ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសអំពើពុករលួយទ្រង់ទ្រាយធំនៅវៀតណាមកំពុងតែមានការចាប់អារម្មណ៍ពីមហាជន ខណៈមនុស្សចំនួន២២នាក់កំពុងតែស្ថិតនៅក្នុងការឃុំខ្លួននិងកាត់ទោស ក្នុងនោះក៏មានសមាជិកគណបក្សកុម្មុយនីសផងដែរ។
ក្នុងចំណោម២២នាក់នោះ រួមមានទាំងលោក Dinh La Thang អាយុ៥៧ឆ្នាំ ជាអតីតប្រធានក្រុមហ៊ុនប្រេងយ៉ាងធំរបស់រដ្ឋឈ្មោះ Petro Vietnam ហើយក៏ជាសមាជិកគណបក្សកុម្មុយនីសដែលមានឥទ្ធិពល និង ម្នាក់ទៀតលោក Trinh Xuan Thanh អាយុ៥១ឆ្នាំ ជាអ្នកនយោបាយជាន់ខ្ពស់ ហើយក៏ជាអ្នកជំនួញល្បីឈ្មោះមួយរូប។ នេះបើតាមសារព័ត៌មានABC។
លោក Dinh La Thang រងការចោទថា បានធ្វើសកម្មភាពឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដោយសារយកឈ្មោះរបស់លោកក្នុងនាមជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រេង ចុះហត្ថលេខាក្នុងការប្រគល់សិទ្ធិឲ្យក្រុមហ៊ុនកសាងអគារដោយមិនដេញថ្លៃត្រឹមត្រូវ។
លោក Thang ស្ថិតនៅក្នុងការចោទប្រកាន់ទៀតថា បានប្រើប្រាស់លុយក្នុងគម្រោងមិនបានត្រឹមត្រូវក្នុងចំ ណោម៦៧លានដុល្លារ គឺខ្ចះខ្ចាយបណ្តាលឲ្យបាត់អស់៥,៥លានដុល្លារ។ នៅវៀតណាមនេះជាករណីដំបូងហើយដែលតុលាការកាត់ទោសសមាជិកការិយាល័យនយោបាយនៃគណបក្សកុម្មុយនីស្ត ហើយមន្ត្រីរូបនេះប្រឈមជាប់ពន្ធនាគារ២០ឆ្នាំ។
ចំណែក លោក Trinh Xuan Thanh ពាក់ព័ន្ធនឹងការបន្លំយកប្រាក់នៅក្នុងតំណែងចំនួន១៨៦ ០០០ដុល្លារ ។ ករណីនេះ លោក Thanh អាចនឹងត្រូវកាត់ទោសប្រកាសជីវិត។
នៅក្នុងដំណើរការកាត់ទោសមន្ត្រីដែលរងការចោទថា ប្រព្រឹត្តអំពើពុករលួយទាំងជាង២០នាក់នៅដើមសប្តាហ៍នេះ នៅតុលាការក្នុងទីក្រុងហាណូយ មានការរឹតបន្តឹងសន្តិសុខខ្លាំង ហើយប្រជាពលរដ្ឋក៏ឈរនៅខាងមុខតុលាការនោះដែរ។ ក្នុងបន្ទប់សវនាការមិនអនុញ្ញាតឲ្យអ្នកព័ត៌មានចូលទេ តែមន្ត្រីការទូតមួយចំនួនអនុញ្ញាតឲ្យចូលតាមដាន។