លោក សម រង្ស៊ី អំពាវនាវជាថ្មីឲ្យរួមគ្នាផ្លាស់ប្តូរជាវិជ្ជមាន ក្រោយពីតុលាការរំលាយបក្សប្រឆាំង

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (FB: លោក សម រង្សុី)

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួន បានអំពាវនាវជាថ្មីទៀត ឲ្យអ្នកគាំទ្រ ចូ​ល​រួ​មជំរុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ក្រោយពីតុលាការកំពូល ​កាលពីពា​ក់​ក​ណ្តា​ល​ខែមុន បានប្រ​​កា​​​ស​រំ​លាយគណបក្សសង្គ្រោះជាតិចោល តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា តុលាការកំពូល បានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និងបង្គាប់មិន​ឲ្យ​មន្ត្រី​​ប​ក្ស​ប្រឆាំង១១៨នាក់ ធ្វើនយោបា​យរយៈ​ពេល៥ឆ្នាំ​ទៀ​តផង។

ប៉ុន្ពែ ​លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុក របស់លោក នាថ្ងៃទី១ធ្នូនេះ ដោយអំពាវ​នាវ​ថា​ «ព​លរ​ដ្ឋ​ខ្មែ​​​រគ្រ​ប់មជ្ឈដ្ឋាន ដែលស្រលាញ់ជាតិ ហើយចង់បានយុត្តិធម៌ ត្រូវរួបរួមគ្នា ដើម្បីជំរុញឲ្យមានការផ្លា​ស់ប្តូរជា​វិជ្ជ​មាន នៅកម្ពុជា»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រតិកម្មខ្លាំងៗ ទៅនឹងការអំពាវនាវនេះ ដោ​​​យ​លោកអះ​អាងថា គ្មានពលរដ្ឋធ្វើតាមលោក សម រង្ស៊ី ទេ។

លោ​កថា៖ «បើគាត់ក្បត់ជាតិ ក្បត់តែម្នាក់ឯងទៅ កុំបបួលប្រជាជនអ្នកស្លូតត្រង់ ក្បត់ជាមួយគាត់ មិនបានទេ គ្មា​ន​​​នរណាធ្វើតាមគាត់ទេ»។

ជាការកត់សំគាល់ ការអំពាវជាថ្មី របស់លោក សម រង្ស៊ី នេះ ធ្វើឡើងចំពេលដែលខ្មែរនៅក្រៅប្រទេសប្រ​កាសប្រមូលផ្តុំគ្នា ធ្វើមហាបាតុកម្ម នៅមុខសេតវិមាន ប្រធានា​ធិបតី​​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ទិវា​​សិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដែលក្រុមអ្ន​កដឹ​កនាំ​តវ៉ាអះអាងថា ម​ហា​​​បា​តុកម្មនេះ នឹងជំរុញឲ្យ​សហ​គ​មន៍​​អន្តរជាតិជួយសង្គ្រោះ​ប្រជាធិបតេ​យ្យ​នៅ​កម្ពុជា និងដោះលែ​ង លោក កឹម សុខា។

អ្នកវិភាគបញ្ហានយោបាយ លោក មាស នី វិភាគថា ការអំពាវនាវ រួមទាំងការប្រកាសបន្តជី​វិតនៅន​យោ​បា​យនៅក្រៅប្រទេសរបស់មេដឹកនាំបក្សប្រឆាំង លោកថា គ្រាន់តែជាយុទ្ធសា​ស្ត្រនយោបាយមួ​យ ដើម្បីប​ង្ហា​ញ​​​ទៅ​សាធារណមតិជាតិ និងអន្តរជាតិថា បក្សប្រឆាំងមួយនេះ មិនទទួលយកការរំ​លាយបក្ស​របស់តុ​លាកា​រកំពូល។

លោកថា៖ «បើយើងមើលទៅ ជាវិធានការរបស់គណបក្សមួយ ដែលគេចង់រក្សានូវភាពស្របច្បាប់របស់គេ។ ​បើ​​​​សិ​នជា​គេ​រំលាយហើយ គណបក្សហ្នឹងស្ងប់ស្ងាត់ មិនមានការតវ៉ាអីទេ!​ បានន័យថា យើ​ងយល់​ព្រមទៅ​តា​មហ្នឹង»។

ទោះជាយ៉ាងណា អ្នកតាមដានបង្ហាញការព្រួយបារម្ភថា ស្ថានការណ៍នយោបាយពេលនេះ បានរុញកម្ពុជា​ដ​​​​ល់​​​របត់​ផុយស្រួយ នៃការបែកបាក់ជាតិ បើរដ្ឋាភិបាល មិន​ធ្វើឲ្យស្ថានការនយោបាយវិល​ទៅរកស្ថា​នភា​ព​​​ដើ​​​ម​វិញ ធានាដ​ល់​​ការរៀបចំការបោះឆ្នោតជាតិឆ្នាំ២០១៨ តាមយន្តការប្រជាធិបតេយ្យ ដូ​ចប្រទេស​លោ​ក​​សេរីកំពុងជំរុ​ញ​​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ