បទយកការណ៍៖ ក្រុម​កម្មករ​កាត់​ដេរ​បារម្ភខ្លាចបាត់បង់ការងារ ក្រោយ​អឺរ៉ុប​សម្រេច​ឲ្យ​សើរើ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា

ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ ​​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (វីអូឌី)

«ព្រួយតើ ព្រួយបារម្ភ ព្រោះយើងចាស់ហើយមិនដឹងទៅធ្វើការអី អត់ចង់ឲ្យគេបិទទេ ចង់តែធ្វើការ ព្រោះបើបិទទៅ បានអីបង់រដ្ឋ បង់ធនាគារ»។

នេះ​គឺ​ជា​ក្ដី​បារម្ភ​រ​បស់​កម្មការិនី​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់​ដេរ​មួយ​​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ ស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ បន្ទាប់​​ពី​កម្មការិនី​រូប​នេះ បាន​ដឹង​តាម​រយៈ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ថា ​សហគមន៍​អន្តរជាតិ បាន​​ព្រមាន​បិទ​ទីផ្សារ​សម្រាប់​ផលិត​ផល​សម្លៀក​បំពាក់​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី១៤ ខែ​ធ្នូ​​កន្លង​មក​នេះ ​សភា​សហភាព​អឺរ៉ុប បាន​ឈាន​ទៅ​សម្រេច​បើក​ផ្លូវ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ពិចារណា​ផ្អាក ឬ​ក៏​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ដែលផ្ដល់​ការ​លើក​លែង​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ហើយ​មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ នៅ​តែ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។

ឆ្លៀត​និយាយ​មក​កាន់​អ្នក​សារព័ត៌មាន​អំឡុង​ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់​នៅ​ក្នុង​បន្ទប់​ជួល​​របស់​គាត់ អ្នកស្រី ឆ្លាំង ស្រីមុំ ដែល​បម្រើ​ការងារ​​ផ្នែក​​ដេរ​ខោ​អាវ​នៅ​រោង​ចក្រ​រ៉ូស៊ីង នៅ​ម្ដុំ​​ភូមិ​ទួលសង្កែ ក្នុង​ខណ្ឌ​ឫស្សីកែវ បាន​រៀបរាប់​ថា ទំហំ​ការងារ​នៅ​ក្នុង​រោងចក្រ​អ្នកស្រី​បម្រើ​ការងារ បាន​ធ្លាក់​ចុះ​នា​ពេល​ថ្មីៗ​នេះ។

អ្នកស្រី​ព្រួយ​បារម្ភ​ពី​ការបាត់​បង់​ការងារ​​ធ្វើ​នា​ពេល​ខាង​មុខ និង​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​គ្រួសារ​របស់​អ្នកស្រី បន្ទាប់​ពី​អ្នកស្រី​បាន​ដឹង​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថា សហភាព​អឺរ៉ុប​បាន​ពិចារណា​បិទ​ទីផ្សារ​សម្រាប់​ទំនិញ​នាំ​ចូល​ពី​កម្ពុជា។

អ្នកស្រីថា៖ «អត់ការងារធ្វើ បានលុយពីណាចាយ ដូចថា យើងរាល់ថ្ងៃចាយស្រួល ដល់ពេលបិទអាលុយក៏ចាយពិបាក ហើយមិនបានលុយឲ្យម្ដាយទៀត ឲ្យកូនរៀន ហើយរាល់ថ្ងៃទិញអង្ករគេហូប​គ្រប់សព្វ។ បើទៅស្រុកវិញ ក៏អត់មានស្រែធ្វើដែរ បើលក់ដីឲ្យគេអស់អាលីងគ្រប់ហើយ​។ អញ្ចឹងវាប៉ះពាល់ខ្លាំងសម្រាប់ខ្ញុំអ្នកធ្វើការរោងចក្រ។ បើសិនអត់មានទំនិញនាំចូលនាំចេញ រាល់ថ្ងៃអញ្ចឹងក៏នៅតែពិបាកដែរ ប្រាក់ខែប៉ុណ្ណឹង បានមួយខែស៊ីមួយខែរាល់ថ្ងៃនេះ»។

បម្រើ​ការ​ផ្នែក​ដេរ​នៅ​ក្នុង​រោងចក្រ​តែ​មួយ​ជាមួយ​អ្នកស្រី ស្រីមុំ ដែរ នារី​សម្បុរ​ស្រអែម​មក​ពី​ខេត្ត​កំពង់ចាម កញ្ញា អឿ ចាន់ថុល ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​ការ​បិទ​រោងចក្រ​ផង​ដែរ ខណៈ​ដែល​ទំហំ​ការងារ​ក្នុង​រោងចក្រ​ដែល​គាត់​បម្រើ​ការ បាន​ធ្លាក់​ចុះ​នៅ​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ។

​កញ្ញានិយាយថា នាងមិនចង់ធ្វើ​ចំណាកស្រុកទៅរកការងារធ្វើនៅក្រៅ​ប្រទេសនោះទេ កញ្ញា​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម និងហានិភ័យ​កើត​ចេញ​ពី​ចំណាក​ស្រុក។

កញ្ញាថា៖ «ព្រួយបារម្ភ បើសិនជាអត់ការងារធ្វើ។ អញ្ចឹង យើងបាន​លុយពីណាមក ដើម្បីចិញ្ចឹមគ្រួសារ ផ្ញើទៅផ្ទះ។ ធម្មតា​ យើងជីវិភាពខ្វះខាត យើងក្រលំបាក យើងធ្វើស្រែ បើសិនជាយើងធ្វើបានតែមួយហូបៗ អញ្ចឹងយើងអត់មានកម្រៃអី​មកផ្គត់ផ្គង់ជីវិភាពគ្រួសារ។ បើសិនជាយើងឈឺ ក៏យើងគ្មានលុយមើល[ព្យាបាល]។ បើសិនអញ្ចឹងមែន ប៉ះពាល់ច្រើន។ បើសិនជាយើងធ្វើចំណាកស្រុក វាពិបាក ធម្មតាទៅស្រុកគេវាមិនស្រួលដូចនោះស្រុកយើង»។

កំពុងដើរទិញម្ហូបនៅម្ដុំជិតផ្សារឯករាជ្យ លើផ្លូវវេងស្រេង បន្ទាប់ចេញពីធ្វើការ​នៅ​ពេល​ល្ងាច ស្រ្តីវ័យ ៤៧ឆ្នាំ ដែល​អះអាង​ថា​បម្រើ​ការ​ផ្នែក​ដេរ​អាវនៅ​រោងចក្រ​មួយ​ស្ថិត​នៅ​ម្ដុំ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា បាន​រៀបរាប់​ថា បន្ទាប់​ពី​អ្នកស្រី​បាន​ស្ដាប់​ព័ត៌មាន ដែល​បាន​ចុះ​ផ្សាយ​ថា សហភាព​អឺរ៉ុប​បាន​ព្រមាន​បញ្ឈប់​ការ​នាំ​ចូលផលិត​ផល​សម្លៀក​បំពាក់ និង​ទំនិញ​ផ្សេងៗ​ពី​កម្ពុជា អ្នកស្រីមាន​ក្ដី​បារម្ភ​អំពី​កង្វះ​ខាត​ការងារ​នា​ពេល​ខាង​មុខ។

ប្រឈម​មុខ​នឹង​ស្ថានភាព​បែប​នេះ អ្នកស្រីព្រួយ​បារម្ភ​​ថា នឹង​មាន​ហានិភ័យ​សម្រាប់​ជីវភាព​អ្នកស្រី ខណៈ​អ្នកស្រី​កំពុងស្ថិត​ក្នុង​ដំណាល់​កាល​សង​កម្ចី​ធនាគារ។

អ្នកស្រីថា៖ «ព្រួយតើ ព្រួយបារម្ភ ព្រោះ យើងចាស់ហើយ មិនដឹងទៅធ្វើការអី។ យើងខំតស៊ូយូរ ​អត់ចង់ឲ្យគេបិទទេ ចង់តែធ្វើការ ព្រោះ បើបិទទៅបានអីបង់រដ្ឋ បង់ធនាគារ។ អញ្ចឹងបើគេបិទទៅ មានតែយើងប្រគល់ប្លង់ដី។ ធម្មតាយើងដាក់មានប្លង់ដី ប្លង់ផ្ទះ។ ដល់គេបិទ យើងអត់មានអី​បង់គេ មានតែប្រគល់អាហ្នឹងឲ្យគេ»។

បើតាម​របា​យការណ៍​​របស់​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ផ្ញើ​ទៅ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ដើម​ខែ​នេះ ទំនិញ​កម្ពុជា​តម្លៃ ៦​ពាន់ ២៥៩​លាន​ដុល្លារ ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប ខណៈ​ដែល​កម្ពុជា​បាន​នាំ​ទំនិញ​តម្លៃ ២​ពាន់ ៩១៦​លាន​ដុល្លារ ចូល​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

របាយការណ៍​ដដែល​នោះ បង្ហាញ​ថា ទំនិញ​កម្ពុជា​ដែល​ត្រូវ​បាន​នាំ​ចូល​ទៅ​​ទីផ្សារ​អាមេរិក​នោះ ត្រូវ​បង់​ពន្ធ​​ជាមួយ​អត្រា ១២​ភាគរយ ឬ​ដែល​មាន​តម្លៃ​ជាង ៣០០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​អាមេរិក​ផ្ដល់​ភាព​អនុគ្រោះ​ពន្ធ​​មាន​តម្លៃ​ប្រហែល ១០​លាន​ដុល្លារ​ប៉ុណ្ណោះ។

សម្រាប់​ទំនិញ​នាំ​ចូល​ទីផ្សារ​អឺរ៉ុប​វិញ លោក សូរស័ក្តិ បាន​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា កម្ពុជា​បាន​ទទួល​ភាព​អនុគ្រោះ​ពន្ធ​គយ​ទាំង​ស្រុង​ពី​សហភាព​អឺរ៉ុប​សម្រាប់​ទំនិញ​គ្រប់​ប្រភេទ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ពុំ​ចាំ​បាច់​បង់​ពន្ធ​ទំហំ ៦៧៦​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

ទោះជាយ៉ាងណា ក្រោយពីមានការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិមក  សហរដ្ឋអាមេរិក សភាពអឺរុប និងប្រទេសមួយចំនួនទៀត បានផ្តាច់ជំនួយ និងគំរាមបិទទីផ្សារ​សម្រាប់​ផលិតផលកាត់ដេរ​កម្ពុជា បើរដ្ឋាភិបាលកម្ពុជាមិនធ្វើឲ្យស្ថានការណ៍​នយោបាយ វិលទៅរក​ស្ថានភាពដើមវិញ ធានាដល់​លំហប្រជាធិបតេយ្យ និងការបោះឆ្នោ​តឆ្នាំ២០១៨ ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ។

ប្រ​ធានស​​ហភា​​​ពកា​​​រងា​រ​កម្ពុជា លោក អាត់ ធន់ បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​ថា ផលិត​ផល​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អាមេរិក និង​សហភាព​អឺរ៉ុប​ស្ទើ​តែ​ទាំង​ស្រុង ហើយ​ថា កម្មករ​កម្មការិនី​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​វិស័យ​នេះ ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការងារ​របស់​ពួកគេ ឬ​អាច​ជ្រើស​រើស​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ប្រសិន​បើ​ទីផ្សារ​ធំ​ៗ​ទាំង​ពីរ​នេះ សម្រេច​បិទ​មែន​នោះ។

លោកថា៖ «ប៉ះភ្លាម! ខ្ញុំគិតថា កម្មករនិយោជិក គាត់នឹងអត់ការងារធ្វើ​ ហើយគាត់គ្មានចំណូល ហើយបន្ទាប់មក គាត់មិនមានអាហារសម្រាប់ផ្គត់ផ្គង់ជីវិភាព ក៏ដូចជា បង់ទៅការខ្ចីបុលធនាគារ ឬ​ក៏មីក្រូហិរញ្ញវត្ថុផ្សេងៗ ហើយភ្លាមៗនោះ ប្រហែលជានឹងអាចកើតមានជម្លោះរវាងនិយោជក និងកម្មករនិយោជិកអំពីការបង់ទូទាត់នូវ​ប្រាក់សំណង​អតីតភាពការងារ ឬក៏ការបិទរោងចក្រ។ បើរោងចក្រផ្សេងៗដែលវាអាចកើតមាន នៅក្នុងពេលភ្លាមៗនោះ បើនិយោជកមិនបានទូទាត់ឲ្យគាត់ត្រឹមត្រូវ​ទេ វាបញ្ហាមួយជាន់ទៀត»។

មេដឹកនាំ​សហជីព​រូប​នេះ បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ពិចារណា​ឡើង​វិញ​ចំពោះ​ជំហរ​របស់​ខ្លួន ហើយ​ងាក​ទៅ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​អាមេរិក និង​សហគមន៍​អឺរ៉ុប ដោយ​លោក​ថា ដើម្បី​បញ្ចៀស​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ដែល​ត្រូវ​បាន​ផ្ដល់​មក​ដល់​ប្រទេស​ក្រី​ក្រ​មួយ​នេះ។

«បើអត់មានការងារហ្នឹង ពួកខ្ញុំមិនដឹងទៅជាយ៉ាងម៉េចទេទៅមុខទៅ។ បើទៅថៃក៏វេទនាទៀត ចោលកូនចោលថៃនៅផ្ទះ ម្ដាយចាស់នៅផ្ទះគឺពិបាកខ្លាំងមែនទែន។ អញ្ចឹងសូមឲ្យចរចាគ្នាឲ្យត្រូវទៅ បើមិនអញ្ចឹងទេ ពួកខ្ញុំកម្មករ គឺស្លាប់អត់មានបាយស៊ីទេ ទៅស្រុកវិញ ព្រោះអត់មានដីធ្វើស្រូវ ធ្វើស្រែទេ ព្រោះលក់ឲ្យគេអត់ហើយ»។

របាយការណ៍​រោងចក្រ​កាន់​តែ​ប្រសើរ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក បាន​ឲ្យ​ដឹង​ថា កម្មករ​កម្ពុជា​យ៉ាង​តិច ៦៣​ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​លើស​ជា​ស្ត្រី កំពុង​បម្រើ​ការងារ​ដោយ​ផ្ទាល់​នៅ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​​ពលរដ្ឋ​ទទួល​ផល​ប្រយោជន៍​ដោយ​ប្រយោល​ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​រហូត​ដល់ ៣​លាន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ