World Bank ថាកំណើនសេដ្ឋកិច្ចកម្ពុជាថយចុះពី៧%មក៦,៨%

ទិដ្ឋភាពផ្សារធំថ្មី នៃទីក្រុងភ្នំពេញ កាលពីពេលកន្លងទៅ (ដោយ សាយ ទ្បាលីស)

របាយការណ៍អង្គការធនាគារពិភពលោក (World Bank) បង្ហាញថា សេដ្ឋកិច្ចកម្ពុជាបានថមថយបន្ដិចនៅឆ្នាំ២០១៧ និងព្រមានពីភាពមិនច្បាស់លាស់នៃការបោះឆ្នោត ដែលនឹងធ្វើឲ្យអត្រាកំណើននេះបន្ដធ្លាក់ចុះ។

ក្នុងរបាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក ចេញផ្សាយកាលពីថ្ងៃទី២២ខែវិច្ឆិកា ឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ  អត្រាកំណើនសេដ្ឋកិច្ច របស់កម្ពុជា បានថយចុះបន្ដិច គឺនៅត្រឹម៦,៨ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដែលថា កម្ពុជា មានសន្ទុះ​កំណើនសេដ្ឋកិច្ចប្រមាណ៧ភាគរយ។

អង្គការធនាគារពិភពលោក គូសបញ្ជាក់ថា ការថយចុះមកត្រឹម៦,៨ភាគរយ នៅឆ្នាំ២០១៧នេះ គឺដោយសារការធ្លាក់ចុះនៃការនាំចេញផ្នែកសំលៀកបំពាក់ និងផលិតផលវាយនភណ្ឌ និងវិស័យសំណង់។ យ៉ាងណាក៏ដោយ ធនាគារពិភពលោកថា កម្ពុជា បានបង្កើនការនាំចេញយ៉ាងច្រើន នូវផលិតផលស្បែកជើង គ្រឿងម៉ាស៊ីនអគ្គិសនី និងគ្រឿងបន្លាស់រថយន្ដ ដែលថា បានជួយឲ្យកម្ពុជា បន្ដរក្សាកំណើនរឹងមាំ។

ធនាគារពិភពលោកព្យាករថា នៅឆ្នាំ២០១៨ អត្រាកំណើតសេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែមានភាពរឹងមាំក្នុងរង្វង់ ៦,៩ភាគរយ ប៉ុន្ដែ ក៏ព្រមានពីភាពមិនច្បាស់លាស់នៃការបោះឆ្នោត និងការធ្លាក់ចុះនៃបញ្ហាសេដ្ឋកិច្ច។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ លោក មាស សុខសាន្ដ មានប្រសាសន៍ថា កម្ពុជា មិនបារម្ភដូចក្នុងបាយការណ៍ដែលរកឃើញដោយធនាគារពិភពលោកនេះទេ ដោយថា រដ្ឋាភិបាលបា​នរៀបចំផែនការច្បាស់លាស់ ដែលនឹងអាចធានារក្សាកំណើនសេដ្ឋកិច្ច ឲ្យបន្ដរឹងមាំ។

លោកថា៖ «ដូចជាអត់មានអីបារម្ភផង ព្រោះយើងបានដាក់ចេញមកច្បាស់លាស់ហើយ ព្រោះយើងថា ឆ្នាំ២០១៨នេះ ដូចមានអីបារម្ភសោះ យើងបានដាក់ចែងនៅក្នុងអីៗ យើងខំប្រឹងឲ្យបាន»។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ លើកឡើងថា ប្រសិនបើការនាំចេញ ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងវាយនភណ្ឌ បន្ដធ្លាក់ចុះនោះ លោកថា វាជាហានិភ័យមួយសម្រាប់កម្ពុជា ដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទាំងនេះ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ យល់ថា ប្រសិនបើប្រទេសចិនជួបបញ្ហាសេដ្ឋកិច្ចណាមួយមែន នោះនឹងជះផលប៉ះពាល់អវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ខណៈដែលកម្ពុជា ហាក់ងាកទៅរកមហាអំណាចចិនកាន់តែខ្លាំង និងក្រោយរងការព្រមានដាក់ទណ្ឌកម្ម ពីបណ្ដាប្រទេសលោកសេរីនោះ។

លោកថា៖ «ការនាំចេញវិស័យកាត់ដេរ ប្រសិនណាបន្ដធ្លាក់ អាហ្នឹងវាទៅអញ្ចឹងហើយ ព្រោះវិស័យកាត់ដេរ ជាវិស័យចំបងមួយ។ យើងគិតមើល ការនាំចេញ បើតាមខ្ញុំចាំ ប្រហែល៧ ទៅ៨ពាន់លានដុល្លារក្នុងមួយឆ្នាំ វាអាចចូលប្រហែលជា៣០ភាគរយ នៃ GDP ហើយ ចំណែកការកើនឡើងតិចតួចនៃវិស័យផ្សេង ដូចជា គ្រឿងបន្លាស់រថយន្ដ ខ្ញុំដូចជាមានការមន្ទិលសង្ស័យ ព្រោះប្រទេសយើង មិនទាន់មានផលិតអី ឲ្យជាដុំកំភួនទេ»។

ធនាគារពិភពលោកធ្លាប់បានកោតសរសើរកម្ពុជាថា បានរក្សា​​កំណើន​សេដ្ឋកិច្ច​ខ្លាំងក្លា ជាមួយនឹង​អត្រា​មធ្យម ៧,៦​ភាគរយ ​ក្នុង​រយៈពេល២ទសវត្ស​​ន៍ចុងក្រោយនេះ និងបានផ្ដល់អនុសាសន៍ជាច្រើន ឲ្យកម្ពុជាកែលម្អ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានដល់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ