វិភាគ៖ តើនរណាជាអ្នកទទួលផលពីជម្លោះផ្ទៃក្នុងរបស់កម្ពុជា?

លោក សម រង្ស៊ី (ស្តាំ) កឹម សុខា និងលោក ហ៊ុន សែន

ការសម្រេចចិត្តផ្នែកនយោបាយ បានក្តោបទៅជាមួយកត្តាសេដ្ឋកិច្ច និងជីវភាពរស់នៅរប​ស់​​​​ប្រជាព​លរដ្ឋជា​កោ​សិ​កាសង្គម ​ប៉ុន្តែ ​បើ​កា​រសម្រេចចិត្តផ្នែកនយោបាយខុស ​វានឹងជំរុញឲ្យប្រទេសជាតិ ជួបគ្រោះមហន្តរាយ។

ការសម្រេចចិត្តផ្នែកនយោបាយ បានក្តោបទៅជាមួយកត្តាសេដ្ឋកិច្ច និងជីវភាពរស់នៅរប​ស់​​​​ប្រជាព​លរដ្ឋជា​កោ​សិ​កាសង្គម ​ប៉ុន្តែ ​បើ​កា​រសម្រេចចិត្តផ្នែកនយោបាយខុស ​វានឹងជំរុញឲ្យប្រទេសជាតិ ជួបគ្រោះមហន្តរាយ។

របត់ន​​យោបាយនៅពេលនេះ ត្រូវបានអ្នកតាមដានព្យាករថា កំពុងឈានទៅរកការបែកបាក់ជាតិ ដោយ​ពួកគេថា ដោ​យ​សារតែ ​ចំណាត់ការរបស់រដ្ឋាភិបាល បង្កការគំរាមកំហែងសក​​ម្មភា​​ពអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ប្រព័ន្ធផ្ស​ព្វផ្សា​យ​ឯ​ក​​រា​ជ្យ​មួយចំនួន ការបន្តឃុំខ្លួន​លោក​ កឹម សុខា និងការរំលាយគណបក្សប្រឆាំង ដែលមាន​អ្នកគាំទ្រជិតពា​ក់កណ្តាលប្រ​ទេស​ជាដើម។

ប៉ុន្តែ ​​នាយករដ្ឋមន្ត្រីកម្ពុជា និងជាមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ក្នុងពិធីរំឭកខួប ៣៩ឆ្នាំនៃថ្ងៃជ័យជម្នះ ៧ មករា បា​​​​​ន​​​ថ្លែងថា ចំណាត់ការកន្លងទៅ ជាការជោគជ័យ​របស់បក្សកាន់អំណាច ដែលលោកថា បានរំលាយអង្គ​ការចា​ត់តាំ​ងប​ដិ​វត្តន៍​​ពណ៌​ និងហាក់ឆ្លើយតបទៅនឹងសម្ពាធពីខាងក្រៅថា គ្មានបរទេសណាអាចមករារាំងដល់ការកំណត់ទិសដៅកម្ពុជា​បា​ន​​ទេ​។

បើទោះជា លោក ហ៊ុន សែន ថ្លែងមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែ ជាង ៤ខែមកនេះ គេសង្កេតឃើញ ទំនាក់ទំនងការទូតរវា​ង​កម្ពុ​ជា និងប្រទេសលោកសេរី មានសហរដ្ឋអាមេរិក និងសភាពអឺរ៉ុប បានឡើងកម្តៅឥតឈប់ ក្រោយពី​ប្រទេសទាំ​ង​នោះ គំរា​ម​ដា​ក់​​ទ​ណ្ឌកម្មសេដ្ឋកិច្ច ដោយថា បើបក្សកាន់អំណាច របស់កម្ពុជា មិនដោះលែង លោក​ កឹម ​សុខា និងបើកផ្លូវឲ្យ​គណបក្សស​ង្គ្រោះ​​​​​​​​​​ជា​​តិដែលបានរំលាយទៅហើយនោះ អាចចូលរួមប្រកួតការបោះ​ឆ្នោតជ្រើសតាំងតំណាង​រាស្ត្រនៅថ្ងៃ​ទី២៩ ខែ​កក្កដា​​ឆ្នាំ​២០១៨​នេះ​បាន​នោះ​។

ប៉ុន្តែ លោក ហ៊ុន សែន ធ្លាប់ផ្ញើសារជាមួយ​សម្តីធ្ងន់ៗតបទៅការដាក់សម្ពាធនេះវិញថា «ខ្មោចដែលស្លាប់ទៅហើយ កុំសង្ឃឹ​​​​ថារស់វិញឲ្យសោះ»។

សំនួរសួរថា តើនរណាជាអ្នកទទួលផលពីជម្លោះនយោបាយនៅកម្ពុជា ?

នាយកប្រតិបត្តមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា និយាយថា ទំនិញនាំ​ចេញ​របស់កម្ពុជា​ក្នុង​វិ​​​​ស័​​​​យកាត់ដេរ និងកសិកម្ម​ជាង ៧០ភាគរយ ទៅលក់នៅ​សហរដ្ឋអាមេរិក និងសហ​ភាពអឺរ៉ុបតា​មរយៈ​ប្រព័ន្ធអនុ​គ្រោះ​​ពន្ធ​។ ​​លោ​​ក ទំហំពាណិជ្ជកម្មនេះ បានបង្កើនសេដ្ឋកិច្ចជាតិ និង​បង្កើតទីផ្សា​រការងារនៅក្នុងស្រុក​​ដល់កម្មករជិត​ ១លាន​នាក់​ផង​ដែរ។

លោក មឿន តុលា វិភាគថា បើបក្សកាន់អំណាច​ប្រកាន់ជំហរតឹង​រឹង មិន​ស្វែងរកដំណោះស្រាយនយោបាយ​តាមការជំរុញ​យន្តការប្រ​ជា​ធិ​​ប​តេយ្យ​របស់ប្រទេសលោកសេរីទេ លោកថា កម្មករ​រាប់ម៉ឺននាក់នឹងប្រឈមនឹងអត់ការងារធ្វើ​ ពីការបាត់​បង់ទីផ្សារ​នៅអា​មេរិក​​ និងអឺរ៉ុបនេះដោយប្រយោល។

លោកថា៖ «បញ្ហារបស់យើង គឺបញ្ហាសេដ្ឋកិច្ចនឹងធ្លាក់ចុះ។ កាលណាសេដ្ឋកិច្ចធ្លាក់ចុះ មានផលប៉ះពាល់ដល់ការងាររបស់ពលរដ្ឋយើងជាង ១លាននាក់ និងអាចប៉ះពាល់ដល់ប្រាក់ខែមន្ត្រីរាជការអីទៀត។ អាហ្នឹង គឺជាចំណុចមួយដែលមេដឹកនាំយើងគួរតែគិត ជាពិសេសបើយើងប្រយោជន៍ជាតិជាធំ កុំយកប្រយោជន៍បក្ស ក្រុមគ្រួសារជាធំ ដាក់ប្រយោជន៍ជាតិជាធំវិញ គួរតែពិចារណាដោះស្រាយហ្នឹង ព្រោះឥឡូវហ្នឹង វាអត់ទាន់ហួសពេលទេ គេអត់ទាន់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅឡើយទេ»

ប៉ុន្តែ លោក មឿន តុលា វិភាគថា សហគមន៍អន្តរជាតិ​ទំនងជាមិនបណ្តោយឲ្យអ្នកនយោបាយមួយក្រុម ធ្វើព្យុះភ្លៀងនោះទេ ដោ​យ​ថា ជាង ២៥ឆ្នាំមកនេះ ពួកគេបានចំណាយលុយច្រើនលានដុល្លារ ជំរុញយន្តការប្រជាធិបតេយ្យនៅកម្ពុជា តាមររយៈ​កិច្ច​​​ព្រម​ព្រៀ​​​​​ង​សន្តិ​ភាពទីក្រុងប៉ារីស និងកិច្ចព្រមព្រៀងនានាស្តីពីសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ។

លោកថា៖ «ខ្ញុំជឿថា មូលនិធិដែលគេជួយមករដ្ឋាភិបាលក្នុងការកសាងប្រព័ន្ធបោះឆ្នោត កសាងប្រព័ន្ធប្រជាធិបតេយ្យ អភិវឌ្ឍន៍​ភូមិឃុំអីហ្នឹង។ អញ្ចឹង គេចំណាយលុយរាប់លានរាប់កោដិដុល្លារ ហើយរាប់ឆ្នាំមកហើយ ហើយខ្ញុំជឿថា ប្រទេសទាំងហ្នឹង គេនឹងច្បាស់ជាមិនបណ្តោយឲ្យរដ្ឋាភិបាលកម្ពុជាបំផ្លាញឫសគល់ប្រជាធិបតេយ្យតែមួយថ្ងៃពីរថ្ងៃហ្នឹងទេ»

របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ហៅ​កាត់​ថា ILO កាល​ពី​ខែ​​មករា​ដើម​ឆ្នាំ​នេះ បាន​បង្ហាញ​ថា​ វិស័យ​​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង បាន​ចូល​រួម​ចំណែក​ដល់​ទៅ ១១​ភាគរយ ទៅ​ក្នុង​ទំហំ​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល។

ផលិត​ផល​សម្លៀក​បំពាក់ និង​ស្បែក​ជើង មាន​ទំហំ​ដល់​ទៅ ៨០​ភាគរយ​នៃ​ទំនិញ​កម្ពុជា​ទាំង​មូល ដែល​ត្រូវ​បាន​នាំ​ចេញទៅ​ទីផ្សារ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

ជាង​នេះ​ទៅ​ទៀត សហភាព​អឺរ៉ុប គឺ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​កម្ពុជា ពោល​គឺ​ស្មើ​នឹង ៤៣​ភាគរយ​ ខណៈ​ដែល​ស​ហ​រដ្ឋ​​អា​មេរិក​ឈរ​នៅ​លំដាប់​ទី​២ ឬ​ស្មើ​នឹង ២៩​ភាគរយ នៃ​ទីផ្សារ​​ផលិត​ផល​កាត់​ដេរ​​របស់​កម្ពុជា​ទាំង​មូល។

នាយ​​កប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ប្រាប់ថា បើអ្នកនយោបាយ​ខ្មែ​រនៅ​​តែឈ្លោះគ្នា ដើម្បីតែការពារអំណាចរបស់បក្ខពួកតែរៀងៗខ្លួន ហើយភ្លេចគិតពីប្រយោ​ជន៍ជាតិតា​មរយៈនៃ​ការជំរុ​ញរបស់​ម្ចាស់​​ជំ​នួយ លោកវិភាគ​ថា ផលលំបាកនឹងធ្លាក់ទៅលើប្រជាពលរដ្ឋា ចំណែកផលចំណេ​ញបានទៅលើ​ប្រទេសជិតខាង។

លោកថា៖ «អ្នកដែលខាតបង់ គឺកម្ពុជាយើង ព្រោះយើងកំពុងតែស្ថិតនៅក្នុងឱកាសពង្រឹងសេដ្ឋកិច្ចរបស់យើង ជាពិសេសពេដែយើងហក់ចូលទៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុបបានយ៉ាងទូលំទូលាយ។ ប៉ុន្តែ ប្រសិនជាទីផ្សារទាំងអស់នោះ វាមានផលប៉ះពា​​ល់ អញ្ចឹង ជាធម្មតាម ទេប្រទេសទាំងអស់ហ្នឹង គេត្រូវតែរកដៃគូផ្សេងទៀតហើយ អាចទៅប្រទេសជិតខាង»

បើទោះបីជាប្រទេសលោកសេរី មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ​គំរាមដាក់ទណ្ឌកម្មលើ​រដ្ឋា​ភិបា​​លកម្ពុ​ជាក៏​ដោយ ប៉ុន្តែមហាអំណាចកុម្មុយនីស្តិចិន បានប្រកាសគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល។

ប៉ុន្តែ អ្នកវិភាគនយោបាយ  និងជាអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍​សង្គម លោកបណ្ឌិត មាស នី វិភាគថា បើទោះបី​បក្សកាន់អំណាច​មានមហាអំណាចចិន​នៅ​ពីក្រោយក៏ដោយ ប៉ុន្តែ លោកថា ដង្ហើមសេដ្ឋកិច្ចពេលនេះ រដ្ឋាភិបាលមិនហក់ទៅឱបចិន ហើយដោះដៃពី​លោកសេ​រីបាននៅឡើ​យទេ។

លោកថា៖ «ចិនជាអ្នកវិនិយោគ ប៉ុន្តែ អ្នកដែលទិញមិនមែនចិនទេ។ ចិនមិនមែនមកផលិតនៅស្រុកខ្មែរ ហើយដឹកយកទៅលក់​នៅស្រុកចិនទេ។ គេដឹកទៅលក់នៅប្រទេសអ្នកមានដទៃទៀត ដូចជា នៅបច្ចិមប្រទេស[ប្រទេសសេរី] យើងឃើញថា ខ្មែរយើងគ្រាន់តែវិស័យកាត់ដេរមួយ យើងរកចំណូលពន្ធបានចង់ ៦០០ ទៅ ៧០០លានដុល្លារក្នុង១ឆ្នាំ។ អញ្ចឹង បើសិនជាមានការរអាក់រអួល ឬដាក់ទណ្ឌកម្មស្អីមួយនោះ យើងត្រូវខាតហើយ ខាត ១ឆ្នាំជិត ១ពាន់​លានដុល្លាររៀងរាល់ឆ្នាំ ហើយដើម្បីសង្គ្រោះវិបត្តិថវិកាហ្នឹងបាន មានតែបង្កើនការហូតពន្ធនៅក្នុងស្រុក កាលណាយើងហូតពន្ធនៅក្នុងស្រុកច្រើន វា​​ប៉ះ​​អារម្មណ៍​ពលរដ្ឋហើយ»

របាយការណ៍ក្រសួងពាណិជ្ជកម្ម ចេញផ្សាយអំឡុងខែធ្នូឆ្នាំមុន​ បង្ហាញថា នៅ​ឆ្នាំ​​២០១៦​ កម្ពុជា​ចំណេញថវិកា​ជិត ៧០០លា​នដុ​ល្លារ​​​​ពីប្រ​ព័ន្ធអ​នុគ្រោះ​​ពន្ធ​សម្រាប់ទំ​និញកម្ពុ​ជា​នាំចូ​ល​​​​ទៅ​​​ទី​​ផ្សា​រអឺរ៉ុប។

របាយកា​រណ៍ដដែលបង្ហាញទៀតថា ​ ទំហំ​នៃ​​ការ​នាំ​ចេញ​​​​តាម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម នៅឆ្នាំ២០១៧ បាន​កើន​ឡើង​ពី​តម្លៃ​​ជាង​ ៨​ពាន់ លាន​ដុល្លារ​​នៅ​ឆ្នាំ​២០១៦ ដល់​ជាង ៩​ពាន់​លាន​ដុល្លារ​នៅ​​​ឆ្នាំ​​២០១៧​ ​ជាមួយ​​សន្ទុះ​កំណើន​​ជាង ១៩​​ភាគរយ។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា ពន្យល់ថា បើអ្នកនយោបាយខ្មែរ​ប្រកួតគ្នា​យកស្លាប់រស់ ដូចពីអតីតកាល លោក​ថា ប្រទេ​​សជាតិនឹងជួបគ្រោះមហត្តរាយ ហើយថា អ្នកចំណេញពីជម្លោះផ្ទៃក្នុង​របស់កម្ពុជា គឺប្រទេ​សជិតខាង ដែលលោកថា តាម​​ប្រវត្តិសាសន៍ ពេលខ្មែរឈ្លោះគ្នា ប្រទេសថៃ និងវៀតណាម បានចំណេញទាំងសេដ្ឋកិច្ច ចំណេញ​ទាំងរំកិលព្រំដែន៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។