ឧតុនិយម​ព្យាករ​ថា អាកាស​ធាតុ​ធ្លាក់​ចុះ​ត្រជាក់​ខ្លាំង​នៅ​បណ្ដា​ខេត្ត​យ៉ាង​តិច​១១

ក្រសួងធនធានទឹក និងឧតុនិយម បានព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ និង​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន ឲ្យ​​ថែ​រក្សា​សុខភាព​របស់​ពួកគេ ដោយ​ថា ខេត្ត​យ៉ាង​តិច​ចំនួន ១១ នឹង​ចុះ​ត្រជាក់​ខ្លាំង​រហូត​ដល់​កម្រិត​អប្បបរមា ១៦​អង្សា​សេ​នៅ​សប្ដាហ៍​ក្រោយ​នេះ។

ក្នុង​សេចក្តីប្រកាសព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួងធនធានទឹក និងឧតុនិយម បាន​ព្យាករ​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​នៃ​សម្ពាធ​ខ្ពស់​​នៃ​ខ្យល់​មូសុង​ឦសាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​សីតុណ្ហភាព​នៅ​កម្ពូជា​ថយ​ចុះ​ខ្លាំង ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ខាង​មុខ។

ក្រសួង​បញ្ជាក់​ថា សីតុណ្ហភាព​នៅ​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី និង​ប៉ៃលិន នឹង​ធ្លាក់​ចុះ​រហូត​ដល់​ចន្លោះ ១៦ ទៅ ១៧​អង្សាសេ នៅ​អំឡុង​ពេល​នោះ។

ក្រសួង​ឲ្យ​ដឹង​បន្ថែម​ថា នៅ​តាម​​បណ្ដា​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ និង​កំពង់ធំ អាកាស​ធាតុ​នឹង​ធ្លាក់​ចុះ​នៅ​ចន្លោះ ១៨ ទៅ ១៩​អង្សា​សេ ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ខណៈ​ដែល​នៅ​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត អាកាស​ធាតុ​នឹង​ធ្លាក់​ចុះ​នៅ​ចន្លោះ ២០ ទៅ ២២​អង្សា​សេ។

ជាមួយគ្នានេះ ក្រសួង​ក៏បានអំពាវនាវទៅ​ប្រជាពលរដ្ឋ និង​កង​ទ័ពកំពុង​ឈរជើង​តាមបន្ទាប់ព្រំដែន ឲ្យ​ថែរក្សាសុខភាព ក្នុងពេលអាកាសធាតុចុះត្រជាក់ខ្លាំងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ