ជា សំនៀង ដណ្ដើមបានខ្សែ​ក្រវាត់អន្តរជាតិ ​តម្លៃ​​៥ពាន់ដុល្លារ

នៅទី​បំផុតការប្រកួ​តអន្តរជាតិ​​​កាលពីរសៀលថ្ងៃទី​​១៧ ​ធ្នូ នៅ​លើសង្វៀន​​ទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅក្នុងព្រឹត្តិការណ៍ដណ្ដើមជើងឯក​​​​​ជំនាន់ទី​១​ក្នុងប្រភេទទម្ងន់​​៦៥គីឡូក្រាម ត្រូវបានបញ្ចប់ហើយ ដោយកីឡាករ​ជា សំនៀង ជា​តំណាងរបស់...

នៅទី​បំផុតការប្រកួ​តអន្តរជាតិ​​​កាលពីរសៀលថ្ងៃទី​​១៧ ​ធ្នូ នៅ​លើសង្វៀន​​ទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅក្នុងព្រឹត្តិការណ៍ដណ្ដើមជើងឯក​​​​​ជំនាន់ទី​១​ក្នុងប្រភេទទម្ងន់​​៦៥គីឡូក្រាម ត្រូវបានបញ្ចប់ហើយ ដោយកីឡាករ​ជា សំនៀង ជា​តំណាងរបស់កម្ពុជាជាអ្នកទទួលបាន​ជោគជ័យ ​បន្ទាប់ពីការប្រកួតនេះ​មាន​ការចូលរួមដោយកីឡាករ​​​​កម្ពុជា​​​៤រូបនិង​ថៃ​​៤រូប​តាំងពីដំបូង។

​​នេះគឺជាទំព័រ​ប្រវត្តិសាស្រ្ត​​លើកដំបូងដែលកីឡាករ​កម្ពុជា ជា សំនៀង ទទួលបាន​ខ្សែក្រវាត់ជើងឯក ដោយ​ខ្សែក្រវាត់ជើងឯកនេះគឺកាលីបតែម្ដង ព្រោះជាខ្សែក្រវាត់ជើងឯកអន្តរជាតិ ដែល​ក្រៅពីបានខ្សែក្រវាត់ក៏បានទឹកប្រាក់អម​​តម្លៃ​​​​៥ពាន់ដុល្លារ។

ការប្រកួតដែលបានធ្វើឡើង​យ៉ាងកក្រើកនេះ ​គឺជាការប្រកួត​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​បានចំណាយ​​​ពេល​ធ្វើការប្រកួត​​សន្សំពិន្ទុ​​តាមរូបមន្តចែក​ពូល ហើយកីឡាករកម្ពុជា​​​៣នាក់ និងកីឡាករ​​ថៃ​៣នាក់
ដែលមាន​ពិន្ទុទាបជាង​គេ ត្រូវបានធ្លាក់​​​​​។ ការប្រកួតមួយនេះ បានចាប់​ផ្ដើមឡើងប្រមាណជាច្រើនខែមកហើយ
​ដោយ​កីឡាករកម្ពុជា​​​​មានចំនួន​៤រូប និង​កីឡាករថៃ​​​មានចំនួន​៤រូប ហើយ​កីឡាករ​ម្នាក់ៗត្រូវ​​​ឆ្លងកាត់ការប្រកួត​ចំនួន​​​ម្នាក់​​៤លើកក្នុង​​ពេលចែកពូល ដើម្បីស្វែងរក​​កីឡាករដែលមានពិន្ទុខ្ពស់​​នៅខាងកម្ពុជា និងខាង​​​​ភាគីថៃអោយឡើងប្រកួត​ប៉ះគ្នា។

កីឡាករ ជា សំនៀង និងកីឡាករថៃ Phlay Noy ជាកីឡាករ​​២រូបដែល​បាន​​ឈានឡើងក្នុងវគ្គ​​ដណ្ដើមយកខ្សែក្រវាត់អន្តរជាតិ បន្ទាប់ពីអ្នកទាំងពីរ​​មានពិន្ទុ​នាំមុខគេក្នុង​​ពូល​នីមួយៗ ហើយ​​​​​វាយឈ្នះ​ក្នុងវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​មួយ​តង់ទៀត ​ដើម្បី​​កំណត់យកតែ​​២នាក់​​​​​​​​​​​​​​អោយ​ឡើងប្រកួត​​យកខ្សែក្រវាត់។

ការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី​១៧ ធ្នូ កីឡាករ​​​​កម្ពុជា ជា សំនៀង មិនត្រូវបានរំពឹងថា​នឹងឈ្នះកីឡាករថៃនោះទេ ដោយសារតែ​ក្នុងវគ្គ​​សន្សំពិន្ទុ​ ​កីឡាករថៃ​​​​ Phlay Noy បានវាយអោយ​កីឡាករកម្ពុជារូបនេះសន្លប់ក្នុងទឹកទី​​៣​​។ គាប់ជួន​ជាការប្រកួត​នៅថ្ងៃប៉ះគ្នាជាថ្មី ស្រាប់តែកីឡាករ​កម្ពុជាពិបាកក្នុងការវាយ​លុកគូប្រកួត​នៅអំឡុង​​​២​ទឹកដំបូងផង​នោះ គឺរឹតតែធ្វើអោ​យអ្នកគាំទ្រ ជា សំនៀង ពិបាក​រំពឹង។

កីឡាករ​​កម្ពុជា ​ត្រូវគេឃើញ​ឆ្លងផុត​​​៥ទឹក​​​យ៉ាងពិបាកបំផុត ដោយ​ក្នុងចំណោម​​​៥ទឹក​កីឡាករ​​ ជា សំនៀង
​មាន​​​ឱកាសវាយចូល​តែក្នុងទឹកទី​​៤ និងទី​​៥ចុងក្រោយ​បន្តិចប៉ុណ្ណោះ ទើប​លទ្ធផល​​ដែល​បានប្រកាសឡើង​
គឺកីឡាករកម្ពុជាដែលធ្លាប់​បរាជ័យក្រោមដៃកីឡាករថៃ Phlay Noy បានក្លាយជា​អ្នកឈ្នះកីឡាកថៃទៅ​វិញ​​ដោយ​លទ្ធផលមិនឯកច្ឆ័ន្ទ គឺ​គណៈកម្មការ​​​​៣​​ផ្ដល់ពិន្ទុ​អោយឈ្នះ និង​គណៈកម្មការ​​​​​​២ទៀត​ផ្ដល់ពិន្ទុអោយកីឡាករថៃឈ្នះ ខណៈដែលពិន្ទុសរុប​​​​​​គឺ​​កីឡាករកម្ពុជា បានឈ្នះ​​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ។

ជា សំនៀង ទទួលបាន​ទឹកប្រាក់​​​២០លាន​រៀល ប្រហាក់ប្រហែលនឹង​​​៥ពាន់ដុល្លារអាមេរិក ដោយក្រោយការ​​ប្រកាសថាលោកទទួលបានជ័យជម្នះ គឺលោកបានទាំង​​​​​លត់ជង្គង់​​​អោប​កីឡាករថៃផង ដោយសារតែលោកមិននឹកស្មានថាខ្លួនទទួល​ជោគជ័យ​លើកីឡាករថៃ។ លោកថា​នេះជា​​ឱកាសឈ្នះបានខ្សែក្រវាត់ក្នុងជីវិតរបស់ខ្លួន
​ហើយ​លោកក៏មានមោទនភាពណាស់ដែល ដែលធ្លាប់ឆ្លងកាត់ការប្រកួត​​ជម្រើសជើងឯក​ច្រើនមកហើយ
គឺមិនដែលទទួលបានជ័យ​ជម្នះ ដើម្បី​ក្លាយជាម្ចាស់​​​ខ្សែក្រវាត់ទាល់តែសោះ ប៉ុន្តែបែរជា​បានឈ្នះ​នៅក្នុង​ការ​ដណ្ដើមខ្សែក្រវាត់អន្តរជាតិតែម្ដង ដោយ​​បានទឹកប្រាក់​​​តម្លៃ​​៥ពាន់ដុល្លារ​​​​​​​បន្ថែមលើកិត្តិយស​ដែលលោកមិន
ធ្លាប់ស្រម៉ៃក្នុងពេល​​​មានឈ្មោះចូលប្រកួត។

លោកថា​​​​​គ្មានអ្វីសប្បាយចិត្ត​ជាង​ទទួលបានខ្សែក្រវាត់ជើងឯកនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនេះទេ ហើយ​លោក​ក៏បានប្រកាសថានឹងប្រឹង​​ប្រែង​រក្សាតំណែងខ្លាំងក្នុងនាមជាម្ចាស់ខ្សែក្រវាត់អន្តជាតិនេះ​មិនអោយ​​​ចុះខ្សោយ​ផងដែរ ដើម្បី​​​កុំអោយមានការ​រិះគន់ថា​​​ប្រកួតធ្លាក់ដៃ។

លោក ញាណ សុធី អ្នករៀបចំ​ការប្រកួត​ បញ្ជាក់​​​​ថាចាប់តាំងពី​បាន​បង្កើតព្រឹត្តិការណ៍​​ប្រដាល់នៅទូរទស្ស៍អាស៊ីអាគ្នេយ៍ មានការប្រកួត​ជ្រើសរើសជើងឯកអន្តរជាតិ​​ចំនួន​​៥លើកហើយ ដោយ​ក្នុងព្រឹត្តិការណ៍​​​ប្រដាល់​​ថ្ងៃ​សៅរ៍វេលាម៉ោង​​​២រៀលមានការប្រកួត​​ជើងឯកអន្តរជាតិ​​បាន​ចំនួន​​​​៤លើកហើយ ដោយ​​​​កីឡាករថៃ​​គ្រង​តំណែងជើងឯក​​២រដូវកាល និងកីឡាករ​កម្ពុជាគ្រងតំណែង​ជាម្ចាស់​ជើង​​ឯក​​២ជំនាន់ដែរ។

​ដោយឡែកសម្រាប់ការប្រកួត​​នៅរសៀលថ្ងៃអាទិត្យ​​គឺទើបតែមានការប្រកួតអន្តរជាតិបាន​មួយលើកប៉ុណ្ណោះ ដោយ​ការប្រកួតលើកទី​១នោះ គឺ​​​​ជាការប្រកួតជើងឯកអន្តរជាតិ​ក្នុងប្រភេទទម្ងន់​​​​៦៥គីឡូក្រាម ​និងទើប​​​ក្ដោប​ក្ដាប់បានដោយ ​កីឡាករ ជា សំនៀង៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។