ពលរដ្ឋខ្មែរមួយក្រុមនៅអូស្ត្រាលី បានចេញមុខការពាររដ្ឋាភិបាលកម្ពុជាកាលពីសប្ដាហ៍មុន ខណៈដែលពលរដ្ឋខ្មែរមួយក្រុមទៀត គ្រោងរៀបចំការតវ៉ាមួយនៅថ្ងៃស្អែកនេះ ដើម្បីប្រឆាំងទៅនឹងចំណាត់ការរដ្ឋាភិបាលកម្ពុជាទៅលើគណបក្សប្រឆាំងកាលពីពេលថ្មីៗនេះ។
គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងឆ្នោតគាំទ្រប្រហែល ៣លានសំឡេងនៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ទៅតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ ហើយថ្នាក់ដឹកនាំ ១១៨រូបរបស់បក្សនេះ ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ខណៈដែលមេដឹកនាំបក្សនេះ លោក កឹម សុខា នៅបន្តស្ថិតនៅក្រោមការឃុំខ្លួននៅឡើយ។
ជាងនេះទៅទៀត អាសនៈសភាទាំង ៥៥របស់បក្សប្រឆាំងដែលជាគូប្រជែងនយោបាយដ៏ធំនឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ក៏ត្រូវបានបែងចែកទៅឲ្យគណបក្សផ្សេងៗ ដែលមិនបានជាប់ឆ្នោតកាលពីឆ្នាំ២០១៣នោះឡើយ។
វិធានការថ្មីៗនេះរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស ដោយចាត់ទុកជាការរំលោភសិទ្ធិមនុស្ស និងការដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យសេរីពហុបក្ស។
ប៉ុន្តែ សមាគមវប្បធម៌កម្ពុជា សមាគមខ្មែរ-អូស្ត្រាលីនៃរដ្ឋឃ្វីនស្លែនដ៏សាជិវកម្ម សមាគមពលរដ្ឋខ្មែរអូស្ត្រាលីរដ្ឋវីចតូរីយ៉ា សមាគមយុវជនខ្មែរទីក្រុងស៊ីដនី និងសមាគមមិត្តភាពកម្ពុជា និងវប្បធម៌ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូងសាជីវកម្ម បានផ្ញើលិខិតរួមមួយទៅកាន់ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោក Scott Ryan និងប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith កាលពីថ្ងៃទី០១ ខែធ្នូ ដោយបានលើកឡើងថា សេចក្ដីសម្រេចរបស់តុលាការប្រឆាំងនឹងអតីតបក្សប្រឆាំង ត្រូវបានធ្វើឡើងស្របតាមច្បាប់កម្ពុជា។
ក្នុងលិខិតដែលភ្ជាប់មកជាមួយត្រាស្ថាប័ន ប៉ុន្តែ មិនបានបញ្ចេញឈ្មោះតំណាងស្ថាប័នណាម្នាក់នោះ ក្រុមសមាគមទាំង ៥នោះ អះអាងថា ការអនុវត្តច្បាប់ពីសំណាក់រដ្ឋាភិបាលកម្ពុជា គឺដើម្បីធានារក្សានូវសន្តិភាព ស្ថេរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
សមាគមខ្មែរទាំង ៥នោះ បានផ្ញើលិខិតនៅស្ថាប័ននីតិប្បញ្ញត្តិអូស្ត្រាលីបែបនេះ ខណៈដែលពលរដ្ឋខ្មែរមួយក្រុមទៀត គ្រោងនឹងរៀបចំការតវ៉ាមួយនៅទីក្រុងកង់បេរ៉ានៅថ្ងៃស្អែកនេះ ដើម្បីទាមទារទៅរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ដែលបន្តស្ថិតនៅក្រោមការឃុំខ្លួន និងឲ្យគោរពសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
តំណាងសហព័ន្ធខ្មែរអូស្រ្តាលី លោកស្រី វ៉ា ម៉ាលីណា ប្រាប់វីអូឌីនៅថ្ងៃនេះថា ការធ្វើបាតុកម្មថ្ងៃស្អែកនេះ នឹងមានពលរដ្ឋខ្មែររស់នៅ ៥រដ្ឋក្នុងប្រទេសអូស្ត្រាលីចូលរួម។ លោកស្រីបន្តថា បន្ទាប់ពីតវ៉ាចប់ ពួកគាត់នឹងនាំគ្នាយកញ្ញត្តិទៅដាក់ឲ្យរដ្ឋាភិបាល អូស្ត្រាលី ដើម្បីទាមទារឲ្យដោះលែង លោក កឹម សុខា និងទាមទារឲ្យដាក់សម្ពាធមករដ្ឋាភិបាលកម្ពុជាដែលកំពុងរំលោភសិទ្ធិមនុស្សផងដែរ។
អ្នកស្រីបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែមិនខ្វល់ពីការទាមទាររបស់អន្តរជាតិនោះទេ កម្ពុជានឹងទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ខណៈដែលសហគមន៍អន្តរជាតិបានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា។
លោកស្រីថា៖«ទាមទារឲ្យដោះលែងលោក កឹម សុខា។ ទី២ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយយើងទាមទារឲ្យរដ្ឋាភិបាលប្រទេសអូស្រ្តាលីខ្លួនឯងដែលជាម្ចាស់ហត្ថាលេខី ឲ្យគាត់កោះហៅម្ចាស់ហត្ថាលេខីទាំងអស់កោះប្រជុំសារឡើងវិញ ទាក់ទងនឹងរឿងប្រទេសកម្ពុជា ដែលគិតថា កំពុងជួបវិបត្តិនយោបាយធ្ងន់ធ្ងរ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន ចាត់ទុកការធ្វើបាតុកម្មនោះថា ជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស មិនបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជាក៏មិនខ្វល់ចំពោះការដាក់ទណ្ឌកម្មនោះដែរ។
លោកប្រាប់ថា៖«ឯកឧត្តម កឹម សុខា លាតត្រដាងការពិតអំពីអំពើសន្តិដ្ឋិភាពជាមួយបរទេស បង្កើតអំពើប្រទុស្តរាយមកលើប្រទេសជាតិខ្លួនឯងនេះ។ សួរថា តើដែលចាត់វិធានការចំពោះបទល្មើសនឹងជាការត្រឹមត្រូវឬអត់? អញ្ចឹងសូមបងប្អូនយល់អំពីបញ្ហាហ្នឹង។ ទោសដល់ថ្នាក់ក្បត់ជាតិមិនមានលក្ខណៈណាលេង ហើយការដែលចាប់ឯកឧត្តម កឹម សុខា ក៏មិនមែនបាតុកម្មឲ្យចាប់ដែរ គេចាប់តាមផ្លូវច្បាប់។ អញ្ចឹងការដោះលែងក៏មិនមែនបាតុកម្ម ដើម្បីឲ្យដោះលែងដែរ»។
ចំពោះអ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានលើកឡើងកាលពីចុងខែវិច្ឆិកាកន្លងមកថា បាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសខាងមុខនេះ អាចជួយឲ្យមានការប្រែប្រួលស្ថានការណ៍ក្នុងប្រទេសកម្ពុជាដែរ តែមិនអាចវាស់ថា បានកម្រិតណាទេ បើទោះជាខាងក្នុងប្រទេស មិនមានការតវ៉ាជាសាធារណៈ។
លោកមានប្រសាសន៍ថា៖ «ការដែលមិនតវ៉ាដោយចំហ មិនមែនថា គេអត់តវ៉ាទេ គឺដោយសារគេមិនហ៊ាន ដោយសារមានការបង្ក្រាបពីកងប្រដាប់អាវុធ។ ប៉ុន្តែ ខាងក្រោមផ្ទៃរាបស្មើស្ងប់ស្ងាត់ហ្នឹង គឺក៏មានការពុះកញ្ជ្រោលពីខាងក្រោមដែរ ដែលមិនអាចមើលឃើញ […]»។
បាតុកម្មនេះ ត្រូវបានគ្រោងរៀបចំធ្វើឡើងតែ ៥ថ្ងៃប៉ុណ្ណោះ នៅមុនគម្រោងបាតុកម្មរបស់ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំង នៅមុខសេតវិមានរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅចំទិវាសិទ្ធិមនុស្ស ១០ ធ្នូខាងមុខ៕