ចិនបង្ហាញការជឿជាក់ថាការបោះឆ្នោតនៅកម្ពុជានឹងមានតម្លាភាពត្រឹមត្រូវ​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមេដឹកនាំចិន លោក ស៊ី ជីពីង (រូបភាពពី AKP)

​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​មានបង្ហាញជំហរជឿជាក់ថា ការបោះឆ្នោតនៅកម្ពុជានៅពេលខាងមុខនេះ នឹងប្រព្រឹត្តទៅដោយយុត្តិធម៌សម្រាប់គ្រប់ភាគីទាំងអស់​ ខណៈសហភាព​អឺរ៉ុប និង​អាមេរិ​ផ្តាច់​ជំនួយដល់​ គ.ជ.ប ​ដោយ​ថាការ​បោះឆ្នោត​ខាងមុខ​​ពុំ​អាច​ទទួល​យក​បាន បន្ទាប់​ពី​មាន​ការ​រំ​លាយ​គណបក្សប្រឆាំង​ដែល​ធំ​ជាង​គេ​នៅ​កម្ពុជា។

ទី​ភ្នាក់​ងារ​សារព័តមាន​ Reuter បាន​ដកស្រង់សំ​ដី​​​របស់​អនុរដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​លោក គង់ យ័នយូ (Kong Xuanyou) ដែល​​បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា​ប្រទេស​នេះ​នៅ​តែ​គាំ​ទ្រ​ដល់​ប្រទេស​កម្ពុជា និង​ជឿថាការ​បោះឆ្នោត​នាពេល​ខាង​មុខគឺ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​​​ត្រឹម​ត្រូវ និង​យុត្តិ​ធម៌​សម្រាប់​គ្រប់​ភាគី​ទាំង​អស់។

Reuter បាន​ដក​ស្រង់​សំដី​លោកថ្លែង​ថា៖ « ប្រទេសចិនគោរព​ និង​គាំទ្រការ​អភិវឌ្ឍទាំង​អស់​ដែល​ជ្រើស​រើសដោយ​ប្រជា​ជន​កម្ពុជា និង​ជឿ​ជាក់​ថា ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នៅ​កម្ពុជា​អាចឆ្លុះ​បញ្ជាំង​ពី​ភាព​យុត្តិ​ធម៌ស្នើ​គ្នា​ទាំង​អស់​សម្រាប់​គ្រប់​ភាគី និង​អាចជ្រើសរើសបក្ស​ និង​អ្នក​ដឹក​នាំ​តា​មម​ការ​ពេញចិត្ត​របស់​ប្រជា​ជន​កម្ពុជា »។

បើ​ទោះ​បី​ជា​ប្រទេស​ចិន​បាន​គាំទ្រដល់​ដំណើរ​ការ​បោះឆ្នោតនៅ​កម្ពុជា​ក៏​ដោយ សហភាព​អឺរ៉ុប និងសហរដ្ឋ​អាមេរិក​កាលពី​ចុង​ឆ្នាំ​២០១៧ បា​ន​ប្រកាស​ឈប់បន្ត​ផ្តល់​ជំនួយ​ដល់​ស្ថាប័នរៀបចំ​​បោះឆ្នោត​នៅ​កម្ពុជា និង​ថា​ការ​បោះឆ្នោត​ខាង​មុខ​មិន​អាចទទួល​យក​បាន​ទេដោយ​សារអវត្តមាន​​​បក្សប្រឆាំង​។

​គួ​ររលឹក​ផង​ដែរ​ថា តុលាការ​កំពូល សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​​កន្លង​មក ហើយ​ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ថែម​ទៀត។ ខណៈ​ដែល​មេដឹកនាំ​បក្ស​នេះគឺ​​​លោក កឹម សុខា បន្ត​ស្ថិត​នៅ​ក្រោម​ការ​​ឃុំ​ខ្លួន​ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ» នោះ អាសនៈ​សភា​ចំនួន ៥៥​របស់​បក្ស​ប្រឆាំង ក៏​ត្រូវ​បាន​ គ.ជ.ប. សម្រេច​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង ដែល​មិន​ត្រូវ​បាន​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ។

ទោះ​ជា​យ៉ាង​ណា​ គ.ជ.ប នៅ​តែ​ប្រកាស​ពី​ការ​ទទួល​យក​ជំនួយ​នានា​ពី​ប្រទេស​ផ្សេង​ទៀត ដោយ​ថាការ​ផ្តល់​ជំនួយ​ពី​ប្រទេស​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​ត្រឹម​ត្រូវគ្រប់​បក្ស​ទាំង​អស់។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជាហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក យឿង សុធារ៉ា មាន​ប្រសាសន៍​​ថា​ ​គណបក្សប្រឆាំង​នាំ​មុខ​គេ​នៅ​កម្ពុជាត្រូវ​បាន​បំផ្លាញ​ចោល​នោះ លោកយល់​ថា​​ការ​បោះឆ្នោត​ខាង​មុខមិនអាច​បំពេញ​លក្ខខណ្ឌ​នៃ​គោល​ការ​សេរី និង​យុត្តិ​ធម៌​នៃ​ការ​បោះឆ្នោត​នោះ​ទេ ​។

លោក​ថា៖ « ហ្នឹង​វា​លែ​ង​សេរី វាអត់​ស៊ី​សង្វាក់​គ្នា​នឹង​គោល​ការណ៍​សេរី​នោះ​ទេ អញ្ចឹងពិន្ទុ​សម្រាប់​វាយ​តម្លៃ​ជា​សុចនករយក​មក​ឆ្លុះបញ្ចាំង​យក​មក​វាយតម្លៃ​វាខ្វះ​ខាតណាស់ បាន​ន័យ​ថា​គោល​ការណ៍​នៃ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នោះ​គឺ​វាខ្វះ​ខាត​អត់​ពេញ​លេញ អញ្ចឹងដោយ​សារ​តែ​គ្រប់​ភាគី​គ្រប់​គណបក្ស​ទាំង​អស់មិនបាន​ចូល​រួម​នឹង​មាន​អត្ថន័យ​ក្នុង​ការ​ប្រកួត​ប្រជែង » ។

បើ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជានៅ​តែ​ប្រកាស​ពីភាព​ត្រឹម​ត្រូវនៃ​ការ​បោះឆ្នោត​ដដែល​បើ​ទោះ​បី​ជា​​គ្មាន​គណបក្សសង្គ្រោះ​ជាតិ​ចូល​រួម​នោះ។

លោក​ ហ៊ុន សែន ធ្លាប់​លើក​ឡើង​កាលពី​ថ្ងៃ​ទី ២២ វិច្ឆិកា ឆ្នាំ​២០១៧​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​តែ​ប្រព្រឹត្តិ​ទៅ​តាម​ការ​កំណត់​ដូច​ធម្មតា ហើយ​ថាទោះ​​ប្រទេស​ណាទទួល​ស្គាល់​ឬ​មិន​ទទួល​ស្គាល់​ក៏​មិន​សំខាន់​ដែរ។

លោក​ថា៖ «សភាបោះឆ្នោតពេញតើ! មានទៅខុសអី! អ្នកឯងចង់ព្រាត់ប្រាស់ទៅណាព្រាត់ប្រាស់ទៅ! គេបោះ​ឆ្នោត​នៅតែ​បោះ​ឆ្នោត។ ២៥ខែកុម្ភៈ បោះឆ្នោតព្រឹទ្ធិសភា ២៩កក្កដាបោះឆ្នោតរដ្ឋសភា។ ទោះបី ប្រទេសណាមកសង្កេតការណ៍ អត់​សង្កេត​ការណ៍ វាអត់ទាំងមានតម្រូវការទេ។ មិនមែនទាល់តែអ្នកឯងមកសង្កេតការណ៍ បានបោះឆ្នោតស្របច្បាប់ឯណា! ហើយ​នៅរដ្ឋធម្មនុញ្ញកម្ពុជាឬនៅលើពិភពលោក អត់មានតម្រូវទៅស៊ីញ៉េពីប្រធានធិបតីប្រទេសផ្សេង ទើបស្របច្បាប់ទេ ហើយក៏អ​ត់មានតម្រូវការទៅស៊ីញ៉េពីអគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្របច្បាប់ដែរ»។

កម្ពុជា នឹងរៀបចំការបោះឆ្នោត​ព្រឹទ្ធសភា នៅក្នុងខែកុម្ភៈ និងបោះឆ្នោត​ជ្រើសតាំងតំណាងតំណាងរាស្ត្រនៅខែកក្កដាឆ្នាំនេះ។​

​គួរ​រំលឹក​ផង​ដែរថាបន្ទាប់​ពី​​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​មាន​អ្នកគាំ​ទ្រ​ជិត​ពាក់​កណ្តាល​ប្រទេស​ត្រូវ​បាន​តុលាការ​កំពូល​ រំលាយ​ចោល​​នោះសហគមន៍​អន្តរជាតិ​ជា​ពិសេស​លោកសេរី​ដែល​នាំ​មុខ​ដោយសហ​រដ្ឋ​​អាមេរិក​បាន​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់ ដោយ​ថារបប​ដឹក​នាំ​កម្ពុជា​កំពុង​ដឹក​ឆ្ពោះ​ទៅ​រក​របបផ្តាច់​ការ ដោយ​ជំរុញឲ្យ​ងាយ​មក​រកលិទ្ធិ​ប្រជា​ធិប​តេយ្យ​​ឡើង​វិញ តែ​ស្រប​ពេល​ជា​មូយ​​នឹង​ការ​ថ្កោល​នេះមាន​តែ​ប្រទេសចិនកុម្មុនីស្ត​​មួយ​ប៉ុណ្ណោះ​ដែល​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ