នគរបាលថា ​ឃាត់ម៉ូតូល្មើសច្បាប់ជាង​១៤០០​គ្រឿង​​រយៈពេលពីរ​ថ្ងៃ​ចុង​សប្ដាហ៍​មុន

ការផាកពិន័យចរាចរណ៍នាពេលកន្លងមក (មាស មុនី)

ម​ន្ត្រីចរាចរណ៍បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ម៉ូតូ​ ១៤៣២គ្រឿង ពាក់ព័ន្ធនឹង​បទ​ល្មើ​ស​​ចរាចរណ៍​នៅ​ក្នុង​​រាជធានីភ្នំពេញ​​ ក្នុង​រយៈពេលពីរថ្ងៃកន្លងទៅនេះ​ បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ពង្រឹង​សណ្ដាប់​ធ្នាប់​ និង​សុវត្ថិភាព​ចរាចរណ៍​ឡើង​វិញ។

លោក​ ហ៊ុន សែន បាន​ព្រមាន​ដក​តំណែង​អភិបាល​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុធ កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មករា ដោយ​លោក​ថា ប្រសិន​បើ​អភិបាល​ខណ្ឌ​រូប​នេះ នៅ​តែ​មិន​រៀបចំ​សណ្ដាប់​ធ្នាប់​ចរាចរណ៍​នៅ​ម្ដុំ​គេហដ្ឋាន​របស់​លោក​ជិត​វិមាន​ឯករាជ្យ​ឡើង​វិញទេ​នោះ។

មួយ​ថ្ងៃ​បន្ទាប់​មក លោក ហ៊ុន សែន ក៏​បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ខណៈ​តួលេខ​​​​អ្នកស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​កើនឡើងជារៀងរាល់ឆ្នាំ។

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ លោក ចេវ ហាក់ បាន​ប្រាប់វីអូឌី​នៅថ្ងៃទី​នេះ​ថា សមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់ចរាចរណ៍បាន​ចំនួនពីរថ្ងៃ​មក​ហើយ ចាប់ពីថ្ងៃទី៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ២០១៨​នេះ ដោយ​ឃាត់​បានម៉ូតូ​ចំនួន ​១៤៣២គ្រឿង។ លោក​បញ្ជាក់​ថា យាន​ជំនិះ​ទាំងនោះ ត្រូវ​បាន​ចាប់​ឃាត់ ពាក់​ព័ន្ធ​ទៅ​នឹង​បទល្មើសបើក​បរ​បញ្ច្រាស​ទិស​ មិន​មាន​មួក​សុវត្ថិ​ភាព និងម៉ូតូអត់មានស្លាកលេខ​ជាដើម​។

មន្ត្រី​នគរបាល​រូប​នេះ បានពន្យល់ថា យាន​ជំនិះ​ទាំង​នោះ ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​​នានា នៅ​ក្នុង​រាជ​​ធានី​ភ្នំពេញ​យ៉ាង​យូរ ៣​ថ្ងៃ ដោយ​លោក​ថា ដើម្បី​តម្រូវ​ឲ្យ​ម្ចាស់​យាន​ជំនិះ​ទាំង​នោះ ចូល​ទៅ​បង់​ប្រាក់​ពិន័យ និង​ទិញ​មួក កញ្ចក់ ឬ​ធ្វើ​ស្លាក​លេខ មុន​ត្រូវ​បាន​ប្រគល់​ត្រឡប់​ទៅ​វិញ។

ជាង​នេះ​ទៅ​ទៀត លោក ចេវ ហាក់ ប្រាប់​ថា បើផុត​រយៈ​ពេល ៣ថ្ងៃ​ហើយ ប៉ុន្តែ ម្ចាស់​​យាន​ជំនិះ​មិន​ចូល​ទៅ​​បង់​ប្រាក់​ផាក​ពិន័យ​ទេ សមត្ថកិច្ចនឹងបញ្ជូនទៅស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បី​​​​​ទុក​រយៈ​ពេល​ ១ខែ ឲ្យម្ចាស់ម៉ូតូចូលដោះស្រាយតាមច្បាប់​​។

លោកបញ្ជាក់ថា បើករណីមត្ថកិច្ចធ្វើឲ្យខូច ឬបាត់បង់គ្រឿងបន្លាស់ម៉ូតូ ម្ចាស់ម៉ូតូ​អាចប្តឹងទៅស្ថាប័ន​ពាក់ព័ន្ធ ដើម្បីឲ្យជួយដោះស្រាយ​តាមច្បាប់​។

លោកប្រាប់​ថា៖ «រាល់ការផាកពិន័យទំាងអស់​ សុំឲ្យទារបង្កាន់ដៃពីសមត្ថកិច្ច​ ហើយក្នុង​​ច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវគោក គឺផាក ១៥០០០រៀលអត់មួក បើកបរ​បញ្ច្រាស ២៥០០០រៀល។ គាត់​អាច​កាន់​បង្កាន់​​ដៃ បើសិន​ជាសមត្ថកិច្ចផាក​ខុសពីគោលការច្បាប់​កំណត់​ គាត់អាចប្តឹងទៅសាមី​អង្គ​ភាព​រយៈ​ពេល ​១៥ថ្ងៃ ដែលសា​មីអង្គភាពត្រូវ​ដោះស្រាយ​បញ្ហា​នេះ​។ បើរយៈពេល ១៥ថ្ងៃ គាត់ដោះអត់បាន គឺគាត់​អាចប្តឹ​ង​ទៅ​តុលាការ​ទៀត​»។

របាយការណ៍សាលារាជធានីភ្នំពេញឲ្យដឹងថា នៅភ្នំពេញ ចំនួន​រថយន្ត និងម៉ូតូ មានប្រមាណជាង ៣​លាន ២សែន​​គ្រឿង បូក​រួម​ទាំង​តាក់ស៊ី និង​ត្រីចក្រយាន ​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវជា​រៀង​រាល់​ថ្ងៃ ស្របពេល​បញ្ហា​​​​គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ បានក្លាយជា​​បញ្ហា​ពិបាក​ដោះ​ស្រាយ​។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើក​ឡើង​ថា លោក​ពុំ​មានជំនឿលើការអនុវត្ត​ច្បាប់​​របស់មន្ត្រីថ្នាក់ក្រោម​ទេ ដោយថា ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន​ មន្ត្រីទំាង​នោះ​អនុវត្ត​​ច្បា​ប់​​មានភាពលម្អៀងរវាងអ្នក​មាន និងអ្នកក្រី។

ប៉ុន្តែលោកផ្តល់ជាអនុសាសន៍ថា ដើម្បី​អនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវ​បង្កើតក្រុមការងារ​តាមដាន និង​ពិនិត្យមើលកាមេរ៉ានៅតាមភ្លើងស្តុប ដោយថា បើរកឃើញអ្នកបើកបរមិនគោរពច្បាប់ ត្រូវ​អនុវ​ត្ត​ឲ្យតឹងរឹង ដោយមិនប្រកាន់បក្សពួក ទើបទទួលបានផលវិជ្ជមាន​​។

លោក​​ប្រាប់ថា៖ «យន្តការមួយដែលបើកកំាមេរ៉ាតាមភ្លើងស្តុបមើល​ថា តើរថយន្តប្រភេទណា ឬក៏ម៉ូតូណាដែល​បើករំលោភច្បាប់ចរាចរណ៍ បើសិនជារកឃើញ​ ខ្ញុំថា​បើសិនជានៅក្នុងនោះមានរថយន្ត ខ.ម. ឬ ន.ប. ឬស្លាកលេខរដ្ឋ ដែលរកឃើញថាបានរំលោភច្បាប់ចរាចរណ៍ដែរ ខ្ញុំគិតថា គួរតែចាត់ការក្រុ​ម ហ្នឹងមុនគេ​ ដើម្បីឲ្យក្រុ​មហ្នឹង​ដើរតួនាទី​ផ្តល់ភាពជាគំរូដល់អ្នកដទៃ សព្វថ្ងៃនេះគ្រប់រឿង អ្នកតូច​ចំាតែ​មើល​អ្នកធំទេ បើអ្នកធំ​ត្រង់[គោរពច្បាប់​] មានភាពជាគំរូ ខ្ញុំគិតថា​​អ្នកតូចនិងរៀនសូត្រតាម​»។

របាយការណ៍​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១៧៨០​នាក់ បាន​ស្លាប់ ហើយ​មនុស្ស ៥៥៣៩​នាក់ បាន​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក ដោយ​តួលេខ​អ្នក​ស្លាប់​កើន​ឡើង ៦៣​នាក់​បន្ថែម​ទៀត​ បើ​ទោះបី​ជា​ចំនួន​អ្នក​រង​របួស​ថយ​ចុះ​ក៏​ដោយ បើ​ធៀប​ទៅ​នឹង​តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៦​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ