លោក ហ៊ុន សែន ថាលោកមិនដូចមេដឹកនាំផ្ដាច់ការនៅហ្ស៊ីម​បាវ៉េ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

មេដឹកនាំ​កម្ពុជា ដែលកាន់អំណាចជាង ៣០ឆ្នាំ​មក​ហើយ​នោះ បានបញ្ចេញប្រតិកម្មធ្ងន់ៗ​ចំពោះ​អ្នកប្រដូចរូបលោក ទៅនឹងមេដឹកនាំផ្ដាច់ការ​ម្នាក់​នៅ​តំបន់​អាហ្វ្រិក ដែល​ទើប​តែ​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​នា​ពេល​ថ្មីៗ​នេះ។

ប្រធានាធិបតី​ហ្ស៊ីបាវ៉េ លោក រ៉ូប៊ឺត មូហ្កាបេ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មេដឹកនាំ​ផ្ដាច់​នៅ​ទ្វីប​អាហ្វ្រិក ដែល​បាន​កាន់​តំណែង​រហូត​ដល់​លោក​អាយុ ៩៣​ឆ្នាំ មុន​នឹង​លោក​ត្រូវ​បាន​ក្រុម​យោធា​ទម្លាក់​ពី​អំណាចកាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​នេះ។

ខណៈ​ដែល​មេដឹកនាំ​ផ្ដាច់​ការ​រូប​នេះ ត្រូវ​បាន​ទម្លាក់​ពី​អំណាច​នោះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ពលរដ្ឋ​កម្ពុជា​នឹង​អបអរ​ចំពោះ​ការ​ធ្លាក់​ពី​តំណែង​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​លោក សម រង្ស៊ី ហៅ​ថា «ជនផ្ដាច់​ការ» ​ផង​ដែរ។

​ក្នុង​ពិធីជួប​ជាមួយ​ក្រុម​កម្មករ​​នៅ​​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ កាលពី​​ថ្ងៃអាទិត្យម្សិលមិញ​ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អះអាងថា ជោគវាសនារបស់លោក មិនដូចគ្នានឹងមេដឹកនាំហ្ស៊ីម​បាវ៉េ លោក ​រ៉ូប៊ឺត ម៉ូហ្កាបេ នោះឡើយ ដោយថា រដ្ឋប្រហារទម្លាក់​លោក ​ម៉ូហ្កាបេ គឺដោយសារតែលោកបានរៀបចំផែនការឲ្យភរិយាស្នងតំណែងបន្ដ។

លោក ហ៊ុន​ សែន ថ្លែងថា៖ «មាន​អា​មួយ​នោះ មិន​ដឹង​ស្អី​វា! ថ្ងៃ​មុន​ វា​ប្រកាស​ថា លោក ហ៊ុន សែន ធ្វើ​ដូច មូហ្គាបេ។ បើ ហ៊ុន សែន ធ្វើ​ដូច មូហ្គាបេ ខ្ញុំ​ត្រូវ​ធ្វើ​ជាង ៣០​ឆ្នាំ​ទៀត អា​ហ្នឹង​បាន​វា​ត្រូវ ព្រោះ មូហ្គាបេ អាយុ ៩៥​ឆ្នាំ»។

ក្រោមការដឹកនាំ​រយៈ​ពេល ៣៧​ឆ្នាំ របប​លោក ​រ៉ូប៊ឺត ម៉ូហ្កាបេ បានទទួលរងការថ្កោលទោសយ៉ាងខ្លាំង​ថា ពោរពេញដោយការកាប់សម្លាប់ជីវិតមនុស្សរាប់ពាន់នាក់ និងបង្ក្រាបលើអ្នកប្រឆាំង​ដោយឥតយោគយល់។ លោក ម៉ូហ្កាបេ ក៏រងការចោទថា បានប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម និងបំពានច្បាប់ធ្ងន់ធ្ងរ។

លោក ហ៊ុន សែន ដែលសព្វថ្ងៃ​មានអាយុ ៦៥ឆ្នាំនោះ បានគ្រប់គ្រងកម្ពុជា​រយៈពេលជាង ៣ទស្សវត្សមកហើយ ចាប់​ពីឆ្នាំ​១៩៨៥មក។ លោក ហ៊ុន សែន ​ត្រូវ​បាន​ការ​សែត​​អាមេរិក វ៉ា​ស៊ីង​តោន ​ប៉ុស្តិ៍ ចាត់​ចំណាត់​ថ្នាក់​​​ជា​មេដឹកនាំ​កាន់អំណាចដ៏​យូរ​បំផុត ក្នុង​ចំណោម​មេដឹកនាំ​ ២៣​រូប​ទៀត ដែល​ថា មិន​ព្រម​ចុះចេញ​ពី​តំណែង បើទោះជា​មាន​បាតុកម្ម​ទាមទារ​ឲ្យ​លាលែង ឬពេលចាញ់​ឆ្នោត​ក៏​ដោយ។​

កាសែត​អាមេរិក​ ​ដដែលនេះ សរសេររិះគន់​ថា កម្ពុជាក្រោម​ការ​គ្រប់​គ្រង​របស់​លោក ​ហ៊ុន សែន ​មាន​ទាំង​ជោគ​ជ័យ ភាព​រីកចម្រើន ការ​ភ័យខ្លាច និទណ្ឌភាព បក្ខពួក​​គ្រួសារនិយម និងអំពើ​ពុករលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ