ក្រសួង​សុខាភិបាល​​ថា គ្មាន​មនុស្ស​ឆ្លង​ជម្ងឺ​ផ្ដាសាយ​បក្សី H5N1 ក្រោយ​រក​ឃើញ​ផ្ទុះ​ឡើង​នៅ​កំពង់ចាម

(FB: នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រសួង​សុខាភិបាល បាន​អះ​អាង​ថា ពុំ​មាន​នរណា​ម្នាក់​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​នោះ​ឡើយ បន្ទាប់​ពី​ករណី​ជំងឺ​ផ្ដាសាយ​បក្សី​ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ចាម កាល​ពី​សប្ដាហ៍​មុន។

ក្រសួង​សុខាភិបាល បាន​អះ​អាង​ថា ពុំ​មាន​នរណា​ម្នាក់​ឆ្លង​ជម្ងឺផ្ដាសាយ​បក្សី​នោះ​ឡើយ បន្ទាប់​ពី​ករណីជម្ងឺ​ផ្ដាសាយ​បក្សី​ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ចាម កាល​ពី​សប្ដាហ៍​មុន។

នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃ​​ក្រសួង​សុខាភិបាល បាន​​ប្រកាស​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​ធ្នូ​ថា ជម្ងឺផ្ដាសាយ​បក្សី​ប្រភេទ H5N1 ត្រូវ​បាន​រក​ឃើញ​ថា បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ភូមិ​កោះស្វាយ ឃុំ​ត្រពាំងព្រះ ស្ថិត​ក្នុង​ស្រុក​ព្រៃឈរ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជ​បណ្ឌិត លី សូវ៉ាន់ បាន​ប្រាប់​ VOD នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ក្រុម​មន្ត្រី​សុខាភិបាល បាន​សង្ស័យ​​ជម្ងឺ​ផ្ដាសាយ​បក្សី H5N1 ឆ្លង​ទៅ​លើ​មនុស្ស ១៣​ករណី ប៉ុន្តែ លោក​ថា ក្រុម​មន្ត្រី​ទាំង​នោះ ពុំ​បាន​រក​ឃើញ​ការ​ឆ្លង​វីរុស​នោះ​ឡើយ បន្ទាប់​ពីឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​រួច​មក។

ទោះជាយ៉ាងណា លោកវេជ្ជ​បណ្ឌិត​រូប​នេះ បញ្ជាក់បន្ថែមថា ក្រសួង​សុខាភិបាល​នៅតែបន្តតាមដានសុខភាពរបស់ប្រជាពលរដ្ឋនៅកន្លែងផ្ទុះករណីជម្ងឺផ្តាសាយបក្សីនេះប្រមាណ ១០ថ្ងៃ​ទៅ​មុខ​ទៀត។

ផ្អែក​តាម​តួលេខ​របស់​ក្រសួង​សុខាភិបាល ​ជម្ងឺ​ផ្ដាសាយ​បក្សី H5N1 បាន​ឆ្លង​ទៅ​មនុស្ស​ចំនួន ៥៦​​ករណី ត្រូវ​បាន​គេ​រក​ឃើញ​កើត​ឡើង​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក ក្នុង​នោះ​សម្លាប់​មនុស្ស ៣៧​ករណី។

ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា សីតុណ្ហភាព​ក្នុង​ខ្លួន​លើស​ពី ៣៨.៥​អង្សារ​សេ ក្អក ឈឺ​ក និង​ដក​ដង្ហើម​ហត់ គឺ​ជា​រោគ​សញ្ញា​នៃ​ការ​ឆ្លង​ជម្ងឺ​ផ្ដាសាយ​បក្សី បន្ទាប់​ពី​អ្នក​ជម្ងឺ​ធ្លាប់​ប៉ះ​ពាល់​បក្សី៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។