តុលាការកោះហៅលោក ជា មន្នី ឲ្យឆ្លើយបំភ្លឺជុំវិញបណ្តឹងញុះញង់

សាលាដំបូងរាជធានីភ្នំពេញ បាន​ចេញ​ដីកា​កោះហៅអតីតប្រធានសហជីព លោក ជា មុន្នី ឲ្យចូលទៅបំភ្លឺនៅតុលាការជុំវិញសំណុំរឿងដែលសហជីពក្រុម​ផ្សេង​ទៀត​ បាន​ប្តឹងពីបទញុះញង់។

កាលពីចុងឆ្នាំ២០១៧ លោកមេធាវី ដារ៉ា សុបញ្ញា និងលោក កេតុ សុណ្ណឌី ដែលអះអាងថា តំណាងឲ្យសហជីពចំនួន ១២០ស្ថាប័ន បានប្តឹងលោក ជា មន្នី ដោយចោទថា បាន​ញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា។

ក្នុងដីកាកោះចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ តំណាងអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅ លោក ជា មុន្នី ឲ្យចូលបំភ្លឺក្នុងនាមជនសង្ស័យនៅព្រឹកថ្ងៃទី២២ ខែមករាខាងមុខនេះ។

វិអូឌីមិនអាច​សុំការឆ្លើយតបពីលោក ជា មន្នី បានទេជុំវិញរឿងនេះ។ ប៉ុន្តែ កាលពីចុងឆ្នាំ២០១៧ លោក ជា មុន្នី ប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ថា លោកមិនខ្វល់ទៅនឹងការប្តឹងនោះឡើយ។

ក្រុមមេធាវីដែលអះអាងថា តំណាងឲ្យសហជីពចំនួន ១២០ស្ថាប័នដែលបានដាក់ពាក្យប្តឹងលោក ជា មុន្នី នោះ បានចូលបំភ្លឺនៅតុលាការនៅថ្ងៃទី​នេះ ដើម្បីការពារបណ្តឹងរបស់ខ្លួន។

ជា​តំណាងមេធាវីម្នាក់ លោក កេតុ សុវណ្ណឌី ឲ្យដឹងថា តុលាការបានសួរនាំពួកគាត់អំពីអង្គហេតុ និងអង្គច្បាប់​នានា ជុំវិញពាក្យបណ្តឹងដែលបានប្តឹងលោក ជា មុន្នី។

លោកបន្ថែមថា៖ «យើងបានសំណូមពរទៅតុលាការឲ្យផ្តន្ទាទោសលោក ជា មុន្នី តាមច្បាប់ និងសំណូមពរនូវ​សំណងជំងឺចិត្តនៅចំពោះមុខ និងពេលបច្ចុប្បន្ននេះ ១លានដុល្លារ និងសុំឲ្យគាត់ហ្នឹង ទទួលខុសត្រូវចំពោះទង្វើ​របស់គាត់ដែលមានជាក់ស្តែងនៅពេលអនាគត ពីព្រោះ អាហ្នឹងយើងអត់ទាន់អាចមើលឃើញទេ»។

ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ករណីសហជីពមួយក្រុមដែលលោកថា ជា​សហជីពគាំទ្ររដ្ឋាបាលប្តឹងលោក ជា មន្នី នោះ គឺមិនត្រឹមត្រូវឡើយ ដោយថា ការនិយាយរបស់អតីតប្រធានសហជីពសេរីកម្មកររូបនោះ មិនមានឥទ្ធិអ្វីធ្វើឲ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាទេ ហើយថា ករណីសហជីពទាំងនោះប្តឹងលោក ជា មុន្នី អាចមានចេតនាផ្សេង។

លោកបន្ថែមថា៖ «ព្រោះពាណិជ្ជកម្មនីមួយៗ ការដាក់មក គេមានហេតុផល ការដកទៅវិញ គេមានហេតុផលរបស់គេ ច្បាស់លាស់ណាស់។ អញ្ចឹងមកដល់ពេលនេះ យើងដឹងហើយថា ទោះបីមានសម្ពាធរឿងនយោបាយធ្វើឲ្យ​សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកមានឥទ្ធិពលយ៉ាងណាក៏ដោយ គឺដំណើរការ​ពាណិជ្ជកម្មហ្នឹងនៅប្រក្រតីដដែល។ អញ្ចឹង សម្តីលោក ជា មុន្នី គ្មានឥទ្ធិពលអីទេ។ អញ្ចឹងខ្ញុំគិតរឿងសហជីពគាំទ្ររដ្ឋាភិបាលប្តឹងគាត់ ជារឿងចម្លែកដែរ»។

លោក ជា មុន្នី ត្រូវបានក្រុមសហជីព ដែលគេមើលឃើញថា មានទំនោរគាំទ្ររដ្ឋាភិបាលប្តឹង ដោយចោទពីបទញុះញង់ បន្ទាប់ពីលោក បានធ្វើបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីកាលពីឆ្នាំ២០១៧ ដែលសហជីពទាំងនោះថា បានអំពាវនាវឲ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាក្រោយរំលាយបក្សប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ