EU ជំរុញឲ្យមីយ៉ាន់ម៉ាដោះលែងអ្នកព័ត៌មានរ៉យទ័រពីររូប

សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាដោះលែងអ្នកសារព័ត៌មាន​របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រពីរនាក់ ឲ្យបានឆាប់តាមការដែលអាចធ្វើទៅបានដើម្បីកុំឲ្យប៉ះពាល់ដល់​សេរីភាពនៃសារព័ត៌មាននៅក្នុងប្រទេសនេះ។​

អ្នកនាំពាក្យស្ថាប័នកិច្ចការបរទេសរបស់សហភាពអឺរ៉ុបលោកស្រី Federica Mogherini ថ្លែងថា ការឃាត់ខ្លួនអ្នកសារព័ត៌មាន​របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនេះគឺជាក្តីកង្វល់របស់សហភាពអឺរ៉ុប។​ ​នេះបើតាមសារព័ត៌មាន Straits Time។​

អ្នកសារព័ត៌មា​នពីរនាក់រួមមានឈ្មោះ Wa Lone អាយុ៣១ឆ្នាំ​និង​ Kyaw Soe Ooអាយុ២៧ឆ្នាំ ត្រូវបានចាប់ខ្លួននៅពេល​ដែលទៅទទួលទានអាហារពេលល្ងាចតាមការណាត់របស់មន្ត្រីនគរបាលមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍មុន នៅជាយក្រុងយ៉ង់ហ្គោនជាទីក្រុងធំបំផុតរបស់ប្រទេសនេះ។​

មិនមានព័ត៌មានច្បាស់ការពីរដ្ឋាភិបាល ចំពោះការចោទប្រកាន់អ្នកទាំងពីរនេះទេ ប៉ុន្តែមន្ត្រីនគរបាលថ្លែងថា អាចពាក់ព័ន្ធនិងកំហុសធ្វើឲ្យប៉ះពាល់ដល់ព័ត៌មានសម្ងាត់របស់ជាតិ ខណៈអ្នកទាំងពីរនេះកំពុងតែប្រមួលព័ត៌មាន​សម្រាប់សរសេរអត្ថបទពាក់ព័ន្ធស្ថានភាពជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

មន្ត្រីសហភាពអឺរុបរូបនេះ ថ្លែងថា លោកស្រីសង្ឃឹមថា អាជ្ញាធរមីយ៉ាន់ម៉ា និង​គោរពសិទ្ធិអ្នកសារព័ត៌មានទាំងពីរនេះ ហើយនឹងមានការដោះលែងជាបន្ទាន់។​

សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មករណីលក់អាវុធ និងសម្ភារយោធាផ្សេងទៀតប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា ពាក់ព័ន្ធការចោទថា រដ្ឋាភិបាលនៃប្រទេសនេះបានធ្វើទុក្ខបុកម្នេញដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីន បណ្តាលឲ្យជនជាតិភាគតិចនេះ ប្រមាណ​៦២០ ០០០នាក់​រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស ទាំងប្រឈមគ្រោះថ្នាក់ និងរងទុក្ខវេទនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ