គ.ជ.ប.​ទុកពេល​១០ថ្ងៃឲ្យពលរដ្ឋប្តឹង ក្រោយ​បិទ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បាន​ទុក​ពេល ១០​ថ្ងៃ​ទៀត សម្រាប់​ពលរដ្ឋ​ប្ដឹង​ជំទាស់​ បន្ទាប់​ពី​ស្ថាប័ន​បោះ​ឆ្នោត​មួយ​នេះ បាន​បិទ​បញ្ចប់​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​នេះ។

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បាន​ទុក​ពេល ១០​ថ្ងៃ​ទៀត សម្រាប់​ពលរដ្ឋ​ប្ដឹង​ជំទាស់​ បន្ទាប់​ពី​ស្ថាប័ន​បោះ​ឆ្នោត​មួយ​នេះ បាន​បិទ​បញ្ចប់​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​នេះ។

សមាជិក គ.ជ.ប. លោក ហ៊ីង ធីឬទ្ធិ បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនៅថ្ងៃនេះ​ថា​ គ.ជ.ប. បាន​បញ្ចប់ការ​ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតកាលពីថ្ងៃទី៩ ខែវិច្ឆិកា​កន្លង​មក​នេះ។

លោក​បន្ថែម​ថា គ.ជ.ប. បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ថ្មី​នៅ​តាម​ឃុំ-សង្កាត់​ និង​នៅ​តាម​ទីតាំង​ណា​មួយ​ក្នុង​ឃុំ-សង្កាត់ នៅ​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ។

បើ​តាម​មន្ត្រី​ គ.ជ.ប.​រូប​នេះ ពលរដ្ឋ​អាច​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឈ្មោះ​របស់​ពួកគេ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង និង​អាច​ប្ដឹង​តវ៉ា​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​ ប្រសិន​បើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ណាមួយ​នៅ​ក្នុង​បញ្ជីនោះ។

លោកថ្លែងថា៖ «ការប្តឹងតវ៉ា ការប្តឹងជំទាស់​ត្រូវ​ធ្វើនៅក្នុង​ឃុំសង្កាត់ក្នុង​រយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពី​ថ្ងៃ​បិទ​ផ្សាយ​បញ្ជី បោះ​ឆ្នោតដំបូង​ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។ ក្នុងករណីអ្នកប្តឹងតវ៉ា និងប្តឹងជំទាស់​មិនពេញចិត្តទៅនឹងសេចក្តីសម្រេច​របស់ក្រុមប្រឹក្សាឃុំសង្កាត់​ អាច​ប្តឹងទៅ គ.ជ.ប. និងក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​តាមកំណត់ច្បាប់​»។

ក្នុង​វេទិកានោះ នាយកប្រតិបត្តិអង្គការ​និកហ្វិក លោក សំ គន្ធាមី បាន​ស្នើ​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ ឲ្យ​ជួយ​ពន្យល់​ពលរដ្ឋ​នៅ​អំឡុង​ពេល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នេះ ដោយ​លោក​ថា ​​​ដើម្បី​បង្កលក្ខណៈ​ងាយ​ស្រួល​ដល់​​​ប្រជា​​ពល​រដ្ឋដែលមានបំណង​ចង់ប្តឹងជំទាស់ ក្រោយ​ពី​ឃើញ​​ឈ្មោះ​ខុស​ ឬឈ្មោះ​ស្ទួន​​ក្នុង​បញ្ជី​បោះ​ឆ្នោត​​នោះ។

លោកមានប្រសាសន៍ថា៖ «សូម គ.ជ.ប. ណែនាំប្រាប់គាត់ [ប្រជាពលរដ្ឋ] បើសិនជាគាត់ខុសទិន្នន័យរយៈ​ពេល​ប្តឹង ១០ថ្ងៃ​ កុំឲ្យហួស ហើយមានជំនួយការ[មន្ត្រី គជប] ជួយដល់គាត់ផង​ ចំពោះបងប្អូនណា ដែល​គាត់​​អត់​ចេះអក្សរ»។

ប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម នៅ គ.ជ.ប លោក កែវ ផល្លា បាន​ថ្លែង​ថា ដើម្បីដោះស្រាយបញ្ហាប្រឈមដូចដែលលោក សំ គន្ធាមី លើកឡើងនោះ លោកថា​ មាន​តែដៃ​គូពាក់​ព័ន្ធ​ទំាងអស់​ សហការគ្នាទើបទទួលបានផលវិជ្ជមាន​។

លោកថ្លែងថា៖ «ក្នុងករណីបែបនេះកើតឡើង​ ក៏យើងអត់មាននីតិវិធីណា ដែលថាជួយយ៉ាងម៉េច​ វាអត់​មាន​ មានតែម្យ៉ាងគត់​គឺថាយើងពឹងទៅលើភាគីពាក់ព័ន្ធ ជាពិសេសភ្នាក់ងារគណបក្ស​នយោបាយដែល​នៅ​តាម​មូល​ដ្ឋាន​ ក៏ដូចជាអង្គការសង្គមស៊ីវិល​ អ្នកសង្កេត​ការ​ គឺថា​មានការជួយ​គ្នាទៅវិញទៅមក​ យើង​សហការគ្នា​​»។

គ.ជ.ប. បាន​ចាប់​ផ្ដើមការ​​ចុះ​ឈ្មោះ​បោះឆ្នោត និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា​កន្លង​មក​នេះ។

របាយការណ៍ គ.ជ.ប. ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង ៥០​ម៉ឺន​នាក់ បាន​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​នេះ ខណៈ​ដែល​ពលរដ្ឋ​ជាង ១​លាន​នាក់​ទៀត ត្រូវ​បាន​គេ​ដឹង​ថា មិន​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​កន្លង​មក​នោះ​ឡើយ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។