ក្រុម​សិទ្ធិ​មនុស្ស​​អន្តរជាតិ​ថា លោក ហ៊ុន សែន ជិត​ឈាន​ដល់​ចំណុច​គ្មាន​ផ្លូវ​ត្រឡប់​ក្រោយ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ដើរ​ជិត​ដល់​ចំណុច​មួយ​គ្មាន​ផ្លូវ​ត្រឡប់​ក្រោយ បន្ទាប់​ពី​លោក​បាន​បញ្ជា​ឲ្យ​បិទ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ទៀត ដែល​លោក​​ចោទ​ថា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ជន​បរទេស។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ផ្ទាល់​មាត់​ទៅ​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ឲ្យ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់ ដើម្បី​បិទ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR ដោយ​ចោទ​អង្គការសិទ្ធិ​មនុស្ស​មួយ​នេះ​ថា ត្រូវ​បាន​បង្កើតឡើង​ដោយ​ជន​បរទេស និង​ជាប់​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​ចោទ​ពី​បទ «ក្បត់​ជាតិ»។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា ​រដ្ឋាភិបាល​ម្ចាស់​ជំនួយ គួរ​តែ​អំពាវ​នាវ​ជា​បន្ទាន់​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​​ការ​ស៊ើប​អង្កេត​ដោយ​គ្មាន​មូលដ្ឋាន​ទៅ​លើ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​អនុញ្ញាត​ឲ្យ​អង្គការ​មួយ​នេះ បន្ត​ការងារ​ការពារ​សិទ្ធិ​មនុស្ស​បន្ត​ទៀត។

នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក Brad Adams បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា លោក ហ៊ុន សែន កំពុង​តែ​បង្ហាញ​ក្ដី​បារម្ភ​របស់​លោក មិន​ត្រឹម​តែ​ការ​បោះ​ឆ្នោត​ដោយ​សេរី​នោះ​ទេ ប៉ុន្តែ ក៏​បារម្ភ​ចំពោះ​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្ដុំ​ដោយ​សេរី​ផង​ដែរ។

លោក​បន្ថែម​ថា៖ «ការ​បង្កើន​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​សិទ្ធិ​មនុស្ស​ពី​សំណាក់​លោក ហ៊ុន សែន កំពុង​តែ​ជិត​ដល់​ចំណុច​មួយ​គ្មាន​ផ្លូវ​ត្រឡប់​ក្រោយ។ ខណៈ​ដែល​មិន​មាន​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​នោះ ពលរដ្ឋ​កម្ពុជា​ត្រូវការ​​សង្គម​ស៊ីវិល​កាន់​តែ​ឯករាជ្យ និង​កាន់​តែ​រស់​រវើក​ជាង​ពេល​ណា​ទាំង​អស់»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ចាត់ទុកការលើកឡើងរបស់លោក Brad Adams ថាមិនបានយល់ពីសង្គមកម្ពុជា។

លោកថា «យើងខ្ញុំចង់បញ្ជាក់ជូនថា កម្ពុជាមិនមែនវាយតម្លៃដោយបុគ្គលម្នាក់ក្រៅសង្គម ចឹងពាក្យបញ្ហា នៃការដែលថាកម្ពុជាដើរទៅរកទិសដៅកម្មុយនីនិយមគឺប្រជាជនខ្មែរជាអ្នកសម្រេចមិនមែន Brad Adams ជាសម្រេចទេ ។ ដូច្នេះហើយ កម្ពុជាបានរក្សា យ៉ាងរឹងមាំនូវគោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញហើយក៏ប្រកាន់ ខ្ជាប់នៅដំណើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យ ហើយសម្ដេចនាយករដ្ឋមន្ត្រីក៏បានប្រកាស នៃថ្ងៃបោះឆ្នោត មិនធ្វើការផ្លាស់ប្ដូរ»។

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ពី​លោក ហ៊ុន សែន ដោយ​អះ​អាង​ថា ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​ឯករាជ្យ​ភាព​ពី​បក្ស​នយោបាយ​ទាំង​អស់ ហើយ​ប្ដេជ្ញា​លើក​កម្ពស់​​​សិទ្ធិ​មនុស្ស ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់​លាស់។

នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​រៀបរាប់​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា អតីត​បុគ្គលិក​អង្គការ​មួយ​នេះ បាន​ចាក​ចេញ និង​ចូល​ប្រឡូក​ក្នុង​នយោបាយ​ទាំង​ខាង​​គណបក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ប៉ុន្តែ អ្នកស្រី​ថា មជ្ឈ​មណ្ឌល​របស់​អ្នកស្រី មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ្នក​នយោបាយ​ទាំង​នោះ​ទេ។

អ្នកស្រី​ជឿ​ជាក់​ថា ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ពេញ​លេញ​ណា​មួយ​ទៅ​លើ​ស្ថាប័ន​មួយ​នេះ នឹង​រក​ឃើញ​ថា ស្ថាប័ន​នេះ​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។

អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មើល​ឃើញ​ថា មជ្ឈ​មណ្ឌល​មួយ​នេះ ធ្វើការផ្ដោត​តែ​បញ្ហា​សិទ្ធិមនុស្សតែប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលបិទមជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស វានឹងធ្វើឲ្យការរំលោភសិទ្ធិមនុស្សកាន់តែកើតឡើងកាន់តែច្រើន ​ខណៈ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​ពី​អន្តរជាតិ។

លោកថា៖ «នៅពេលដែលមជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្សមានតួនាទីផ្ដល់ការអប់រំផ្នែកសិទ្ធិមនុស្ស ហើយនឹង​តាមស៊ើបអង្កេត ឬក៏តាមពិនិត្យមើល ទៅ​លើស្អីដែលជាការរំលោភសិទ្ធិមនុស្ស​នៅក្នុងសង្គមមួយ កាលណាបិទមជ្ឈ​មណ្ឌល​នឹងមួយបានន័យថា វាលែងមានអ្នកណាតាមមើល លែង​មាន​អ្នក​ណារាយការណ៍ទៀតហើយ។ អាហ្នឹងវាអាចធ្វើឲ្យការរំលោភសិទ្ធិមនុស្សចេះតែកើតឡើង មិនមានការត្រួតពិនិត្យ។ យើង​ដឹងហើយថា ស្ថាប័ន​សិទ្ធិមនុស្សរបស់រដ្ឋាភិបាលគេក៏មានដែរ ប៉ុន្តែ មកដល់ពេលនេះ ការបំពេញ​តួនាទីរបស់ស្ថាប័ននេះ នៅតែមិនទាន់បានផ្ដល់នូវជំនឿទុកចិត្តមក​ល់ពលរដ្ឋនៅឡើយទេ»។

លោក មាស នី មើលឃើញថា  មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាធ្វើការកន្លងមក មិនបានធ្វើឲ្យប៉ះពាល់ដល់ស្ថេរភាពរដ្ឋាភិបាលនោះទេ។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០២ ​ដោយ​លោក កឹម សុខា ដែល​ក្រោយ​មកបាន​​លា​ឈប់ និង​ទៅ​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ឆ្នាំ​២០០៧។ អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ បាន​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក អ៊ូ វីរៈ រហូត​ឆ្នាំ​២០១៤ មុន​នឹង​ផ្ទេរ​ទៅ​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកស្រី ចក់ សុភាព រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

ចំណាត់​ការ​ថ្មី​នេះ បាន​កើត​ឡើង​តែ​ពីរ​បី​ខែ​ប៉ុណ្ណោះ​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​អង្គការ​សង្គម​ស៊ីវិល​បរទេស​មួយ​ចំនួន​ដែល​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​អង្គការ​សិទ្ធិ​មនុស្ស​បែប​នេះ បន្ទាប់​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» និង «ឃុបឃិត​ជាមួយ​ជន​បរទេស» មាន​គោល​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ទោះជាយ៉ាងណា ការ​បង្ក្រាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​មាន​ការ​រិះ​គន់​ពី​សហគមន៍​អន្តរជាតិ ដោយ​ចាត់​ទុក​ថា កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ