អតីត​បក្សប្រឆាំង​ថា មន្ត្រី​ខ្លួន​មិន​ចុះ​ចូល​​ដើម្បី​ការពារ​ឆន្ទៈ​ម្ចាស់​ឆ្នោត

អតីតទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ២០១៧។

អតី​ត​គណបក្សប្រឆាំង បានសរសើរសមាជិកបក្សរបស់ខ្លួន ដែលមានភាពស្មោះត្រង់​ការពារឆន្ទៈ​ម្ចាស់​ឆ្នោត​ ដោយ​ថា មិនព្រម​ចុះញ៉ម​ចំពោះ​​ការគំរាម​កំហែង​ ខណៈ​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​អំពាវ​នាវ​ឲ្យ​ចុះ​ចូល​ម្ដង​ហើយ​ម្ដង​ទៀត។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ បាន​អំពាវ​នាវ​ទៅ​មន្ត្រី​ជាប់​ឆ្នោត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំង​ប្រទេស​ ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​លោក ដោយ​លោក​សន្យា​រក្សា​តួនាទី​របស់​ពួកគេ​ដដែល ជា​ថ្នូរ​នឹង​ការ​ចុះ​ចូល។

ក្នុង​លិខិតមួយ​ច្បាប់​ផ្ញើទៅសកម្មជន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រុម​មេដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ​ បាន​កោត​សរសើរ​ដល់​ភាព​ស្មោះ​ត្រង់​របស់​មន្ត្រី​គណបក្ស​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​​​ជាតិ។

លិខិត​ដដែល​នោះ បាន​អះ​អាង​ថា ក្រុម​សកម្មជន និង​មន្ត្រី​អតីត​បក្ស​ប្រឆាំង​នោះ មិន​ខ្លាច មិន​តក់​ស្លុត និង​មិន​រាថយ​នោះ​ឡើយ នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ ការ​លួង​លោម និង​ការ​ទិញ​ទឹក​ចិត្ត​ពី​សំណាក់​លោក ហ៊ុន សែន ដែល​ក្រុម​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​ហៅ​ថាជា​ «ជន​ផ្ដាច់ការ»។

ក្រុម​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង រៀបរាប់​ក្នុង​លិខិតនោះ​ថា៖ «តំណាងរាស្ត្រ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ របស់​គណ​បក្សសង្គ្រោះជាតិ គ្មាននរណា ឬស្ថាប័នណា មានសិទ្ធិដកហូត​បាន​ទេ ដរាបណា​មិនមាន​ការ​បោះ​ឆ្នោត​ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។

លើសពីនេះទៀត អតីត​​គណបក្សសង្គ្រោះជាតិនៅតែមាន​ជំនឿថា នឹងមានឱកាសចូល​រួមប្រកួត​ប្រជែង​ការបោះឆ្នោតឆ្នាំ២០១៨ ដោយថា សហគមន៍អន្តរជាតិមិនទុកឲ្យលោក ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជា វិល​ថយ​ក្រោយទៅរកអតីតកាលមុនឆ្នាំ១៩៩១វិញឡើយ។

ទោះជាយ៉ាងណា VOD មិនអាចសុំការបំភ្លឺបន្ថែមជុំវិញករណីនេះ ពីមន្ត្រីអតីត​គណបក្សសង្គ្រោះបាននៅឡើយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការ​ចោទ​ប្រកាន់​ពី​អតីត​បក្ស​ប្រឆាំង ហើយ​អះ​អាង​ថា សមាជិកក្រុមប្រឹក្សាឃុំ​សង្កាត់​ប្រហែល​ ២២៥៦នាក់ បា​ន​​ចុះ​​ចូលជា​មួយបក្សកាន់អំណចដោយស្ម័គ្រចិត្ត​ គិត​ត្រឹម​ថ្ងៃ​នេះ។

លោកមានប្រសាសន៍ថា៖ «និយាយពីលទ្ធភាពនៃការប្រកួតប្រជែងលើទីលានប្រជាធិបតេយ្យក្នុង​បរិបទ​ក្នុង​ប្រទេស​​កម្ពុជាអត់មានទេ​។ ឥឡូវ​នេះ ថ្ងៃនេះ រដ្ឋសភាជាតិបានប្រកាសសុពលភាពរបស់គណបក្ស ដែល​ទទួល​បានការបែងចែក​អាសនៈនៅ គ.ជ.ប.រួច​ហើយ។ អញ្ចឹង​មានស្រមោលអ្វីទៀតរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រ​បស់គណបក្សប្រឆំាងដែលត្រូវ​រំលាយ​ហើយនោះ​។ វាអត់មានទេ គ្រាន់ថាដើម្បី​ល្អមើលទេ ​ប៉ុន្តែ​ អត់ល្អស៊ីទេ​»។

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សា​វាង្ស យល់ថា អតីត​បក្ស​ប្រឆាំង​ផ្ញើ​សារ​លួង​ចិត្ត​មន្ត្រី​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​បែក​បាក់​ផ្ទៃ​ក្នុង​បក្ស ហើយ​​មន្ត្រីមួយ​ចំនួន​ដែលចុះចូលជាមួយ​បក្សកាន់អំណាច​ លោកថា ទំនង​ជា​រងសម្ពាធ ពី​បក្សកាន់អំណាច​។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជឿ​ជាក់ថា អតីតបក្សសង្គ្រោះជាតិអាចនឹងមានឱកាស​ប្រកួតប្រជែងការបោះ​ឆ្នោត​ឆ្នាំ២០១៨ ក្រោមការ​ជួយ​ជ្រុំជ្រែង​ពីអន្តរជាតិ។

លោកថ្លែងថា៖ «ខ្ញុំយល់​ឃើញ​ថា អ្នកទំាងអស់​នឹងអាច​មានលទ្ធភាពវិលត្រឡប់មក​ស្ថានភាពនយោបាយ​វិញ​ ខ្ញុំសង្ឃឹមថា​ រដ្ឋាភិ​បាល​​លោកនឹងមានការជជែកចចារអំពីបញ្ហានេះ ហើយទម្លាក់ការចោទប្រកាន់ទំាងអស់នេះឡើងវិញ​​»។

សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News បាន​ចុះ​ផ្សាយថា  គិតត្រឹម​ថ្ងៃម្សិល​មិញ​នេះ សមាជិក​ជាប់​ឆ្នោត​របស់​អតីត​បក្ស​ប្រឆាំង​ប្រហែល ២៧០០​នាក់​ហើយ បាន​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច ក្រោយ​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ