សិស្សជាច្រើននាក់នៃសាលារៀនមួយក្នុងខេត្តរតនគិរីដួលសន្លប់បន្តបន្ទាប់

សិស្សសន្លប់នៅវិទ្យាល័យភូមិថ្មី(រូបពីPolice.gov.kh

របាយការណ៍បឋមរបស់សមត្ថកិច្ចឲ្យដឹងថា សិស្សជាច្រើននាក់នៃសាលារៀនមួយក្នុងខេត្តរតនគិរី អាការៈ ប្រកាច់ ហើយស្លេកស្លាំងទន់ដៃ ទន់ជើង និង បានដួលសន្លប់ជាបន្តបន្ទាប់ តែមិនមានគ្រោះថ្នាក់ ដល់ជីវិតនោះទេ។

អគ្គស្នងការនគរបាលជាតិបានផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី ៣០ នេះថាសិស្សវិទ្យាល័យ​ភូមិថ្មី ដែលស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាច្រើននាក់មានអាការៈ ប្រកាច់ ហើយស្លេក​ស្លាំង​ទន់​ដៃ ទន់ជើងសន្លប់ជាបន្តបន្ទាប់។

ទោះបីជាយ៉ាងណាអគ្គស្នងការដែលដកស្រងសំដីលោក ថុន យុន ជានាយកវិទ្យាល័យនោះថា​មិនទាន់​ដឹង​ចំនួនច្បាស់លាស់នៅឡើយទេ តែចាប់តាំងពីថ្ងៃចន្ទ មកមានសិស្សសន្លប់ជាបន្តបន្ទាប់ ប៉ុន្តែថ្ងៃនេះ​សិស្សបានដួលសន្លប់ចាប់ពី ៥ ទៅ​៦នាក់ ស្ទើរតែគ្រប់ថ្នាក់រៀនទាំងអស់ ។

តាមការចុះផ្សាយដដែលបានឲ្យដឹងថាក្រោយពេលដួលសន្លប់សិស្សទាំងនោះត្រូវបានបញ្ជូនទៅសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

តាមការចុះផ្សាយបន្តថាក្រោយបញ្ជូនទៅសង្គ្រោះលោក ហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែក​ខេត្ត​រតនគិរី បានធ្វើការពិនិត្យឃើញថាសិស្សទាំងនោះមានបញ្ហាខ្វះជាតិស្ករ និងជាតិកាលស្យូម។

ទោះបីជាយ៉ាងណាអគ្គស្នងការនគរបាលជាតិបានដកស្រង់សំដីប្រធានមន្ទីរសុខាភិបាលខេត្ត លោក អ៊ុង រតនា ដែលបានចុះពិនិត្យកន្លែងកើតហេតុថា នៅក្នុងថ្នាក់រៀននីមួយៗ មានសភាពហប់ ខ្វះខ្យល់​អុកស៊ីសែន ទើបបណ្ដាលឲ្យមានបញ្ហាបែបនោះ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។