ក្រុម​គ្រូ​បង្រៀន និង​មន្ត្រី​អាវុធ​ឯកភាព​បញ្ចប់​វិវាទ ក្រោយ​ផ្ទុះ​ការ​តវ៉ា

រូបភាពពី ហ្វេសប៊ុក ផេក ស្ទឹងសែន ប៉ុស្តិ៍

វិវាទរវាងអាណាព្យាលបាលសិស្ស និងលោកគ្រូ​អ្នកគ្រូនៅវិទ្យាល័យមួយក្នុងខេត្តកំពង់ធំ ត្រូវបានដោះស្រាយបញ្ចប់​ហើយនៅថ្ងៃនេះ ក្រោយមានការសម្របសម្រួលពីអាជ្ញាធរខេត្ត។

ក្រុម​គ្រូ​បង្រៀន និងសិស្សានុសិស្សរាប់រយនាក់នៅវិទ្យាល័យកំពង់ធំ បានផ្តុះការតវ៉ា​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដោយបាន​ចោទ​មន្ត្រី​កង​រាជ​អាវុធ លោក សួស សុវណ្ណា ថា បាន​ជេរ​ប្រមាថ និង​គំរាម​កំហែង​លើ​ថ្នាក់​ដឹកនាំ​សាលា​នេះ បន្ទាប់​ពី​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រូប​នេះ បាន​ចោទ​ក្រុម​គ្រូ​បង្រៀន​នៅ​សាលា​រៀន​មួយ​នេះ​ថា បាន​ធ្វើ​ទារុណកម្ម​កូន​ស្រី​របស់​ខ្លួន។

នាយិកា​វិទ្យាល័យ​កំពង់ធំ អ្នកស្រី កូយ គឹមហេង ប្រាប់វីអូឌីនៅថ្ងៃនេះថា វិវាទ​នោះ ត្រូវ​បានដោះស្រាយចប់ហើយ ក្រោយពីមានការសម្របសម្រួលពី​អភិបាលខេត្តកំពង់ធំ លោក សុខ លូ និងក្រោយ​ពី​មានការ​សុំទោសពីអាណាព្យាបាលសិស្ស។

អ្នកស្រី​បញ្ជាក់​ថា​៖«រឿងហ្នឹងត្រូវបានចប់សព្វគ្រប់ហើយ ព្រោះមាតាបិតាសិស្សហ្នឹង គាត់ភ័ន្តច្រឡំ ព្រឹកម៉ិញហ្នឹងគាត់បាន​មកសុំទោស ដោយមានការចូលរួមដោះស្រាយពីអភិបាលខេត្ត។ ការភ័ន្តច្រឡំរបស់អាណាព្យាបាលសិស្សហ្នឹង គឺគាត់ចោទប្រកាន់មកលើថ្នាក់គ្រប់គ្រង និងលោកគ្រូអ្នកគ្រូ ដោយគាត់ថា សាលាហ្នឹងដាក់ទណ្ឌកម្មទៅលើកូនគាត់ ដោយគាត់ស្តាប់តាមកូន ហើយគាត់មករករឿងមកដល់សាលា ប៉ុន្តែ ឥឡូវ បានដោះស្រាយចប់ហើយ»

អភិបាលខេត្តកំពង់ធំ លោក សុខ លូ ក៏​ចាត់​ទុក​វិវាទ​រវាង​គ្រូ​បង្រៀន និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រូប​នោះ​ថា កើតឡើងដោយសារការភ័ន្ត​ច្រឡំគ្នា​ផង​ដែរ ហើយថា លោកបានដោះស្រាយបញ្ចប់ជម្លោះនោះហើយ។

លោកបន្ថែមថា៖«និយាយរួម គឺបានឯកភាពគ្នា លោកប៉េអឹម​ហ្នឹង គាត់សុំទោសលោកគ្រូអ្នកគ្រូ ដោយសារការយល់ច្រឡំ ជឿលើ​កូនពេក ហើយលោកគ្រូអ្នកគ្រូក៏គាត់យល់ច្រឡំដែរថា លោកប៉េអឹមហ្នឹង ប្តឹងពួកគាត់ទៅតុលាការ គាត់ភ័យ គាត់មានអ្នកបំប៉ោងព័ត៌មានអញ្ចឹង ការពិតខាងប៉េអឹមនេះ មិនបានប្តឹងទៅណាទេ ហើយព្រឹកម៉ិញហ្នឹងបានជួបគ្នា បានដើរផ្លូវកណ្តាលមួយហើយបញ្ចប់រឿងហ្នឹងទៅ»

វីអូឌីមិនអាចសុំការឆ្លើយបញ្ជាក់ពីអាណាព្យាបាលសិស្សបានទេជុំវិញបញ្ហានេះ។ ប៉ុន្តែ នៅ​ក្នុង​លិខិត​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​កន្លង​មក​ លោក សួស សុវណ្ណា បាន​ស្នើ​ទៅរដ្ឋ​មន្ត្រី​​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុង ឲ្យ​ជួយ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​នេះ ដោយ​គ្មាន​ការ​ប្ដឹង​ផ្ដល់​គ្នា​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ