សហជីពចំនួន ៤ បានអំពាវនាវទៅសហគមន៍អន្តរជាតិ កុំឲ្យយកបញ្ហាសេដ្ឋកិច្ចកម្ពុជា ធ្វើជាចំណាត់ខ្មាំងនយោបាយ ដោយបារម្ភពីផលប៉ះពាល់ដល់មនុស្សរាប់លាននាក់ ខណៈស្ថានការណ៍នយោបាយកម្ពុជាកំពុងតែមានភាពតានតឹង។
ក្នុងសេចក្តីថ្លែងការរួមចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សហព័ន្ធសជីពមិត្តភាពកម្មករ សម្ព័នសហជីពជាតិ សហព័ន្ធសហជីពដើម្បីកម្មករ និងសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា បានអំពាវនាវសុំឲ្យអង្គការអន្តរជាតិ សហគមនអ៊ឺរ៉ុប សហរដ្ឋអាមេរិក ស្ថានទូតនានា រួមទាំងអ្នកបញ្ជាទិញ ត្រូវអនុគ្រោះពន្ធ និងបន្ថែមការបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាឲ្យកាន់តែច្រើន។
ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រុមសហជីពបានស្នើទៅសហគមន៍អន្តរជាតិ កុំឲ្យភ្ជាប់វិស័យកាត់ដេរទៅនឹងរឿងនយោបាយ ដោយថា ប្រសិនបើយកវិស័យនេះទៅពាក់ព័ន្ធរឿងនយោបាយ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍កម្មកររាប់សែននាក់ ព្រមទាំងប្រជាពលរដ្ឋកម្ពុជារាប់លានផ្សេងទៀត ដែលទទួលផលពីវិស័យនេះ។
ស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ននេះ ត្រូវបានមតិជាតិ និងអន្តរជាតិមើលឃើញថា កំពុងមានភាពតានតឹង បន្ទាប់ពីមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារក្រោមការចោទថា «ក្បត់ជាតិ» ហើយបក្សប្រឆាំងដ៏ធំត្រូវបានរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
សហគមន៍អ៊ឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសលោកសេរីមួយចំនួនទៀត បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសើរើទំនាក់ទំនងជាមួយកម្ពុជា ដោយថា កម្ពុជាបានដើរឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ៕