សង្គម​ស៊ីវិល​ទទូច​ទៅ​រដ្ឋាភិបាល​ឲ្យ​បើក​លំហ​សេរីភាព​ជាមូលដ្ឋាន​ឡើង​វិញ

ក្រុម​អង្គការ​សង្គម​ស៊ីវិល ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ដែល​រៀបចំ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​បើក​លំហ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ឡើង​វិញ ដែល​ការ​អំពាវ​នាវ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ១០៣​ស្ថាប័ន ដែល​ក្នុង​នោះ​មាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ក្រុម​សហជីព និង​​បណ្ដាញ​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​ផង​ដែរ បាន​អំពាវ​នាវ​បែប​នេះ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ក្នុង​ថ្ងៃ​នេះ។

ក្រៅ​ពី​​លើក​ឡើង​ថា ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន គឺជា​តម្រូវការ​ចាំ​បាច់​សម្រាប់​ដំណើរការ​នៃ​សង្គម​ស៊ីវិល ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បាន​​អះ​អាង​ក្នុង​សេចក្ដី​ថ្លែងការណ៍៦​ទំព័រ​​នោះ​​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចូល​រួម​ចំណែក​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​កសាង​សន្តិភាព ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប៉ុន្តែ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ អះ​អាង​ថា លំហ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ ត្រូវ​បាន​រឹត​ត្បិត​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​សកម្មជន​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នក​សារព័ត៌មាន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​រង​បណ្ដឹង​នៅ​តុលាការ ហើយ​ស្ថាប័ន​របស់​ពួកគេ​ត្រូវ​បាន​បិទ​ដំណើរការ ឬ​រង​ការ​គំរាម​ឲ្យ​បិទ​ទ្វារ។

ជាមួយ​នឹង​ស្ថានភាព​បែប​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ទទូច​ទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​​បញ្ឈប់នូវ​សកម្មភាព​ទាំង​នោះ ដែល​ក្រុម​សង្គម​ស៊ីវិល​ហៅ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ និង​ការ​រឹត​ត្បិត​សេរីភាព​ជា​មូលដ្ឋាន​ដោយ​មិន​សម​ហេតុផល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ