ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានផ្ដល់កម្ចីដល់កម្ពុជាជាទឹកប្រាក់ ៧០លានដុល្លារអាមេរិក ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តចំនួន៣។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាលពីថ្ងៃចន្ទម្សិលមិញ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់កម្ចីជាទឹកប្រាក់ ៧០ដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អផ្លូវប្រវែង ១៤៧គីឡូម៉ែត្រ ស្ថិតក្នុងខេត្តព្រៃវែង ស្វាយរៀង និងសៀមរាប។ នេះយោងតាមសេចក្ដីប្រកាសពត៌មានចេញផ្សាយនៅថ្ងៃនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានយល់ព្រមលើគម្រោងចំនួន ២ផ្សេងទៀតផងដែរ ដូចជា គម្រោងផ្គត់ផ្គង់ទឹក និងអនាម័យខេត្ត ដែលមានទំហំកម្ចី ៥០លានដុល្លារ និងបំពេញបន្ថែមដោយជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុនទំហំ ១០លានដុល្លារ កម្ចីទំហំ ៤៣.៥លានដុល្លារពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងជំនួយឥតសំណងទំហំ ៥.០៩លានដុល្លារពីកម្មវិធីវិនិយោគអាស៊ីនៃសហភាពអឺរ៉ុប សម្រាប់សម្អាតទឹកស្អុយ និងតភ្ជាប់បណ្ដាញទឹក និងប្រព័ន្ធលូ នៅខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងក្រុងព្រះសីហនុ។
ចំណែកគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច ដែលមានទឹកប្រាក់កម្ចី ៥០លានដុល្លារ ក៏ត្រូវបានផ្ដល់ឲ្យកម្ពុជាផងដែរ ដើម្បីបង្កើនផលិតភាពកសិកម្ម និងសកម្មភាពសេដ្ឋកិច្ចនៅជុំវិញបឹងទន្លេសាប៕