង មិនអាចឲ្យពួកគេបំ​ពេ​ញ​តួនា​ទីបានពេញលេញដូច​មា​នចែងនៅក្នុងច្បាប់។ លោកថា ​ចំណេះ​ដឹង ជាផ្នែកមួយរារាំងដល់ការធានាគណនេយ្យភាព។

លោក ផាន់និត៖ «ក្រុមប្រឹក្សា បានលើកដោយផ្ទាល់ នៅពេលដែលយើងធ្វើការវាយតម្លៃ​ទៅលើសមត្ថភាពរបស់ពួ​ក​គាត់។ គាត់ បា​ន​លើកពីរចំនុចសំខាន់ៗ ទី១ ទោះជាអាជ្ញាធរ ឬក៏ក្រសួង បាន​បង្រៀន ឬក៏​ផ្តល់កា​រជួយ​បណ្តុះបណ្តាល​ច្រើនទៅ​លើ​តួ​​​នាទី ប៉ុ​ន្តែ​នៅតែ​មានបញ្ហាដដែ​ល​ ទៅលើក្រុមប្រឹក្សា​មួយចំនួន ដែល​អត់យល់​ពីតួនាទី និងសិទ្ធិអំណាចខ្លួនឯង។ កន្លែ​ង​​​នេះ ​​​​​​​​ដែលយើងឃើញថា នៅតែអត់យល់ច្បាស់ទេ! ទី២ ជាចំនុចសំខាន់មួយទៀត គឺគាត់ចង់ឲ្យអង្គការសង្គមស៊ីវិល ក៏​ដូច​​ជារដ្ឋាភិបាល ជួយបណ្តុះ​បណ្តា​ល​គាត់​​បន្ថែ​ម​​ទៀតថា តើគាត់​ត្រូ​វត្រួ​តពិ​និត្យថវិ​កាចាយវាយ របស់ក្រុងយ៉ាងម៉េច ដែ​​លធានា​ថា វាមា​នប្រសិ​​​ទ្ធិភាព​ វាជាក់​លា​ក់​ថា គ្មា​ន​​​អំពើពុករលួយ»។

របាយការណ៍សិស្សាពីសមត្ថភាពរបស់ក្រុមប្រឹក្សា បានបង្ហាញថា ក្រុមប្រឹក្សា៧៦នាក់ មាន៨៦,៦ភាគរយ ឆ្លើយថា ពួកគេ​អាច​យល់​ច្បាប់​ ស្ដី​​ពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អាចដឹងពីអនុក្រឹត្យស្ដីពីវិ​មជ្ឈ​ការអំណាច។

របាយការណ៍ដដែល ក៏បានរកឃើញដែរថា បញ្ហាប្រឈមរបស់ក្រុមប្រឹក្សា មាន៨០ភាគរយ ខ្វះចំណេះ​ដឹងពីព័ត៌​មាន។ ៨​២.២ ភាគរយ ​ខ្វះ​ឆន្ទៈ ក្នុងការ​ចែកចាយព័​ត៌មានដល់ពលរដ្ឋ។ ៦៥.៥ ភាគរយ គ្មានព័ត៌មានពី​ការគ្រ​ប់គ្រង។ ២៦.៩ ភាគរយ ថាមា​ន​ការ​គំរា​ម​​កំ​​​​ហែ​ងផ្នែកនយោបាយ និង ៤៣.២ ភាគរយ​ ខ្វះ​​ព័ត៌​មាន។

API បានវាយតម្លៃទៀតថា ក្រុមប្រឹក្សា​ពិត​ជា​ត្រូវការវគ្គវបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីបង្កើន​សមត្ថភាព របស់​ពួក​គេ​ ទើ​​ប​អាច បំ​​ពេ​ញ​តួនាទី​នេះ ប្រកបដោយ​ប្រសិទ្ធិភាពបាន។ របាយការណ៍របស់រដ្ឋាភិបាល បានបង្ហាញប្រហាក់ប្រហែល និង API ដែរ ពីបញ្ហានៃកម្រិតយល់ដឹងរបស់ក្រុមប្រឹក្សា រារាំង​ដល់​​ការជំរុញគណនេយ្យភាពនេះ។

តាមរបាយការណ៍កិច្ចប្រជុំស្តីពីការពិនិត្យស្ថានភាពនៃការអនុវត្តការងារនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែ​ល​រៀប​ចំដោយ គ​ណៈ​កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាថ្ងៃ​​​១ ខែសីហា ​ឆ្នាំ២០១​៧​ ដែលមានតំណាងមន្ត្រីថ្នាក់ក្រោមជាតិ មកពី២៥រាជធានី ខេត្តចូលរួមផងនោះ បានលើកឡើងថា ស​​មត្ថ​ភា​ពនិងការគ្មានជំនាញរបស់ក្រុមប្រឹក្សា ជាផ្នែកមួយ​រារាំង ដល់​ការអនុ​វត្ត​យន្ត​ប្រ​ជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

លទ្ធផលនៃកិច្ចប្រជុំ សរសេរថា «បញ្ហាប្រឈម គឺខ្វះសមត្ថ​ភាពជំ​នាញ មិនទាន់មានយន្តការស​ម្រាប់ត្រួតពិនិត្យ និងវា​យ​ត​ម្លៃ​សមត្ថភាព របស់​មន្ត្រីក្នុងកា​របំ​ពេញ​ការ​​ងារ មិនទាន់មាន​ផែនការអ​ភិវ​ឌ្ឍ​ធន​ធានមនុស្សតាមជំនាញជាក់លាក់» និង​​​ថា «ការ​យល់​ដឹង រ​បស់ក្រុមប្រឹក្សា​លើកា​រគ្រប់​គ្រ​​ងថវិ​កា ​នៅមានកម្រិត ដែលពិបា​ក​ក្នុ​​​​ង​កា​រធា​នាថា​ការអនុម័​ត​នោះ ​ត្រឹ​ម​​​​​ត្រូវ​ ឬក៏អត់»។

របាយការណ៍ ក៏បានលើកយកពីទស្សនទាន របស់អនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប លោក ង៉ាន ចំរើន សម្រាប់ធ្វើកំណែទម្រង់ អនុវត្ត​កា​រ​ងា​រ​ពីឆ្នាំ​២០​១៨ ដល់ឆ្នាំ២០២០ ថា ការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិ ចាំបាច់ត្រូវផ្ទេរភ្ជាប់ ទៅ​ជាមួយនូ​វកា​រផ្ទេរ​​ធន​ធា​ន​មនុ​ស្ស​ផង​ដែរ។

នា​យកប្រតិបត្តិគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ និយាយថា ការអភិវឌ្ឍបែប​ប្រជាធិបតេ​យ្យនៅ​ថ្នាក់​ក្រោម​ជាតិ មិនអាចធានាពីតម្លាភាពនិងគណនេយ្យភាពសង្គមបានទេ បើក្រុមប្រឹក្សា ជាអ្នកជំរុញ និងឃ្លាំមើល មា​នកម្រិ​ត​យ​ល់​ដឹង​ទាប ជាងមន្ត្រីអនុវត្តសកម្មភាពនោះ។

លោក សន ជ័យ និយាយទៀតថា​ករណីនេះ គ.ជ.ប.អ គួរមានគោលនយោបាយ​ជាក់លាក់ ជ្រើសរើសបេក្ខ​ភាពក្រុម​​ប្រឹក្សា​​ជា​​មន្ត្រីដែលមានជំនាញខ្លះ ឬស្នើសុំធ្វើវិសោធនកម្មច្បាប់ កំណត់កម្រិតវប្បធម៌ ​​ទើ​បអាចជំរុញ​​កា​​រអភិវឌ្ឍ​​បែប​​​​​ប្រជា​​ធិប​តេ​​​​​​​យ្យ​​​​​នៅថ្នាក់ក្រោមជាតិបាន។

ប្រធាន គ.ជ.អ.ប លោក សក់ សេដ្ឋា និយាយថា ជាការពិបាកធ្វើ​ឲ្យក្រុមប្រឹក្សា ជាមន្ត្រីនយោ​បាយ​នៅថ្នាក់ក្រោមជាតិ មា​ន​​​សមត្ថ​ភាព​ជំនាញ ដូចមន្ត្រីនៅតាមមន្ទីរ ក្រសួងនានានោះ។ ប៉ុន្តែលោកថា​ គ.ជ.អ.ប មានកម្មវិ​ធី​តម្រ​ង់​ទិ​ស​​ដល់ក្រុ​មប្រឹក្សា។

លោកថា៖ «យើងមានជាការតម្រង់ទិស។ តម្រង់ទិសធម្មតាទៅតាមកាលៈទេសៈ ​ជួនកាលមួយឆ្នាំម្តងពីរដងឬក៏​៣ដងទៅតាមគ​​ម្រោ​​​​ង​​ផ្សេ​ង​ៗ ប៉ុន្តែយើងកុំភ្លេចថាយកអ្នកនយោបាយមកបណ្តុះបណ្តាលជាអ្នកជំនាញវាពិបាកពីព្រោះគាត់មកពីប្រភពផ្សេងៗ​»​។

សមាជិកក្រុម​ប្រឹក្សា ​និយាយ​ថា ​ការ​បណ្តុះ​បណ្តាល​សមត្ថភាព គឺ​ជា​អ្វី​ ដែលពួកគាត់ចង់បាន។

ចំពោះ លោក ចាប សោភ័ណ ចង់ឃើញក្រុមប្រឹក្សាជាមនុស្សមានសុខភាពល្អ មានសមត្ថភាព​ មានក្រមសីល​ធម៌​មិ​នឆ្មើងឆ្មៃ បង្កើ​ត​ស​កម្ម​ភា​ពចុះតាមសហគមន៍ និងមានការចូលរួមពីកម្លាំងយុវជន។

លោក​ តេង ឈុនអេង ចង់ឲ្យបង្កើតកម្មវិធីបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សា។

លោកស្រី ចក់ នារី ចង់ឲ្យអង្គការជាដៃគូបង្កើនវគ្គបណ្តុះបណ្តាលក្រុមប្រឹក្សា។ លោកស្រី ​ក៏ស្នើ​ឲ្យ​មានបេក្ខ​ភា​ពក្រុ​ម​​ប្រឹ​ក្សា​ជា​ស្ត្រី និងយុវជនឲ្យ​បាន​ច្រើនជាងនេះ។​

សមាជិកក្រុម​ប្រឹក្សា​ចំនួន​៥​រូប ​ក្នុង​ចំណោម​១៥​រូប​ ដែល​បាន​ជួប​សម្ភាសន៍ ​សុទ្ធតែ​បាន​និយាយថា​ ពួកគាត់ត្រូវការ​វគ្គបណ្តុះ​បណ្តា​ល​ដើ​​​ម្បី​​​​​​​ប​ង្កើតសមត្ថភាពបន្ថែម។

សមាជិកក្រុមប្រឹក្សាជាស្ត្រីលោក​ស្រី​ ចក់ នារី ចង់​ឲ្យអង្គកា​រជា​​​ដៃគូបង្កើនចំនួនវគ្គបណ្តុះ​បណ្តាលដល់​​ក្រុម​ប្រឹ​​​ក្សា​​ប​ន្ថែ​​ម​ទៀត ។

លោក​ស្រី​ ចក់ នារី៖ «យើងទទួលបានការបណ្តុះបណ្តាលការរៀនសូត្រច្រើន ប៉ុន្តែដូចថា យើងនៅចំាតិច ភ្លេច​ច្រើន រីឯការអនុវត្តវាមិនមានសន្ទុះខ្លាំងទេ មានជំហ៊ានតិចៗ​ តែយើង ខំប្រឹងតស៊ូ ជំនាញណា ដែល​យើងទទួលខុសត្រូវ យើងខំប្រឹង»។

សមាជិកក្រុម​ប្រឹក្សា​ លោក ចាប សោភ័ណ បានទទូច​ឲ្យគ្រប់គណបក្ស​នយោបាយពិនិត្យ​សមត្ថភាព គិត​ដល់​​ស្រ្តី​និង​យុវជន​ផងដែរ​នៅពេល​ដែល​មានការ​ជ្រើសរើស​បេក្ខភាពក្រុមប្រឹក្សានៅ​អាណត្តិក្រោយ។

​លោក ចាប សោភ័ណ៖ «ការជ្រើ​សរើស​ក្រុមប្រឹក្សានៅពេលក្រោយ ដែលគណបក្សនយោបាយត្រូវការជ្រើសរើស ក៏ត្រូវ​​​តែគិតត្រង់​ចំនុចទី១ សមត្ថភាព ទី២ សុខភាព និងទី៣ ត្រូវគិតដល់ស្ត្រី និងយុវជន បើគេដាក់ពាក្យ​សុំ​​ចូលត្រូវ តែសម្រួលឲ្យពួកគេបានចូល»។

VOD មិនអាច​សុំការ​ពន្យល់អំពីគោល​នយោបាយ​របស់គណបក្ស​សង្គ្រោះ​ជាតិ លើ​បញ្ហា​សមត្ថភាព​របស់​សមាជិក​ក្រុម​ប្រឹក្សា សុក្រ ខណ្ឌ ខេត្ត​ ក្រុង​ រាជធានីនេះ ​បាន​ទេ រហូតដល់ព័ត៌មាននេះ ​ត្រូវ​បាន​បញ្ចប់។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា គណបក្សមិនអាចលូកដៃជ្រៅ ទៅចង្អុលឲ្យដាក់ នរណាម្នាក់ធ្វើ ជាក្រុមប្រឹក្សាស្រុក ខណ្ឌ រាជធានី ខេត្ត ក្រុងនោះទេ។ លោកថា បេក្ខភាពក្រុមប្រឹក្សា ស្រុក ខណ្ឌ រាជធានី ខេត្តក្រុង លោកថា ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាប់ឆ្នោតជាអ្នកជ្រើសរើស។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះ ថា គណកបក្ស នឹងពិចារណាលើសំណូមពរនេះ តាមគោ​​លការណ៍បក្ស ដោយផ្តល់អាទិភាពដល់ អ្នកចាស់មុន លេខរៀងបន្ទាប់ គឺអ្នកថ្មី។

លោកថា៖ «ការកសាងធនធានមនុស្ស គឺថា យើងមិនបោះបង់អ្នកចាស់ ដែលមានស្នាដៃការងារ កន្លងទៅទេ។ ប៉ុន្តែ​យើ​​ង​ត្រូវ​តែ​មា​ននិរន្តរភាព ចាស់បូកសរុបនិងអ្នកថ្មី។ យើង មិនអាចបោះបង់អ្នកចាស់ទាំងស្រុង ហើយ​យកអ្ន​កថ្មីទាំ​ង​ស្រុងទេ។ ​ការដែលយើងយកចិត្តទុកដាក់ ឲ្យអាទិភាពទៅលើនារី មិនមែនយកតាមទ្រឹស្តីហើយ យកទាំងស្រុងនោះទេ ព្រោះ​នារីនៅក្នុ​ងសង្គមកម្ពុជាយើងគាត់នៅមានកម្រិត ពីព្រោះកម្រិតវប្បធម៌នៅមានការលំបាក ហើយការបោះឆ្នោតជាប់ជាបេក្ខជននេះ មិនមែ​នយក​ទៅគ្រាន់តែមានមុខទេគឺទៅដើម្បីធ្វើការ។ ដល់​​ទៅធ្វើការ វាត្រូវមានលក្ខណសម្បត្តិដើម្បីធ្វើការងារហ្នឹង ទី១ ត្រូវមានសមត្ថភាព ទី២ ត្រូវមានគុណភាពសីលធម៌ ទី៣ ត្រូ​វមានគោ​លជំហរសុខភាពអីច្បាស់លាស់ដែរ ហើយបើសិនជាមានសញ្ញាបត្រជ្រៅជ្រះ ប៉ុន្តែបើសុខភាពមិនធានា ដេកនឹងកន្ទេល អាហ្នឹ​​​ងមិនអាចបំពេញការងារកើតទេ អញ្ចឹងវាគួបផ្សំគ្នា»។

បើតាមលោក សុខ ឥសាន គណបក្សកាន់អំណាច នឹងមិនពិចារណា ឲ្យធ្វើវិសោធនកម្មច្បាប់នេះទេ ដោយថា បើក្រសួងមហាផ្ទៃ មិនបង្ហាញ របា​យកា​រណ៍​ជា​ផ្លូវការមករដ្ឋាភិបាលថា កម្រិតយល់ដឹង របស់​ក្រុមប្រឹ​ក្សាបច្ចុប្បន្ន ជា​កត្តាចំបង រា​រាំងដល់​ការជំរុ​ញ​កា​រអភិ​វឌ្ឍ​បែប​ប្រ​​ជា​ធិប​តេ​យ្យនៅថ្នាក់ក្រោមជាតិ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ