មេដឹកនាំ​សហជីព​អះ​អាង​ថា សិទ្ធិ​ការងារ​ធ្លាក់​ចុះ ខណៈ​កម្ពុជា​ជួប​ប្រទះ​បញ្ហា​នយោបាយ​

ក្រុម​អង្គការ​សង្គម​ស៊ីវិល ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ដែល​រៀបចំ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧

ក្រុម​​សហជីព បាន​អះ​អាង​ថា បញ្ហា​នយោបាយ​កម្ពុជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាន​ជំរុញ​ឲ្យ​កម្មករ​បាត់​បង់​សេរីភាព​ក្នុង​ការ​តស៊ូ​មតិ​លើ​សិទ្ធិ​ការងារ ដែល​ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​​ចំ​ពេល​ដែល​ពិភព​លោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ។

ក្រុម​​សហជីព បាន​អះ​អាង​ថា បញ្ហា​នយោបាយ​កម្ពុជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាន​ជំរុញ​ឲ្យ​កម្មករ​បាត់​បង់​សេរីភាព​ក្នុង​ការ​តស៊ូ​មតិ​លើ​សិទ្ធិ​ការងារ ដែល​ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​​ចំ​ពេល​ដែល​ពិភព​លោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ។

នៅ​ក្នុង​ពិធី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​លើក​ឡើង​ថា សព្វ​ថ្ងៃ​នេះ សិទ្ធិ​កម្មករ បាន​ធ្លាក់​ចុះ ខណៈ​ដែល​បញ្ហា​នយោបាយ​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​កម្មករ​បាត់​បង់​ឱកាស​ក្នុង​ការ​តវ៉ា​លើ​លក្ខខណ្ឌ​ការងារ​ផ្សេងៗ នៅ​ពេល​ពួកគេ​រង​ការ​គាប់​សង្កត់​ពី​ថៅកែ​រោងចក្រ។

មេដឹកនាំ​សហជីព​រូប​នេះ​ថ្លែងថា៖ «សិទ្ធិមនុស្ស ខ្ញុំគិតថា បញ្ហាចុងក្រោយនេះ មានការធ្លាក់ចុះ ដោយសារ​អី ព្រោះសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ កាលណាជម្លោះ​នយោបាយខ្លាំង សិទ្ធិមនុស្ស ម្នាក់ៗប្រយ័ត្ន​យែង។ អញ្ចឹង​ធ្វើឲ្យសិទ្ធិមនុស្សថយ។ ជាក់​ស្ដែង ពេលអ្នកណាឡើង​តវ៉ា ពេលហ្នឹងចាប់។ អញ្ចឹង ខ្ញុំអាចនិយាយថា ទាំង​សិទ្ធិ​​មនុ​ស្សទូទៅ និងសិទ្ធិការងារមានការធ្លាក់ចុះ ជាពិសេស​ ពួកខ្ញុំកាលមុនអាចប្រជុំណាក៏បាន ឥឡួវប្រជុំ​មួយចំនួនត្រូវបានអាជ្ញាធរឃាត់»

ប្រធានសហព័ន្ធ​សហជីព​ឧស្សហកម្ម លោក​ ឆុន រិនដា បានលើកឡើងថា សិទ្ធិរបស់កម្មករត្រូវបានរឹតត្បិត​តាម​រយៈ​ច្បាប់​សហជីព​ថ្មី ដែលធ្វើឲ្យកម្មករបាត់បង់ប្រយោជន៍ ហើយ​ការចុះជួបសមាជិកមូលដ្ឋាន ឬការចង់​ចូល​ក្រុម​សមាជិក​សហជីព ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើលពីអាជ្ញាធរ។

លោក ឆុន រិនដា បន្តថា ស្ថានភាពបញ្ហានយោបាយបច្ចុប្បន្ននេះ បណ្ដាលឲ្យ​ក្រុមហ៊ុនមួយចំនួន​ឆ្លៀត​ឱកាស ​ឃុប​ឃិត​ជាមួយនឹងមន្រ្តីមួយចំនួន ធ្វើការគំរាមកំហែងដល់សហជីព បញ្ឈប់ថ្នាក់ដឹកនាំសហជីព​ដោយកិច្ចសន្យា ឬ​ឃាំង​ឃាត់​កម្មករ​មិន​ឲ្យ​ចូល​សហជីពជាដើម។

ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​សហគមន៍​អន្តរជាតិ ចាត់​ទុក​ថា បាន​ដើរ​ថយ​ក្រោយ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣​លាន​នាក់​កាល​ពី​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ហើយ​មេដឹកនាំ​បក្ស​ប្រឆាំងដ៏​ធំ​មួយ​នេះ គឺ​លោក កឹម សុខា នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ឡើយ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។