រដ្ឋាភិបាល​ចល័ត​ទ័ព​នៅ​យប់​នេះ តែ​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ភ្ញាក់​ផ្អើល

កម្លាំងប្រដាប់អាវុធចល័តក្បែរគណបក្សសង្គ្រោះជាតិកាលពីពេលកន្លង (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

រដ្ឋាភិបាល បានប្រកាស​ថា កង​ទ័ពនិង​សម្ភារៈ​យោធា​​មួយ​ចំនួន នឹង​ត្រូវ​បាន​ចល័ត​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​មួយ​ចំនួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​យប់​នេះ ដោយ​ថា កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ភ្ញាក់​ផ្អើល។

អភិបាល​សាលា​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា កង​ពល​តូច​ថ្មើរ​ជើង​លេខ ៧០ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ និង​កង​កម្លាំង​អង្គរក្ស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ត្រូវ​បាន​ចល័ត​ចេញ​ពី​បន្ទាយ​នៅ​ផ្លូវ​ជាតិ​លេខ៣ និង​បញ្ជាការដ្ឋាន​នៅ​ក្រុង​តាខ្មៅ នៅ​ម៉ោង ១២​កន្លះ​យប់ និង​ម៉ោង ១​យប់ ថ្ងៃ​ទី​១០ ខែ​មករា​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​​ដដែល​នោះ កង​ពល​តូច​ថ្មើរ​ជើង​លេខ ៧០ នឹង​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ផ្លូវ​ជាតិ​លេខ ៣ ឆ្លង​កាត់​តាម​ផ្លូវ​វេងស្រេង ​បត់​ទៅ​មហាវិថី​ ម៉ៅ សេទុង និង​​ធ្វើ​ដំណើរ​តាម​មហា​វិថី​សុធារស មុន​នឹង​ចូល​ទៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ ខណៈ​ដែល​​កង​កម្លាំង​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស នឹង​ត្រូវ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ជាតិ​លេខ ២១ ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ ២ និង​មហាវិថី​នរោត្ដម មុន​នឹង​ចូល​ទៅ​ដល់​មជ្ឈមណ្ឌល​កោះពេជ្រ។

លោក ឃួង ស្រេង បាន​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ នឹង​ត្រូវ​បាន​ដឹក​ជញ្ជូន​នៅ​យប់​នេះ ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ប្រកួត​កីឡា​កង​យោពល​ខេមរ​ភូមិន្ទ នៅ​ថ្ងៃ​ទី១២ខែមករានេះ នៅ​ឯ​មជ្ឈ​មណ្ឌល​កោះពេជ្រ។

អភិបាល​រាជ​ធានី​ភ្នំពេញ​រូប​នេះ បាន​ប្រាប់ទៅ​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​យល់​ច្រឡំ និង​ភ្ញាក់​ផ្អើល​នោះ​ឡើយ ជុំ​វិញ​ការ​ចល័ត​កង​ប្រដាប់​អាវុធ និង​សម្ភារៈ​សឹក​បែប​នេះ។

ទោះ​​​​ជាយ៉ា​ងណា សាលារាជធានីភ្នំពេញ មិនបានបញ្ជាក់​ពី​ចំនួន​កង​កម្លាំង​ប្រដាប់ និង​សម្ភារៈ​យោធា​ ដែល​នឹង​ត្រូវ​បាន​​ដឹក​ជញ្ជូន​សម្រាប់​ចូល​រួម​ក្នុង​កម្មវិធី​នៅ​ថ្ងៃ​ស្អែក​នោះ​ទេ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះថា ការចល័តទ័ពនេះ គ្មាន​ចេ​​​​​ត​នាអ្វីក្រៅពីទៅចូលរួម​កម្មវិធី​កី​ឡា​កងយោធពលខេមរភូមិន្ទនោះទេ ប៉ុន្តែ លោកថា ដូច្នេះហើយ​សាលា​រាជធានី មិន​បញ្ជាក់ពីចំនួន​កងទ័ព​រថយន្ត និង​រថ​ក្រោះ​ដែ​លគេចល័តចេញ​។​

លោកថា៖ «មែនទែនទៅ មិនមែនជាការចល័តទ័ពអីធំដុំទេ។ គេហៅថា ចល័តគ្រឿងយុទ្ធភណ្ឌ មានដូចជាសម្ភារៈទ័ព ឬក៏រថយន្តប​ម្រើ​ការ​ងារទ័ព ឬក៏រថក្រោះដាក់តាំងបង្ហាញទេ»។

​អនុប្រធាន​ប្រតិបត្តិ​នៃ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​កងទ័ព ​លោក ជាតិ ប៉ូ​លីន ត្រូវ​បាន​ដក​ស្រង់​សម្ដីដោយ​កាសែត​ក្នុង​ស្រុក​ ដែល​និយាយ​ថា ការប្រកួត​កីឡា​កងទ័ព​ឆ្នាំនេះ មាន​ភាពខុសប្លែក​ពី​ឆ្នាំមុន ដោយសារ​មានការ​បង្កើត​ព្រៃ​សិប្បនិម្មិត​ជា​ទ្រង់​ទ្រា​យ​ស​មរភូមិ​ប្រយុទ្ធ សម្រាប់​កងទ័ពជើងគោក និង​ជើង​ទឹក ​ការតាំង​បង្ហាញ​សព្វាវុធ​ទំនើបៗ និង​សម្ភារៈ​ដែល​បម្រើ​ឲ្យ​ការ​ងារ​កងទ័ព​​នា​​ពេល​បច្ចុប្បន្ន​ទៀតផង​។ លោកថា កម្មវិធីនេះ ធ្វើឡើងរយៈ​ពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១២ ដល់ថ្ងៃទី១៤ ខែ​មករា​នេះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា មើល​ឃើញ​ថា ការ​ចល័ត​កម្លាំង​ទ័ព និង​សម្ភារៈ​សឹក​បែប​នេះ កើត​ឡើង​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​នេះ និង​អ្វី​ដែល​រដ្ឋាភិបាល​ចោទ​ថា «បដិវត្ដន៍​ពណ៌»។

អ្នក​វិភាគ​នយោបាយ​រូប​នេះ យល់​ថា នេះអាចជារូបភាពគំរាមលើ​អ្នកដែលមាននិន្នាមិនគាំទ្រ​រដ្ឋាភិបាលច្រើនជាង​បង្ហាញសាច់ដុំ​ដើម្បីការពារបូរណភាពទឹកដី។

លោកថា៖ «ចំនុចទី៣ ខ្ញុំហាក់បីដូចជាមើលមិនឃើញពីការបង្ហាញសាច់ដុំដើម្បីតទល់ ឬក៏បង្ហាញទៅប្រទេស​ជិតខាងរបស់​កម្ពុជាទេ។ ប្រសិនបើចង់បង្ហាញសាច់ដុំដាក់ប្រទេសជិតខាងមែន គួរតែធ្វើសមយុទ្ធយោធា​នៅតាមព្រំប្រទល់ដែន ឬ​ក៏តំបន់ណាមួ​យនៅឆ្ងា​យពីទី​ក្រុងប្រសើរជាង ហើយការធ្វើបែបនេះនៅប្រទេសជឿនលឿន គេច្រើនធ្វើនៅជិតមូលដ្ឋានកងទ័ព ឆ្ងាយពីកន្លែ​ងដែ​លព​លរដ្ឋរស់នៅ»។

កាលពីឆ្នាំមុន ក្រសួងការពារជាតិបានរៀបចំ​កម្មវិធី​កីឡា​កង​ទ័ព​ម្តងរួច​ហើយ ដែលកម្មវិធីពេលនោះ មាន​កងទ័ពជើងគោក និង​ជើអាកាសចូលរួម និងមាន​តាំងពិពណ៌នូវអាវុធយុទ្ធភណ្ឌ រថយន្ត រថក្រោះ​មួយចំនួនជាតិដើម និងមានការប្រគុំត​​ន្ត្រីផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ