អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សារភាព​កំហុស ត្រៀម​ខ្លួន​បក​អាក្រាត​​ ​លោក ត្រាំ

អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក Michael Flynn ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក រូបថតពី Reuters

អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក Michael Flynn បាន​សារភាព​ទទួល​កំហុស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ថា បាន​និយាយ​កុហក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI អំពី​ការ​ទាក់​ទង​ជាមួយ​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី ហើយ​ក្រុម​ចៅ​ក្រម​បាន​និយាយ​ថា លោក Flynn បាន​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់ នៅ​ក្នុង​ក្រុម​ផ្ទេរ​អំណាច​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ មុន​នឹង​ជជែក​ជាមួយ​ទូត​រុស្ស៊ី។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​អំឡុងពេល​បង្ហាញ​ខ្លួន​ក្នុង​បន្ទប់​សវនាការ​នៅ​ទីក្រុង​វ៉ាស៊ីងតោន លោក Flynn បាន​ក្លាយ​ជា​សមាជិក​ដំបូង​គេ​នៃ​រដ្ឋបាល​​របស់​លោក ត្រាំ ដែល​បាន​សារភាព​កំហុស​ចំពោះ​បទ​ល្មើស​មួយ ជុំ​វិញ​ការ​ស៊ើប​អង្កេត​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ពិសេស​មួយ ទៅ​លើ​ករណី​ចោទ​រុស្ស៊ី​ថា បាន​ព្យាយាម​​លូក​លាន់​ក្នុង​​កិច្ចការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦។

លោក Flynn ដែល​ជា​អតីត​ឧត្ដមសេនីយ៍​ម្នាក់ និង​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ឃោសនា​របស់​លោក ត្រាំ នោះ បាន​សារភាពថា លោក​បាន​ផ្ដល់​ចម្លើយ​មិន​ពិត​ទៅ​ឲ្យ​ការិយាល័យ FBI ជុំ​វិញ​ទំនាក់​ទំនង​របស់​លោក​ជាមួយ​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី លោក Sergei Kislyak នៅ​មុន​ពេល​លោក ត្រាំ ឡើង​កាន់​តំណែង។

ទូរទស្សន៍ ABC បាន​រាយការណ៍​ថា លោក Flynn ដែល​អាច​នឹង​ជាប់​ពន្ធនាគារ​ដល់​ទៅ ៥​ឆ្នាំ​នោះ បាន​ត្រៀម​ខ្លួន​ផ្ដល់​ចម្លើយ​ថា មុន​នឹង​ឡើង​កាន់​តំណែង លោក ត្រាំ បាន​បញ្ជា​រូប​លោក ឲ្យ​ទាក់​ទង​ជាមួយ​ជន​ជាតិ​រុស្ស៊ី។

ប្រសិន​បើ​លោក Flynn ផ្ដល់​ចម្លើយ​បែប​នៅ​ក្នុង​តុលាការ​មែន​នោះ តំណែង​ប្រធានាធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ នឹង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ស្រណុក​សុខ​ស្រួល​នោះ​ឡើយ បន្ទាប់​ពី​លោក ត្រាំ បាន​បដិសេធ​នូវ​កិច្ច​ព្រម​ព្រៀង​សម្ងាត់​ណា​មួយ​រវាង​ក្រុម​ឃោសនា​របស់​លោក និង​រដ្ឋាភិបាល​ក្រុង​មូស្គូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ