កម្មករនៅភ្នំពេញរាប់រយនាក់បន្តតវ់ាបន្ទាប់ពីថៅកែរត់ចោលអត់បើកប្រាក់ឈ្នួលឲ្យ

កម្មកររាប់រយនាក់នៅរោងចក្រមួយក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញត្រូវថៅកែរត់ចោល ដោយមិនបើកប្រាក់ឈ្មួល និងប្រាក់អត្ថប្រយោជន៍ជូនពួកគេ។

តំណាងកម្មករលោក អន សុឡី ប្រាប់វីអូឌីនៅថ្ងៃទី៥មករានេះថា កម្មកររោងចក្រជាង១០០នាក់របស់រោងចក្រ Benoh Apparel ស្ថិតក្នុងខណ្ឌមានជ័យបានផ្ទុះការតវ់ាជិត១សប្តាហ៍ហើយ បន្ទាប់ពីដឹងថាថៅកែបិទរោងចក្រមិនបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។

លោកឲ្យដឹងថា​ ថៅរោងចក្របានព្យួការងារកម្មកររយៈពេលពីរខែ ហើយថា ខណៈពេលកម្មករសម្រាកអត់ធ្វើការងារថៅកែបាន លួចដឹកសម្ភារជិតអស់ពីក្រុមហ៊ុនរត់ចោលកម្មករ។

លោកបន្ថែមថា «ដើមឡើយយើងឃើញថៅកែហ្នឹងដឹកម៉ាស៊ីនចេញខ្លះទុកខ្លះ ពេលដឹកចេញហើយគេឲ្យព្យួរការងាររយៈពេលពីរខែពេលព្យួរពីរខែហ្នឹងគេចាប់ផ្តើមដឹកអីវ៉ានអស់ពេលយើងមិននៅហ្នឹង។ សម្រប់ពួកខ្ញុំទាមទារយកប្រាក់ជារបស់កម្មករហ្នឹងដោយទាមទារឲ្យថៅកែហ្នឹងចេញមុនមកដោះស្រាយ»។

កម្មករម្នាក់លោក កា សារ៉ង ដែលអះអាងថា ធ្វើនៅរោងចក្រនោះរយៈពេល៦ឆ្នាំហើយនោះបានឲ្យដឹងថា រយៈពេលក្រុមកម្មករតវ៉ារយៈពេល១សប្តាហ៍នេះ គឺមិនបានលទ្ធផលអ្វីនោះទេ ដោយក្រសួងការងារប្រាប់ឲ្យកម្មករប្តឹងករណីនេះតុលាការដើម្បីលក់ សម្ភារដែលសេសសល់ចែកគ្នា ដោយថា ករណីនេះក្រសួងមិនអាចដោះស្រាយបានឡើយព្រោះថៅកែរត់ចោលហើយ។

លោកបន្តថា កម្មករមិនព្រមប្តឹងទៅតុលាការនោះទេ ដោយថា សម្ភារដែលសេសសល់នៅក្នុងក្រុមហ៊ុននោះលក់ទៅទូទាត់ឲ្យ បានតិចតួចប៉ុណ្ណោះ គឺពួកគេទាមឲ្យរដ្ឋាភិបាលស្រាវជ្រាវចាប់ថៅកែរោងចក្រមកដោះស្រាយតាមច្បាប់។

លោកបន្ថែមថា «ក្រសួងការងារទៅដោះស្រាយជាច្រើនដងហើយ ដោយគាត់នៅតែនិយាយថា ពិធីមានតែម្យ៉ាង គឺឲ្យលក់ទ្រព្យសម្បត្តិរបស់រោងចក្រចែកគ្នា ហើយថា បើយើងមិនព្រមធ្វើអញ្ចឹងទេ គាត់ឲ្យយើងប្តឹងទៅតុលាការ ប៉ុន្តែពួកយើងមិនចង់រង់ចាំ នីតិវិធីដោះស្រាយរបស់តុលាការព្រោះវាយូរ និយាយទៅគាត់និយាយចេញមកលក្ខណៈដូចជាកាន់ជើងតែខាងរោងចក្រចឹងដូច មិនជួយរកដំណោះស្រាយអីឲ្យល្អឲ្យកម្មករយើងទេ»។

វិអូឌីមិនអាចសុំតំណាងក្រសួងការងារដើម្បីឆ្លើយបញ្ជាក់ជុំវិញវិវាទនេះបានទេ ប៉ុន្តែបើតាមអគ្គលេខាធិការរងនៃគណៈកម្មាធិការ ទទួលបន្ទុកដោះស្រាយកូដកម្មនិងបាតុកម្ម លោក វង្ស សុវណ្ណ ប្រាប់ការសែតភ្នំពេញប៉ុសិ៍កាលពីម្សិលម៉ិញថា ករណីថៅកែបិទទ្វាររត់ចោលកម្មករនោះគឺខុសច្បាប់ ហើយថា កម្មករអាចដាក់ពាក់បណ្តឹងទៅតុលាការដើម្បីសុំបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនបាន។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ធ្លាប់មានប្រសាសន៍ថា កន្លងមកមានរោងចក្រច្រើនណាស់បានបិទទ្វាររត់ចោលកម្មករ ដោយមិនបានដោះស្រាយប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ដែលបញ្ហានេះកើតឡើង ដោយសារតែភាពកំសោយរបស់អាជ្ញាធរក្នុងការដោះស្រាយ។

លោក ប៉ាវ ស៊ីណា អះអាងថា បើតាមច្បាប់រាល់ក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជា ត្រូវតម្កល់ប្រាក់នៅធនាគារជាតិដើម្បីបញ្ជាក់ភាពច្បាស់លាស់ក្នុងការវិនិយោគ និងសម្រាប់បើកជូនកម្មករពេលក្រុមហ៊ុនរត់ចោលឬបិទទ្វារ។ ប៉ុន្តែលោកថាកន្លងមកដោយសារតែការអនុវត្តច្បាប់មិនបានល្អធ្វើឲ្យកម្មកររងទុកលំបាកបែបនេះ។

តំណាងកម្មករឲ្យដឹងថា រោងចក្រ Benoh Apparel មានកម្មករសរុបប្រមាណជាង៥០០នាក់ ហើយម្នាក់ៗធ្វើការនៅរោងចក្រនេះចន្លោះពី៥ទៅ១០ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ