នគរបាលខេត្តបន្ទាយមានជ័យផ្តល់រង្វាន់លើការចាប់ខ្លួនអ្នកធ្វើសកម្មភាព​ប្រឆាំងថ្ងៃ៧មករា​

ស្នងការ​នគរបាល​ខេត្តបន្ទាយ​មានជ័យ​ លោក អាត់ ខែម (ប្រភព៖ នគរបាលជាតិ)

ស្នងការ​ខេត្តបន្ទាយមានជ័យ បានប្តេជ្ញាថា ​នឹងទប់ស្កាត់​អ្នកធ្វើសកម្មភាពប្រឆាំងថ្ងៃ៧មករាឲ្យបាន​ ដោយបញ្ជាក់ថា បើពលរដ្ឋឬ សមត្ថកិច្ចអាច អាចចាប់បាន​អ្នកណាមួយដែលសកម្មភាពដូចជា ការបាចខិតប័ណ្ណប្រឆាំងនោះ នឹងផ្តល់រង្វាន់៥០០ដុល្លារ។

ស្នងការ​ខេត្តបន្ទាយមានជ័យ បានប្តេជ្ញាថា ​នឹងទប់ស្កាត់​អ្នកធ្វើសកម្មភាពប្រឆាំងថ្ងៃ៧មករាឲ្យបាន​ ដោយបញ្ជាក់ថា បើពលរដ្ឋឬ សមត្ថកិច្ចអាច អាចចាប់បាន​អ្នកណាមួយដែលសកម្មភាពដូចជា ការបាចខិតប័ណ្ណប្រឆាំងនោះ នឹងផ្តល់រង្វាន់៥០០ដុល្លារ។

គេហទំព័ររបស់​អគ្គស្នងការដ្ឋាននគរបាលជាតិ បានដកស្រង់សម្តី ស្នងការ​នគរបាល​ខេត្តបន្ទាយ​មានជ័យ​ លោក អាត់ ខែម ចុះផ្សាយនៅថ្ងៃទី៣ ខែមករានេះថា នៅ​ឆ្នាំ​២០១៨​នេះ​ ត្រូវ​ទប់ស្កាត់​មិន​ឱ្យ​មាន​ជន​បង្ក​មក​បាច​ខិត្តប័ណ្ណ​ ​ប្រឆាំង​ថ្ងៃ​បុណ្យ​ជាតិ​ ៧​ មក​រា​ នោះ​ទៀត​ឡើយ។

ករណីនេះ​ លោក ខែម បានប្រាប់សមត្ថកិច្ច និងពលរដ្ឋ ដែលចាប់បានបុគ្គល​​ដើរ​បាច ​បោះ​ខិត្តប័ណ្ណ​ មាន​សរសេរ​ខ្លឹមសារ​ប្រឆាំង​ថ្ងៃ​បុណ្យ​ជាតិ​ ៧​ មក​រា​ នឹងទទួលបានរង្វាន់៥០០ដុល្លារ ។

លោកថ្លែងថា «​​ថ្ងៃ​កំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​រំដោះប្រទេស​ និង​ប្រជាជន​ចេញពី​របប​បដិវត្តន៍​​អា​វ​ខ្មៅ​ប៉ុ​ល​ពត​ ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ចន្លោះ​ឆ្នាំ​១៩៩៧៥​ ដល់​ថ្ងៃ​៧​ មក​រា​ ឆ្នាំ​១៩៧៩​ កាប់សម្លាប់​ប្រជាជន​អស់​ជាង​៣​លាន​នាក់ នៅ​ឆ្នាំ​នេះ​ត្រូវ​ទប់ស្កាត់​មិន​ឱ្យ​មាន​ជន​បង្ក​មក​បាច​ខិត្តប័ណ្ណ​ក្នុង​ខ្លឹម​សារ​ញុះញង់​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ដូច​ជា​ប្រឆាំង​ថ្ងៃ​បុណ្យ​ជាតិ​ ៧​ មក​រា​»​។​

គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថ្ងៃ៧មករាថា ជាថ្ងៃរំដោះពលរដ្ឋចេញពីរបបខ្មែរក្រហម។ ប៉ុន្តែក្រុមអ្នកប្រឆាំងចាត់ទុកថ្ងៃនោះថា ជាថ្ងៃដែលវៀតណាមឈ្លានពានកម្ពុជា។ កន្លងមកនៅតាមបណ្តាខេត្តមួយចំនួន​មានការធ្វើកម្មភាព​បាចខិតប័ណ្ណ ក្នុងន័យរិះគន់ថ្ងៃ៧មករា៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។